Alynana Media Cambodia
Icon Collap
clinic narit

នាយខណ្ឌរដ្ឋបាលជលផលខេត្តកំពត អំពាវនាវប្រជានេសាទ ចូលរួមថែរក្សាការពារសត្វផ្សោតសមុទ្រ

Media LNN | Dec 23, 2023
នាយខណ្ឌរដ្ឋបាលជលផលខេត្តកំពត អំពាវនាវប្រជានេសាទ ចូលរួមថែរក្សាការពារសត្វផ្សោតសមុទ្រ
Clinic narith

 

(កំពត)៖ លោក ស សូរិន នាយខណ្ឌរដ្ឋបាលជលផលខេត្តកំពត បានអំពាវនាវបងប្អូនប្រជានេសាទ និងអ្នកពាក់ព័ន្ធទាំងអស់ សូមចូលរួមថែរក្សាការពារប្រភេទសត្វផ្សោតសមុទ្រទាំងអស់គ្នា ក្រោយមន្រ្តីរដ្ឋបាលជលផល សហការជាមួយអង្គការអភិរក្សសមុទ្រកម្ពុជា (MCC) បានអង្កេតស្រាវជ្រាវរកឃើញសត្វផ្សោត ក្នុងដែនសមុទ្រខេត្តកំពតជាង៨០ក្បាល។

លោក ស សូរិន បានប្រាប់ថា ខណ្ឌរដ្ឋបាលជលផលកំពត សហការជាមួយអង្គការអភិរក្សសមុទ្រកម្ពុជា (MCC) បានធ្វើការសិក្សាស្រាវជ្រាវប្រភេទថនិកសត្វសមុទ្រ (ផ្សោត) ឆ្នាំ២០២២ និង២០២៣ នៅខេត្តកំពត តាមការអង្កេតហ្វូងសត្វផ្សោតសមុទ្រ ពេលពួកវាងើបឡើង ជាលទ្ធផលបឋមឃើញថា៖

*ទី១៖ ប្រភេទសត្វផ្សោតឃ្លាច (ពណ៌ផ្កាឈូក) មានប្រមាណ១៥ ទៅ ២០ក្បាលបន្ថែមទៀត សរុប ប្រមាណ ៤០ទៅ៤៦ក្បាល
*ទី២៖ ប្រភេទផ្សោតក្បាលត្រឡោកមានប្រមាណ ៣០ទៅ៤០ក្បាល។

លោក ស សូរិន បានបញ្ជាក់ថា មន្រ្តីជំនាញបានសហការគ្នាចាប់ផ្ដើមសិក្សាស្រាវជ្រាវ ដើម្បីកំណត់ប្រភេទចំនួន ឬក៏ក្រុម ព្រោះសត្វផ្សោតវារស់នៅមានគ្រួសារ វាមានជាក្រុមៗ។ ការសិក្សាស្រាវជ្រាវពីចុងឆ្នាំ២០២២ រហូតដល់ ពេញមួយឆ្នាំ២០២៣ បានធ្វើនៅដែនសមុទ្រនៃសង្កាត់ព្រែកត្នោត ក្រុងបូកគោ ខេត្តកំពត រួមមាន៖

*សហគមន៍ចង្ហោន
*សហគមន៍ព្រែកត្នោត
*សហគមន៍ត្រពាំងរពៅ។

លោកថា «វត្តមានសត្វផ្សោតទាំងនេះ យើងសិក្សាស្រាវជ្រាវប្រទះឃើញ នៅដែនសមុទ្រក្នុងសង្កាត់ព្រែកត្នោត ក្រុងបូកគោនេះឯង»។

លោក ស សូរិន បន្តទៀតថា បច្ចុប្បន្នក្រុមការងារពាក់ព័ន្ធ កំពុងស្រាវជ្រាវ និងសិក្សាកំណត់អត្តសញ្ញាណបន្តទៀត។ ផែនការបន្តក្នុងឆ្នាំ២០២៤ ក្រុមការងារស្រាវជ្រាវគ្រោងប្រើប្រាស់ឧបករណ៍ចាប់សំឡេង ហ្វូងត្រីផ្សោត ដើម្បីកំណត់អត្តសញ្ញាណ និងចំនួនឲ្យបានច្បាស់លាស់ថែមទៀត៕