Alynana Media Cambodia
Icon Collap
clinic narit

ប៉ូលិសនៅក្នុងប្រទេសវៀតណាម បានចាប់ឃុំខ្លួនអនុរដ្ឋមន្ត្រីពាណិជ្ជកម្មម្នាក់ ក្នុងសំណុំរឿងពុករលួយ

Media LNN | Dec 22, 2023
ប៉ូលិសនៅក្នុងប្រទេសវៀតណាម បានចាប់ឃុំខ្លួនអនុរដ្ឋមន្ត្រីពាណិជ្ជកម្មម្នាក់ ក្នុងសំណុំរឿងពុករលួយ
Clinic narith

(ហាណូយ)៖ ប៉ូលិសនៅក្នុងប្រទេសវៀតណាម បានចាប់ឃុំខ្លួនអនុរដ្ឋមន្ត្រីឧស្សាហកម្ម និងពាណិជ្ជកម្មម្នាក់ដែលរងការចោទប្រកាន់ថាបាន ទទួលសំណូក ដែលនេះគឺជាការចាប់ខ្លួនមន្ត្រីជាន់ខ្ពស់ចុងក្រោយបំផុត នៅក្នុងយុទ្ធនាការបោសសម្អាតអំពើពុករលួយជាច្រើនឆ្នាំមកនេះរបស់ គណបក្សកុម្មុយនិស្ដវៀតណាម។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

នៅក្នុងសេចក្ដីថ្លែងការណ៍ចេញផ្សាយកាលពីថ្ងៃព្រហស្បតិ៍ ទី២១ ខែធ្នូ ប៉ូលិសមកពីក្រសួងសន្តិសុខសាធារណៈវៀតណាម បានឱ្យដឹងថាលោក Do Thang Hai មានអាយុ៦០ឆ្នាំ កំពុងស្ថិតនៅក្រោមការស៊ើបអង្កេតពាក់ព័ន្ធនឹងការចោទប្រកាន់ថារូបលោកបានទទួលសំណូកពីក្រុមហ៊ុនប្រេង មួយនៅភាគខាងត្បូងប្រទេសវៀតណាម។ ក្នុងការស៊ើបអង្កេតនេះ ផ្ទះ និងការិយាល័យរបស់លោក Hai ក៏ត្រូវបានប៉ូលិស​ចុះឆែកឆេរផងដែរ។

គួរបញ្ជាក់ថា ការចាប់ខ្លួនលោក Do Thang Hai ធ្វើឡើងក្រោមក្របខណ្ឌនៃការស៊ើបអង្កេតជុំវិញការទទួលសំណូក និងកិបកេងធនធានរបស់រដ្ឋ ក្នុងសំណុំរឿងពាក់ព័ន្ធនឹងក្រុមហ៊ុនប្រេង Xuyen Viet Oil Travel and Transport Trading Company ហើយកាលពីប៉ុន្មានសប្ដាហ៍ថ្មីៗនេះ ប៉ូលិសវៀតណាមក៏បានចាប់ខ្លួនមនុស្ស ៤នាក់ផ្សេងទៀតក្នុងសំណុំរឿងពុករលួយនេះដែរ។ លោក Do Thang Hai បានកាន់តំណែងជា អនុរដ្ឋមន្ត្រីចាប់តាំងពីឆ្នាំ២០១៤មក ដោយទទួលខុសត្រូវលើវិស័យជាច្រើនដូចជាទីផ្សារក្នុងស្រុក ការលើកកម្ពស់ពាណិជ្ជកម្ម ការផលិត និងកិច្ចសហប្រតិបត្តិការអន្តរជាតិ ហើយលោកក៏ធ្លាប់កាន់តំណែងជាអ្នកនាំពាក្យក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មវៀតណាមផងដែរ។

លោក Do Thang Hai គឺជាមន្ត្រីម្នាក់នៅក្នុងចំណោមមន្ត្រីវៀតណាមរាប់រយនាក់ ដែលត្រូវបានស៊ើបអង្កេតក្នុងសំណុំរឿងពុករលួយ ដែលបានបង្ខំ ឱ្យមន្ត្រីកំពូលមួយចំនួនលាលែងចេញពីតំណែង ក្នុងនោះរួមមានទាំងអតីតប្រធានាធិបតី និងនាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc ព្រមទាំងឧបនាយករដ្ឋមន្ត្រី២រូបទៀត៕