Alynana Media Cambodia
Icon Collap
clinic narit

ការស្ទុះងើបសេដ្ឋកិច្ចឡើងវិញរបស់កូរ៉េខាងត្បូងនឹងថមថយនៅឆ្នាំ២០២៤

Media LNN | Jan 06, 2024
ការស្ទុះងើបសេដ្ឋកិច្ចឡើងវិញរបស់កូរ៉េខាងត្បូងនឹងថមថយនៅឆ្នាំ២០២៤
Clinic narith

(សេអ៊ូល)៖ រដ្ឋាភិបាលកូរ៉េខាងត្បូងនឹងផ្តោតការយកចិត្តទុកដាក់របស់ខ្លួនលើការជួយដល់ជីវភាពរស់នៅរបស់ប្រជាជន និងការគ្រប់គ្រងកត្តាហានិភ័យ ខណៈពេលដែលទម្លាក់ការព្យាករផលិតផលក្នុងស្រុកសរុបប្រចាំឆ្នាំ២០២៤ និងបង្កើនការព្យាករអត្រាអតិផរណា។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ។

ទីភ្នាក់ងារព័ត៌មានរ៉យទ័របានរាយការណ៍ដោយដកស្រង់ផែនការគោលនយោបាយសេដ្ឋកិច្ចប្រចាំឆ្នាំរបស់ក្រសួងហិរញ្ញវត្ថុកូរ៉េខាងត្បូងដែលបានចេញផ្សាយកាលពីថ្ងៃព្រហស្បតិ៍ថា សេដ្ឋកិច្ចនឹងកើនឡើង ២,២ភាគរយនៅឆ្នាំ២០២៤ ដែលធ្លាក់ចុះពី ២,៤ភាគរយដែលបានព្យាករក្នុងខែកក្កដាឆ្នាំមុន បន្ទាប់ពីបានកើនឡើង ១,៤ភាគរយនៅឆ្នាំ២០២៣ ដែលជាអត្រាទាបបំផុតក្នុងរយៈពេលបីឆ្នាំ។

ក្រសួងហិរញ្ញវត្ថុកូរ៉េបានរំពឹងថា តម្លៃទំនិញប្រើប្រាស់នឹងកើនឡើង ២,៦ភាគរយនៅឆ្នាំនេះ ពោលគឺកើនឡើងពីការព្យាករកាលពីមុនដែលថាមាន ២,៣ ភាគរយ។ នៅឆ្នាំ២០២៣ តម្លៃទំនិញប្រើប្រាស់បានកើនឡើង ៣,៦ភាគរយ។

ក្រសួងបានឱ្យដឹងថា៖ «ការស្ទុះងើបឡើងវិញនៃសេដ្ឋកិច្ចនឹងមានភាពរឹងមាំ (ជាងឆ្នាំមុន) ក្នុងគ្រាដែលមានភាពប្រសើរឡើងនៃពាណិជ្ជកម្មពិភពលោក និងតម្រូវការឧបករណ៍សឺមីកុងដាក់ទ័រ ប៉ុន្តែតម្រូវការក្នុងស្រុក និងជីវភាពរស់នៅរបស់ប្រជាជននឹងមានការលំបាកដោយសារតែអតិផរណា និងអត្រាការប្រាក់ខ្ពស់ជាបន្តបន្ទាប់»។

ក្រសួងហិរញ្ញវត្ថុបានបន្ថែមថា រដ្ឋាភិបាលនឹងផ្តោតជាចម្បងលើការស្ទុះងើបឡើងវិញនៃសេដ្ឋកិច្ចសម្រាប់ប្រជាជនទូទៅ ខណៈដែលគ្រប់គ្រងកត្តាហានិភ័យដែលអាចកើតមានឡើង។

ការនាំចេញរបស់កូរ៉េខាងត្បូងបានកើនឡើងក្នុងរយៈពេលបីខែជាប់ៗគ្នាគិតត្រឹមខែធ្នូ ដោយសារតម្រូវការបន្ទះឈីបបានចាប់ផ្តើមកើនឡើង ដែលបង្កើនក្តីសង្ឃឹមសម្រាប់ការងើបឡើងវិញនៃសេដ្ឋកិច្ចដែលជំរុញដោយការនាំចេញឧបករណ៍សឺមីកុងដាក់ទ័រ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ៕