Alynana Media Cambodia
Icon Collap
RK Clinic
clinic narit

កម្ពុជាទទួលបានចំណូលជិត៣ពាន់លានដុល្លារ តាមរយៈពលករធ្វើការនៅក្រៅប្រទេសក្នុងឆ្នាំ២០២៣

Admin Alynana | Jan 06, 2024
កម្ពុជាទទួលបានចំណូលជិត៣ពាន់លានដុល្លារ តាមរយៈពលករធ្វើការនៅក្រៅប្រទេសក្នុងឆ្នាំ២០២៣
Clinic narith

មន្រ្តីជាន់ខ្ពស់នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានឱ្យដឹងថា គិតត្រឹមឆ្នាំ២០២៣ កម្ពុជាបានផ្ដល់ឱកាសការងារនៅក្រៅប្រទេសជូនដល់ប្រជាពលរដ្ឋជាង១លាន៣សែននាក់ និងទទួលបានប្រាក់ចំណូលជិត៣ពាន់លានដុល្លារអាម៉េរិក។ ការចេញទៅធ្វើការនៅបរទេសនេះ ត្រូវបានអ្នកនាំពាក្យក្រសួងការងារគូសបញ្ជាក់ថា មិនត្រឹមតែទទួលបានចំណូលសម្រាប់ទ្រទ្រង់គ្រួសារប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងរួមចំណែកក្នុងការជួយកសាងសេដ្ឋកិច្ចជាតិ និងកាត់បន្ថយភាពក្រីក្រផងដែរ។

ឯកឧត្តម កត្តា អ៊ន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានគូសបញ្ជាក់ប្រាប់ខេមបូណូមីសថា ប្រជាពលរដ្ឋខ្មែរជាង១លាន៣សែននាក់ ត្រូវបានរាជរដ្ឋាភិបាលកម្ពុជា ផ្ដល់ឱកាសការងារនៅក្រៅប្រទេស។ បើតាមអ្នកនាំពាក្យរូបនេះ ក្នុងចំណោមពលរដ្ឋជាង១លាន ៣សែននាក់នេះ មានពលរដ្ឋជាង១លាន២សែននាក់ កំពុងបម្រើការងារនៅក្នុងប្រទេសថៃ និងជាង៥ម៉ឺននាក់ កំពុងបម្រើការងារនៅសាធារណរដ្ឋកូរ៉េ ហើយក្រៅពីនោះកំពុងបម្រើការងារនៅប្រទេសជប៉ុន, ម៉ាឡេស៊ី, តំបន់រដ្ឋបាលពិសេសហុងកុង និងអារ៉ាប់ប៊ីសាអូឌីត ជាដើម។

បើតាមមន្ត្រីជាន់ខ្ពស់រូបនេះ ពលករធ្វើការនៅក្រៅប្រទេសទាំងនេះ ទទួលបាននូវអត្ថប្រយោជន៍ផ្សេងៗតាមច្បាប់នៃប្រទេសទទួលនីមួយៗ រួមទាំងប្រាក់ឈ្នួល និងរបបសន្តិសុខសង្គម និងបានផ្ញើប្រាក់មកគ្រួសារជាមធ្យមមានប្រមាណជិត៣ពាន់លានដុល្លារអាម៉េរិកក្នុងមួយឆ្នាំ។ អ្នកនាំពាក្យរូបនេះអះអាងថា ការចេញទៅធ្វើការនៅបរទេសមិនត្រឹមតែជួយលើកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋប៉ុណ្ណោះទេ ថែមទាំងបានរួមចំណែកជួយអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ និងកាត់បន្ថយភាពក្រីក្រផងដែរ។ លើសពីនេះពលរដ្ឋខ្មែរដែលកំពុងបម្រើការងារនៅក្រៅប្រទេស ក៏ទទួលបានចំណេះដឹង និងបទពិសោធន៍ការងារសម្រាប់ប្រកបរបរចិញ្ចឹមជីវិតនៅពេលត្រឡប់មកពីធ្វើការនៅក្រៅប្រទេសផងដែរ។

គួរកត់សម្គាល់ថា រំហូរថវិការបស់ពលរដ្ឋខ្មែរដែលផ្ញើមកគ្រួសារពីគ្រប់ប្រទេសប្រមាណជិត៣ពាន់លានដុល្លារក្នុង១ឆ្នាំ គឺមានការកើនឡើងប្រមាណ២០០លានដុល្លារ បើធៀបនឹងឆ្នាំ២០២២។ នេះបើយោងតាមទិន្នន័យពីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ៕