(ភ្នំពេញ)៖ គម្រោងអភិវឌ្ឍន៍ផ្លូវរថភ្លើងធុនស្រាល តភ្ជាប់ពីអាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ ឆ្ពោះទៅក្រុងសៀមរាប ត្រូវបានគណៈកម្មការអន្តរក្រសួងលើកយកមកប្រជុំពិភាក្សាជាមួយក្រុមហ៊ុន China Metro Group ។
តាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចធិបតី ហ៊ិន ម៉ាណែត ដើម្បីជាការឆ្លើយតបទៅនឹងកំណើន នៃភ្ញៀវទេសចរ និងសេវាកម្មដឹកជញ្ជូននានា ខណៈដែលអាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ បានចាប់ផ្តើមប្រតិបត្តិការរបស់ខ្លួនជាផ្លូវការតាំងពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៣ គម្រោងអភិវឌ្ឍន៍ផ្លូវរថភ្លើងធុនស្រាល តភ្ជាប់ពីអាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ ឆ្ពោះទៅក្រុងសៀមរាប ត្រូវបានគណៈកម្មការអន្តរក្រសួងលើកយកមកប្រជុំពិភាក្សាជាមួយក្រុមហ៊ុន China Metro Group នាព្រឹកថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៣ ក្រោមអធិបតីភាពរបស់ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងជាប្រធានគណៈកម្មការអន្តរក្រសួង ដែលកិច្ចប្រជុំនេះបានប្រព្រឹត្តទៅនៅទីស្តីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដោយមានការចូលរួមពី ឯកឧត្តម លោកជំទាវ លោក លោកស្រី ជាអនុប្រធាន សមាជិក សមាជិកាគណៈកម្មការអន្តរក្រសួង និងមន្ត្រីពាក់ព័ន្ធជាច្រើនរូបផ្សេងទៀត។
កិច្ចប្រជុំនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងជំរុញការអនុវត្តគម្រោងអភិវឌ្ឍន៍ផ្លូវរថភ្លើងធុនស្រាល តភ្ជាប់ពីអាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ ឆ្ពោះទៅក្រុងសៀមរាប ដែលមានឈ្មោះថា Urban Light Rail Transit ។ មួយវិញទៀត ការជជែកពិភាក្សាបានយកចិត្តទុកដាក់លើការសិក្សាតម្រាយផ្លូវ សំដៅបញ្ចៀសកុំឱ្យមានការរំខានដោយប្រការណាមួយនៅតំបន់អង្គរ តំបន់ដែលជាបុរាណដ្ឋាន ឬ តំបន់ដែលស្ថិតក្នុងដែនអភិរក្សរបស់អាជ្ញាធរអប្សរា៕