Alynana Media Cambodia
Icon Collap
RK Clinic
clinic narit

លោក ស៊ី ជីនភីង បើកទំព័រឆ្នាំថ្មីជាមួយនឹងការទទួលស្គាល់ដ៏កម្រថា សេដ្ឋកិច្ចចិន កំពុងមានបញ្ហា

Media LNN | Jan 03, 2024
លោក ស៊ី ជីនភីង បើកទំព័រឆ្នាំថ្មីជាមួយនឹងការទទួលស្គាល់ដ៏កម្រថា សេដ្ឋកិច្ចចិន កំពុងមានបញ្ហា
Clinic narith

នៅក្នុងអំឡុងថ្លែងសុន្ទរកថាកាលពីថ្ងៃអាទិត្យកន្លងទៅ ដែលជាថ្ងៃឆ្លងឆ្នាំចាស់ផ្លាស់ចូលឆ្នាំថ្មី២០២៤ ប្រធានាធិបតីចិន លោក ស៊ី ជីនភីង បានទទួលស្គាល់ដ៏កម្រថា សេដ្ឋកិច្ចរបស់ប្រទេសចិន កំពុងមានបញ្ហា ស្របពេលអាជីវកម្មនានារបស់ចិនកំពុងត្រដររស់ ហើយពលរដ្ឋចិន កំពុងជួបការលំបាកក្នុងការស្វែងរកការងារធ្វើ។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មានធំៗជាច្រើន។

នេះជាលើកទី១ហើយដែលប្រធានាធិបតីចិន លោក ស៊ី ជីនភីង បានលើកឡើងពីបញ្ហាប្រឈមផ្នែកសេដ្ឋកិច្ចរបស់មហាយក្សចិននៅក្នុងការថ្លែងសារប្រចាំឆ្នាំក្នុងឱកាសឆ្នាំថ្មីរបស់លោកចាប់តាំងពីឆ្នាំ២០១៣ មក។ ការទទួលស្គាល់ដ៏កម្រនេះធ្វើឡើងនៅចំណុចរបត់ដ៏សំខាន់មួយសម្រាប់ប្រទេសមានសេដ្ឋកិច្ចធំបំផុតទី២ របស់ពិភពលោកមួយនេះ ដែលកំពុងប្រឹងដោះស្រាយបញ្ហាសេដ្ឋកិច្ចដាំក្បាលចុះដោយសារតម្រូវការធ្លាក់ចុះ ភាពអត់ការងារធ្វើកើនឡើង និងការខ្វះទំនុកចិត្តក្នុងអាជីវកម្ម។

អំឡុងសុន្ទរកថាចាក់ផ្សាយតាមទូរទស្សន៍ លោក ស៊ី បានទទួលស្គាល់ថា សហគ្រាសចិន មួយចំនួនកំពុងជួបប្រទះការលំបាក ខណៈដែលពលរដ្ឋចិន មួយចំនួនជួបការលំបាកក្នុងការស្វែងរកការងារធ្វើ និងមិនអាចបំពេញសេចក្ដីត្រូវការជាមូលដ្ឋានរបស់ខ្លួនបាន។

លោក ស៊ី ក៏បានលើកឡើងដែរថា វិបត្តិទាំងអស់នេះនៅតែដក់ជាប់ក្នុងខួរក្បាលរបស់លោកដូច្នេះហើយប្រទេសចិន នឹងត្រូវពង្រឹងសន្ទុះនៃការងើបឡើងវិញរបស់សេដ្ឋកិច្ចចិន។

នៅប៉ុន្មានម៉ោងមុនពេលលោក ស៊ី ថ្លែងសុន្ទរកថានេះ ការិយាល័យជាតិស្ថិតិ (NBS) របស់ប្រទេសចិន បានចេញផ្សាយលទ្ធផលស្ទង់មតិប្រចាំខែរបស់ខ្លួន ដែលបានបង្ហាញថា សកម្មភាពរោងចក្រនៅប្រទេសចិន ក្នុងខែធ្នូ កន្លងទៅបានធ្លាក់ចុះដល់កម្រិតទាបបំផុតមិនធ្លាប់មាននៅក្នុងរយៈពេល៦ខែចុងក្រោយនេះ។

សេដ្ឋកិច្ចរបស់ប្រទេសចិន ត្រូវបានញាំញីដោយបញ្ហាជាច្រើនក្នុងឆ្នាំ២០២៣ ហើយបញ្ហាទាំងនោះរួមមានការដាំក្បាលចុះដ៏អូសបន្លាយក្នុងវិស័យអចលនទ្រព្យ អត្រាគ្មានការងារធ្វើរបស់យុវជនកើនឡើងខ្ពស់ និងវិបត្តិហិរញ្ញត្ថុប្រឈមដោយរដ្ឋបាលមូលដ្ឋាន។ លោក ស៊ី បានអះអាងថា បញ្ហាទាំងនេះនឹងត្រូវដោះស្រាយក្នុងឆ្នាំ២០២៤ នេះ។

ទោះជាយ៉ាងណា នៅក្នុងសារនេះលោក ស៊ី ក៏មិនភ្លេចបញ្ចេញសាច់ដុំនោះដែរ ទាក់ទិននឹងបញ្ហាកោះតៃវ៉ាន់ ដោយលោកបានសន្យាថា ចិនដីគោក នឹងត្រូវធ្វើការបង្រួបបង្រួមជាមួយកោះតៃវ៉ាន់ឡើងវិញ។ ការប្រកាសជំហរយ៉ាងម៉ឺងម៉ាត់នេះធ្វើឡើងនៅមុនពេលឈានដល់ការបោះឆ្នោតសកលនៅកោះតៃវ៉ាន់ ក្នុងខែនេះ៕