Alynana Media Cambodia
Icon Collap
clinic narit

រដ្ឋាភិបាលចិន ខិតខំពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាលើវិស័យអប់រំ និងបច្ចេកវិទ្យាបន្ថែមទៀត

Admin Alynana | Dec 20, 2023
រដ្ឋាភិបាលចិន ខិតខំពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាលើវិស័យអប់រំ និងបច្ចេកវិទ្យាបន្ថែមទៀត
Clinic narith

ភ្នំពេញ៖ សាកលវិទ្យាល័យបច្ចេកវិទ្យា និងវិទ្យាសាស្ត្រកម្ពុជា (ខេមតិច) ដែលជាគ្រឹះស្ថានឧត្តមសិក្សាបង្កើតឡើងដោយ សមាគមសម្ព័ន្ធខ្មែរ-ចិននៅកម្ពុជា នៅព្រឹកថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៣នេះ បានប្រារព្ធពិធីសម្ពោធជាផ្លូវការ ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងឯកឧត្តមបណ្ឌិត WU YAN អនុរដ្ឋមន្ត្រីក្រសួងអប់រំ នៃសាធារណរដ្ឋប្រជាមានិតចិន។

ពិធីសម្ពោធជាផ្លូវការនេះ មិនត្រឹមតែជានិមិត្តរូបនៃវឌ្ឍនភាព និងកិច្ចសហការក្នុងវិស័យអប់រំឧត្តមសិក្សាប៉ុណ្ណោះទេ ប៉ុន្តែជាការបង្ហាញឲ្យឃើញនូវកិច្ចខិតខំប្រឹងប្រែងរួមគ្នារវាងកម្ពុជា និងចិនដើម្បីធានាបាននូវសុខុមាលភាព និងវិបុលភាពរបស់ប្រជាជនប្រទេសទាំងពីរ ក៏ដូចជាកសាងអនាគតសម្រាប់តំបន់អាស៊ីប៉ាស៊ីហ្វិកទាំងមូលផងដែរ។ 

សាកលវិទ្យាល័យបច្ចេកវិទ្យា និងវិទ្យាសាស្ត្រកម្ពុជា (ខេមតិច) ធ្វើការបណ្តុះបណ្តាលថ្នាក់បរិញ្ញាបត្រ បិរញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតជាភាសាអង់គ្លេសលើមុខជំនាញដែលទាក់ទងនឹងវិទ្យាសាស្រ្ត និងបច្ចេកវិទ្យាទំនើបចុងក្រោយដូចជាបញ្ញាសប្បនិម្មិត វិទ្យាសាស្រ្តទិន្នន័យ សន្តិសុខប្រព័ន្ធអ៊ិនធឺណិត វិស្វកម្មរ៉ូបូត ការអភិវឌ្ឍសូហ្វវែរ ការគ្រប់គ្រងតិចណូឡូជី និងស្ថាបត្យកម្មដោយប្រព័ន្ធទំនើបដូចជា Virtual Reality ជាដើម។ ជាមួយគ្នានេះដែរ ថ្នាក់ភាសាចិន ក៏ត្រូវបានបញ្ជូលក្នុងកម្មវិធីសិក្សាផងដែរ ដើម្បីឱ្យនិស្សិតខេមតិច មានចំណេះដឹងជាលក្ខណៈសាកលលើវិស័យសំខាន់ៗដូចជាការធ្វើពាណិជ្ជកម្មអន្តរជាតិ ទំនាក់ទំនងការងារក្រៅប្រទេស ការចរចារ និងការទូតជាដើម។ 

សាកលវិទ្យាល័យខេមតិច បានធ្វើការយ៉ាងជិតស្និទ្ធជាមួយនឹងដៃគូក្នុងវិស័យឯកជនជាច្រើន ដែលសុទ្ធសឹងតែជាឧស្សាហកម្ម និងក្រុមហ៊ុនធំៗទាំងនៅក្នុងស្រុកនិងក្រៅប្រទេស ដោយផ្តោតសំខាន់លើវិធីសាស្រ្តសិក្សាតាមបែបផ្តល់ដំណោះស្រាយបញ្ហាដល់វិស័យឯកជន និងគម្រោងស្រាវជ្រាវ និងអភិវឌ្ឍ។ ក្នុងន័យនេះដែរ សាកលវិទ្យាល័យខេមតិច ក៏សង្កត់ធ្ងន់លើនវានុវត្តន៍តិចណូឡូជីថ្មីៗប្រកបដោយចីរភាព និងទិសដៅនៃការអភិវឌ្ឍបច្ចេកវិទ្យារបស់សាកលលោក។ ក្នុងនាមជាសមាជិកពេញលេញ និងអចិន្រ្តៃយ៍នៃ Sustainable Development Solution Network របស់អង្គការសហប្រជាជាតិ ខេមតិចជាសាកលវិទ្យាល័យ ដែលបានបន្តអនុវត្តកម្មវិធីសិក្សា សកម្មភាព និងគំនិតផ្តួចផ្តើមរបស់ខ្លួនផ្នែកវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាកម្រិតអន្តរជាតិ ជាមួយនឹងចក្ខុវិស័យ ដើម្បីបណ្តុះបណ្តាលអ្នកដឹកនាំជំនាន់ថ្មី។ និស្សិតដែលបញ្ចប់ការសិក្សាពីខេមតិច នឹងដើរតួនាទីជាកត្តាលិករ និងសក្ខីភាពមួយនៃវឌ្ឍនភាពផ្នែកវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងការអភិវឌ្ឍប្រកបដោយចីរភាពរបស់ប្រទេសកម្ពុជា។

សូមបញ្ជាក់ដែរថា ទំនាក់ទំនងរវាងកម្ពុជា និងចិន លើវិស័យសំខាន់ៗដូចជាវប្បធម៌ ពាណិជ្ជកម្ម និងការអប់រំ គឺជាទំនាក់ទំនងមានលក្ខណៈជាប្រវត្តិសាស្រ្ត ហើយបានកើតឡើងតាំងតែសម័យនគរភ្នំមកម្លេះ៕