(សេអ៊ូល)៖ មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានផ្ញើសារចូលរួមរំលែកទុក្ខទៅកាន់មេដឹកនាំនៃប្រទេសអ៉ីរ៉ង់ និងជប៉ុន នៅថ្ងៃសៅរ៍ ទី៦ ខែមករានេះ ក្រោយប្រទេសទាំង២ មួយរងគ្រោះដោយសារគ្រោះរញ្ជួយដីដ៏ប្រល័យ និងមួយទៀតរងការវាយប្រហារបំផ្ទុះគ្រាប់បែកយ៉ាងសាហាវនៅក្នុងសប្ដាហ៍នេះ។ នេះបើតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង ដកស្រង់ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។
ការវាយប្រហារបំផ្ទុះគ្រាប់បែកចំនួន២លើកនៅក្នុងប្រទេសអ៉ីរ៉ង់ ដែលក្រុម ISIS ចេញមុខទទួលខុសត្រូវ បានសម្លាប់មនុស្សជិត១០០នាក់កាលពីថ្ងៃពុធ ខណៈ ចំនួនអ្នកស្លាប់នៅក្នុងគ្រោះរញ្ជួយដីវាយប្រហារប្រទេសជប៉ុន កាលពីថ្ងៃចូលឆ្នាំសកលក៏បានកើនដល់ជិត១០០នាក់ផងដែរ។
តាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង KCNA លោក គីម ជុងអ៊ុន បានផ្ញើសារចូលរួមរំលែកទុក្ខទៅកាន់នាយករដ្ឋមន្ត្រីជប៉ុន លោក Fumio Kishida ភ្ជាប់ជាមួយ ក្ដីសង្ឃឹមថាតំបន់ដែលរងផលប៉ះពាល់នឹងត្រូវត្រឡប់ទៅរកស្ថិរភាពវិញក្នុងពេលឆាប់ៗ។ KCNA បានឱ្យដឹងទៀតថាលោក គីម ជុងអ៊ុន ក៏បានផ្ញើសាររំលែកទុក្ខ ទៅកាន់ប្រធានាធិបតីអ៉ីរ៉ង់ លោក Ebrahim Raisi ផងដែរ និងបានបញ្ជាក់ឡើងវិញថាកូរ៉េខាងជើងប្រឆាំងនឹងទង្វើភេរវកម្មគ្រប់រូបភាពទាំងអស់។
គួរបញ្ជាក់ថា កាលពីថ្ងៃសុក្រសប្ដាហ៍នេះ កូរ៉េខាងជើងបានបាញ់កាំភ្លើងធំជាង ២០០គ្រាប់ នៅក្បែរតំបន់ព្រំដែនទឹកមានវិវាទជាមួយកូរ៉េខាងត្បូង ដោយជំរុញ ឱ្យកូរ៉េខាងត្បូងធ្វើសមយុទ្ធបាញ់គ្រាប់ពិតជាការឆ្លើយតប៕