នាវាពិឃាតរបស់អាមេរិក បានស្ទាក់ចាប់យានដ្រូនចំនួន ៤គ្រឿងដែលត្រូវបានបាញ់ដោយក្រុមសកម្មប្រយុទ្ធហ៊ូទី (Houthi) ចូលទៅក្នុងផ្លូវដឹកជញ្ជូនដ៏មមាញឹកនៃសមុទ្រក្រហម ខណៈកំណើនវិបត្តិដ៏ស៊ីជម្រៅនៅផ្លូវទឹកនេះ បានមើលឃើញនាវាពាណិជ្ជកម្មចំនួនពីរគ្រឿងបានរងការវាយប្រហារក្នុងថ្ងៃដ៏វឹកវរមួយ។
នៅក្នុងសេចក្តីថ្លែងការណ៍មួយដែលបានចេញផ្សាយកាលពីថ្ងៃអាទិត្យ (២៤ ធ្នូ) ទីបញ្ជាការកណ្តាលរបស់សហរដ្ឋអាមេរិកបាននិយាយថា កងទ័ពជើងទឹករបស់ខ្លួន «បានបាញ់ទម្លាក់យានដ្រូនចំនួន ៤គ្រឿងដែលមានប្រភពមកពីតំបន់គ្រប់គ្រងដោយពួក ហ៊ូទី ក្នុងប្រទេសយេម៉ែន ដែលធ្វើដំណើរទៅកាន់នាវាពិឃាត យ៉ូអេសអេស ឡាប៊ុន (USS Laboon)» កាលពីមួយថ្ងៃមុន។
នាវាពិឃាតរបស់អាមេរិក មួយគ្រឿងនេះបាននឹងកំពុងល្បាតក្នុងតំបន់ដែលជាផ្នែកមួយនៃប្រតិបត្តិការការពារភាពរុងរឿង ដែលជាបេសកកម្មដឹកនាំដោយទីក្រុងវ៉ាស៊ីនតោន ដើម្បីទប់ស្កាត់អំពើហឹង្សាដែលធ្លាយចូលទៅក្នុងផ្លូវទឹកយុទ្ធសាស្ត្រ។
កាលពីថ្ងៃសៅរ៍ មន្ទីរបញ្ចកោណបានប្រកាសថា នាវាដឹកប្រេងគីមីមួយគ្រឿង ដែលជាកម្មសិទ្ធិរបស់ជប៉ុន ត្រូវបានវាយប្រហារដោយយានដ្រូននៅក្នុងមហាសមុទ្រឥណ្ឌា ដោយបញ្ជាក់ថា ការវាយប្រហារនេះត្រូវបានធ្វើឡើងពីប្រទេសអ៊ីរ៉ង់ ហើយវាត្រូវបានគេជឿថាជាលើកដំបូងហើយដែលសហរដ្ឋអាមេរិក បានចោទប្រកាន់អ៊ីរ៉ង់ ដោយផ្ទាល់ពីការដាក់គោលដៅលើនាវាដឹកជញ្ជូនពាណិជ្ជកម្មចាប់តាំងពីវិបត្តិបានចាប់ផ្តើមមក៕