Alynana Media Cambodia
Icon Collap
clinic narit

អ្នកជំនាញអន្តរជាតិ ព្រមានឲ្យត្រៀមខ្លួន! តម្លៃប្រេង អាចឡើងថ្លៃមួយគុណនឹងពីរ

Admin Alynana | Jan 08, 2024
អ្នកជំនាញអន្តរជាតិ ព្រមានឲ្យត្រៀមខ្លួន! តម្លៃប្រេង អាចឡើងថ្លៃមួយគុណនឹងពីរ
Clinic narith

ក្នុងបទសម្ភាសជាមួយស្ថានីយទូរទស្សន៍ CNBC កាលពីថ្ងៃអាទិត្យទី៧ខែមករា លោក Daan Struyven ប្រធានផ្នែកស្រាវជ្រាវប្រេងរបស់ក្រុមហ៊ុន Goldman Sachs បានព្រមានថា គ្រប់គ្នាគួរត្រៀមខ្លួន តម្លៃប្រេងឆៅសកលអាចកើនឡើងទ្វេដង ប្រសិនបើការរំខានដែលបង្កឡើងដោយក្រុមឧទ្ទាម ហ៊ូធី យេម៉ែន ក៏រាលដាលទៅប៉ះពាល់ដល់ច្រកសមុទ្រ Hormuz ដែរនោះ។

លើសពីនេះ ក្រុមហ៊ូធី បានបិទផ្លូវដឹកជញ្ជូនទំនិញឆ្លងកាត់សមុទ្រក្រហម និងបន្តវាយប្រហារលើទំនិញផងដែរ បន្ទាប់ពីសង្គ្រាមអ៊ីស្រាអែល-ហាម៉ាស ផ្ទុះឡើងនៅតំបន់ហ្គាហ្សា។ ក្រុមសកម្មប្រយុទ្ធដែលមានមូលដ្ឋាននៅប្រទេសយេម៉ែនមួយនេះ បានកំណត់គោលដៅលើនាវាទាំងឡាយណា ដែលខ្លួនគិតថា មានទំនាក់ទំនងជាមួយអ៊ីស្រាអែល។

លោក Struyven និយាយថា “ប្រសិនបើមានការរំខាននោច្រកសមុទ្រ Hormuz ក្នុងរយៈពេលមួយខែ តម្លៃប្រេងនឹងកើនឡើង២០% ហើយបើច្រកសមុទ្រនេះជួបបញ្ហាកាន់តែយូរនោះ វាអាចនាំឲ្យតម្លៃប្រេងកើនឡើងទ្វេដង”។

 

ការវាយប្រហារកាន់តែខ្លាំងឡើងៗ បានបង្ខំឲ្យក្រុមហ៊ុនដឹកជញ្ជូនទូទាំងពិភពលោក បង្វែរនាវាចេញពីសមុទ្រក្រហមទៅជុំវិញឆកសមុទ្រ Good Hope នៅចុងភាគខាងត្បូងនៃទ្វីបអាហ្វ្រិកវិញ។

សម្រាប់ទំនិញដែលដឹកពីអាស៊ីទៅអឺរ៉ុប ឬអាមេរិកខាងជើង, ការធ្វើដំណើរតាមផ្លូវវាងនេះ មានន័យថា ពួកគេត្រូវធ្វើដំណើរឆ្ងាយជាងមុនប្រហែល ១១១១០គីឡូម៉ែត្រទៀត ហើយអាចពន្យាពេលដឹកជញ្ជូនដល់ទៅមួយខែ ដូចនេះពិតណាស់ វាមិនអាចចៀសផុតឡើយដែលថ្លៃដឹកជញ្ជូនត្រូវអស់ច្រើនជាងមុន។

សូមបញ្ជាក់ជាថ្មី ការវាយប្រហាររបស់ចលនាហ៊ូធី បានបន្តអស់រយៈពេលជាច្រើនសប្តាហ៍មកហើយ ហើយគំរាមកំហែងយ៉ាងខ្លាំងដល់លំហូរនៃទំនិញពាណិជ្ជកម្មតាមរយៈសមុទ្រក្រហម និងព្រែកជីកស៊ុយអេ ដែលជាសរសៃឈាមដ៏សំខាន់សម្រាប់ពាណិជ្ជកម្មរវាងអាស៊ី និងបស្ចិមប្រទេស៕

ប្រភព៖ RT