Alynana Media Cambodia
Icon Collap
clinic narit

អាមេរិក និងប្រទេសជាច្រើនទៀត នឹងចូលរួមប្រតិបត្តិការចម្រុះជាតិ​ប្រឆាំងការវាយប្រហារ​នាវាពាណិជ្ជកម្មនៅសមុទ្រក្រហម

Admin Alynana | Dec 19, 2023
អាមេរិក និងប្រទេសជាច្រើនទៀត នឹងចូលរួមប្រតិបត្តិការចម្រុះជាតិ​ប្រឆាំងការវាយប្រហារ​នាវាពាណិជ្ជកម្មនៅសមុទ្រក្រហម
Clinic narith

សហរដ្ឋអាមេរិក កាណាដា និងប្រទេសមួយចំនួនទៀត កំពុងបង្កើត​កងកម្លាំង​ថ្មី​មួយ​ដើម្បី​ការពារ​នា​វា​ឆ្លង​កាត់សមុទ្រក្រហម ដែលរងការវាយប្រហារដោយយានដ្រូន និងមីស៊ីល​បាលិស្ទិក​ដែល​ត្រូវ​​បាន​បាញ់ចេញពីតំបន់ដែលគ្រប់គ្រងដោយក្រុមឧទ្ទាមហ៊ូធី (Houthi) នៃប្រទេសយេម៉ែន នេះ​បើយោងតាមរដ្ឋមន្រ្តីការពារជាតិអាមេរិក លោក ឡយដ៍ អស្ទីន (Lloyd Austin) បាន​ប្រកាស​នៅ​ព្រឹកថ្ងៃអង្គារ (១៩ ធ្នូ) នេះនៅប្រទេសបារ៉ែន។

ភាពធ្ងន់ធ្ងរនៃការវាយប្រហារ ដែលភាគច្រើនបានធ្វើឱ្យខូចខាតដល់នាវា បាននាំឱ្យ​ក្រុមហ៊ុន​ដឹក​ជញ្ជូន​ជា​ច្រើន បញ្ជាឱ្យនាវារបស់ពួកគេឈប់នៅនឹងកន្លែង និងមិនចូលទៅក្នុងច្រកសមុទ្រ បាប អេលម៉ានដេប (Bab el-Mandeb) នោះ​ទេ​រហូត​ដល់​ស្ថានភាព​សន្តិសុខ​អាច​ត្រូវ​បា​​ន​ដោះ​ស្រាយ​។

លោក អស្ទីន បានប្រកាសថា ចក្រភពអង់គ្លេស បារ៉ែន កាណាដា បារាំង អ៊ីតាលី ហូឡង់ ន័រវែស ប្រជុំ​កោះសីស្ហែល និងអេស៉្បាញ នឹងចូលរួមជាមួយសហរដ្ឋអាមេរិក ក្នុងបេសកកម្មថ្មីនេះ។ ប្រភព​រដ្ឋាភិបាលមួយបានប្រាប់សារព័ត៌មាន CBC ថា កាណាដា នឹងមិន​បញ្ជូន​នាវា​ទៅ​ចូល​រួម​នេះទេ​ប៉ុន្តែនឹង​បញ្ជូន​បុគ្គលិក​កង​កម្លាំង​មួយ​ចំនួ​ន​ទៅ​កាន់​ប្រតិបត្តិការ​កង​កម្លាំង​អន្តរជាតិ​មួយ​នេះ​។ បេសកកម្មនេះ​នឹ​ង​ត្រូវ​បាន​សម្រប​សម្រួល​ដោយ​ក្រុមការងារ​ចម្រុះ​ដែល​មាន​ស្រាប់​លេខ​១៥៣ ​ដែលត្រូវបានបង្កើតឡើងក្នុងខែមេសា ឆ្នាំ២០២២ ដើម្បីកែលម្អសន្តិសុខដែនសមុទ្រ។

សកម្មភាពក្នុងការរៀបចំប្រតិបត្តិការពង្រីកនេះ បានកើត​ឡើង​បន្ទាប់​ពី​នាវា​ពាណិជ្ជកម្ម​ចំនួន​បី​ត្រូវ​បាន​វាយប្រហារដោយមីស៊ីលបាញ់ដោយក្រុមឧទ្ទាមហ៊ូធី ដែលគាំទ្រដោយអ៊ីរ៉ង់ នៅ​ប្រទេស​យេម៉ែន កាលពីថ្ងៃទី០៣ ខែធ្នូ។ ការ​វាយ​ប្រហារ​ទាំង​នោះ​គឺ​ជា​ផ្នែក​នៃ​យុទ្ធនាការ​កើន​ឡើង​នៃ​អំពើ​ហិង្សា​ដែលរួមបញ្ចូលទាំងការវាយប្រហារប្រដាប់អាវុធ និងយានដ្រូន​ផ្សេង​ទៀត​នៅ​ក្នុង​ទិស​ដៅ​របស់​នាវាចម្បាំងអាមេរិក៕