(ហ្សាការតា)៖ អាជ្ញាធរនៅប្រទេសឥណ្ឌូណេស៉ី បានឱ្យដឹងថា នៅថ្ងៃសុក្រនេះ រថភ្លើង២ខ្សែបានបុកគ្នានៅលើកោះជ្វា (Java) ជាហេតុនាំឱ្យមនុស្ស៣នាក់បាត់បង់ជីវិត និងយ៉ាងហោច២៨នាក់ផ្សេងទៀត ទទួលរងរបួស។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នាថ្ងៃសុក្រ ទី៥ ខែមករា ឆ្នាំ២០២៤។
ហេតុការណ៍ខាងលើបានកើតឡើង កាលពីវេលាម៉ោង៦ព្រឹក (ម៉ោងក្នុងតំបន់) នៅតំបន់ Cicalengka នៃខេត្តជ្វាខាងលិច (West Java) ហើយបណ្តាលឱ្យទូរថភ្លើងមួយចំនួន ក្រឡាប់ធ្លាក់ចេញពីផ្លូវ។ ក្នុងចំណោមរថភ្លើងទាំង២គ្រឿង ដែលបានប៉ះទង្គិចគ្នា មួយគ្រឿងមានផ្ទុកអ្នកដំណើរចំនួន២៨៧នាក់ និងមួយគ្រឿងទៀតមានផ្ទុកមនុស្ស១៩១នាក់។ បើតាមអ្នកនាំពាក្យនៃស្ថាប័នប៉ូលិសប្រចាំខេត្ត West Java អ្នកដំណើរទាំងអស់ ត្រូវបានជម្លៀសចេញពីរថភ្លើងទាំង២ ខណៈអ្នករងរបួសត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ។
គួរបញ្ជាក់ថា មូលហេតុដែលបង្កឱ្យមានការបុកគ្នា កំពុងស្ថិតក្រោមការស៉ើបអង្កេត។ កាលពីឆ្នាំ២០១៥ ហេតុការណ៍ប៉ះទង្គិចគ្នាមួយ រវាងរថភ្លើងដឹកអ្នកដំណើរ១ខ្សែ និងរថយន្តក្រុងធុនតូច១គ្រឿង នៅផ្លូវឆ្លងកាត់ក្នុងរដ្ឋធានីហ្សាការតា បានផ្តាច់ជីវិតមនុស្ស១៦នាក់។ រីឯកាលពីឆ្នាំ២០១៣ មនុស្ស៧នាក់បានស្លាប់ និងជាច្រើននាក់ទៀត បានរងរបួស នៅពេលរថភ្លើងដឹកអ្នកដំណើរ១ខ្សែ បានបុករថយន្តដឹកប្រេង នៅទីក្រុងហ្សាការតាដដែល រួចបង្កឱ្យមានភ្លើងឆាបឆេះ៕