មន្រ្តីជាន់ខ្ពស់នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានដាក់ក្តីរំពឹងថា ក្នុងឆ្នាំ២០២៤នេះ ក្រុមហ៊ុនចិន Yunnan Construction Group នឹងគៀងគរវិនិយោគិននានា មកវិនិយោគ ផ្ទៃដីបម្រុងទុកនៅក្បែរអាកាសយានដ្ឋានអន្តរជាតិអង្គរសៀមរាបទៅជាតំបន់សេដ្ឋកិច្ចពិសេសដ៏មានសក្តានុពលបំផុតក្នុងតំបន់។
ឯកឧត្តម សួន សុផល អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានលើកឡើងបែបនេះ ក្នុងពេលទទួលជួបសម្តែងការគួរសម គណៈប្រតិភូមន្ទីរពាណិជ្ជកម្មខេត្តយុនណាននៃសាធារណរដ្ឋប្រជាមានិតចិន តំណាងដោយ លោក Ma Jun អគ្គនាយករង កាលពីថ្ងៃទី២៩ ខែធ្នូកន្លងទៅ។
យោងតាមសេចក្តីប្រកាសព័ត៌មាន គោលបំណងនៃជំនួបខាងលើនេះ គឺដើម្បីពិភាក្សាអំពីទិសដៅចំពោះមុខសម្រាប់ការងារពាក់ព័ន្ធនឹងការជំរុញ និងទាក់ទាញគម្រោងវិនិយោគមកកម្ពុជា ពិសេសកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចឆ្លងកាត់ព្រំដែនក្រោមក្របខ័ណ្ឌមេគង្គ-ឡានឆាង និងមហាអនុតំបន់មេគង្គ។
ក្នុងកិច្ចពិភាក្សាខាងលើនេះ ឯកឧត្តម សួន សុផល បានបង្ហាញជំនឿចិត្តយ៉ាងមុតមាំថាក្នុងឆ្នាំ ២០២៤ ខាងមុខ តំណាង Yunnan Construction Group នឹងសហការជាមួយដៃគូរបស់ខ្លួនពូនជ្រុំកម្លាំងធ្វើអានុភាវូបនីយកម្មផ្ទៃដីប្រមាណ ១០០០ហិកតា នៅជុំវិញអាកាសយានដ្ឋានអន្តរជាតិខេត្តសៀមរាប ដើម្បីរៀបចំជាតំបន់សេដ្ឋកិច្ចពិសេសសំដៅប្រមូលផ្តុំកម្រងឧស្សាហកម្មលើវិស័យកសិ-ចំណីអាហារមកពីខេត្តយុនណានមកបណ្តាក់ទុនវិនិយោគដើម្បីឆក់ឱកាសបំពេញតម្រូវការទីផ្សារចំណីអាហារក្នុងស្រុក និងតំបន់ដែលកំពុងពោរពេញដោយសក្តានុពល និងថាមវន្ត។
ជាការឆ្លើយតប សមភាគីចិនបានបង្ហាញនូវចំណាប់អារម្មណ៍យ៉ាងក្រៃលែងលើមតិលើកឡើងរបស់ឯកឧត្តមអគ្គលេខាធិការរងលើចំណុចពាក់ព័ន្ធខាងលើ ហើយបានប្តេជ្ញាក្នុងការបង្កើនកិច្ចសហប្រតិបត្តិការវិនិយោគ និងពាណិជ្ជកម្មឆ្លងកាត់ព្រំដែនក្រោមក្របខ័ណ្ឌនៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង និងមហាអនុតំបន់មេគង្គ ក៏ដូចជាកិច្ចសហប្រតិបត្តិការទ្វេភាគីកម្ពុជា-ចិនឱ្យកាន់តែរីកធំធាត់។
គួររំលឹកថា កន្លងមកក្រុមហ៊ុនវិនិយោគសាងសង់អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គ Angkor International Airport Investment (Cambodia) បានបង្ហាញពីការត្រៀមបម្រុកទុកដីប្រមាណជា ១ពាន់ហិកតា សម្រាប់សាងសង់តំបន់សេដ្ឋកិច្ច តំបន់ឧស្សាហកម្ម ជាផ្នែកមួយនៃទីក្រុងអាកាសយានដ្ឋានថ្មីនេះ។
ជាមួយគ្នានេះដែរ ឯកឧត្ដម វង្សី វិស្សុត ឧបនាយករដ្ឋមន្ដ្រីប្រចាំការ និងជារដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី ក៏ធ្លាប់បញ្ជាក់ដែរថា អាកាសយានដ្ឋានអន្តរជាតិថ្មីនេះ នៅមានដីបម្រុងទុកប្រមាណ ១០០០ហិកតា សម្រាប់កសាងតំបន់សេដ្ឋកិច្ចពិសេស ឬតំបន់ឧស្សាហកម្មរណប ដែលហៅថា «ទីក្រុងអាកាសយានដ្ឋាន (Airport city) នាពេលខាងមុខ»៕