(តៃវ៉ាន់)៖ ក្រសួងការពារជាតិតៃវ៉ាន់កាលពីថ្ងៃសៅរ៍សប្តាហ៍នេះ បានចោទប្រកាន់ចិនថា បង្កការគំរាមកំហែងដល់សុវត្ថិភាពអាកាសចរណ៍ និងធ្វើសង្រ្គាមចិត្តសាស្រ្តប្រឆាំងប្រជាជនតៃវ៉ាន់ តាមរយៈវត្តមានបាឡុង ដែលត្រូវបានប្រទះឃើញជាបន្តបន្ទាប់ នៅក្បែនិងលើដែនកោះនេះ ខណៈសល់តែមួយសប្តាហ៍ទៀតប៉ុណ្ណោះ តៃវ៉ាន់នឹងត្រូវបោះឆ្នោតជ្រើសរើសមេដឹកនាំអាណត្តិថ្មី។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃអាទិត្យ ទី៧ ខែមករា ឆ្នាំ២០២៤។
ក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃសៅរ៍ ក្រសួងការពារជាតិតៃវ៉ាន់ បាននិយាយថា បាឡុងរបស់ចិន គឺជាការគំរាមកំហែងធ្ងន់ធ្ងរ ចំពោះសុវត្ថិភាពអាកាសចរណ៍អន្តរជាតិ ហើយបានអះអាងថា បើយោងតាមការវិភាគរបស់ខ្លួន បាឡុងទាំងនោះគឺជាផ្នែកមួយនៃយុទ្ធសាស្រ្តរបស់ចិនប្រឆាំងនឹងតៃវ៉ាន់ តាមរយៈការព្យាយាមប្រើប្រាស់សង្រ្គាមផ្នែកចិត្តសាស្រ្ត ដើម្បីជះឥទ្ធិពលលើស្មារតីប្រជាជនតៃវ៉ាន់។ កាលពីដំបូងៗ តៃវ៉ាន់បានអះអាងថា បាឡុងចិនទាំងនោះ ទំនងត្រឹមជាបាឡុងឧតុនិយមប៉ុណ្ណោះ ដែលត្រូវខ្យល់ខ្លាំងបក់ឱ្យរសាត់។
គួរបញ្ជាក់ថា តៃវ៉ាន់កំពុងស្ថិតក្រោមការប្រុងជើងការខ្ពស់ សម្រាប់សកម្មភាពយោធាក៏ដូចជានយោបាយរបស់ចិន នៅមុនការបោះឆ្នោតជ្រើសរើសមេដឹកនាំ និងការបោះឆ្នោតជ្រើសរើសសមាជិកសភា នាថ្ងៃទី១៣ ខែមករានេះ។ ទីក្រុងតៃប៉ិបានចោទថា ចិនកំពុងប្រឹងប្រែងដាក់សម្ពាធតាមផ្នែកយោធានិងសេដ្ឋកិច្ច ដើម្បីប៉ុនប៉ងលូកលាន់ដំណើរការបោះឆ្នោតទាំងនេះ។ ចំពោះទីក្រុងប៉េកាំង កោះតៃវ៉ាន់គឺជាផ្នែកដែលមិនអាចកាត់ផ្តាច់ឡើយ នៃទឹករបស់ប្រទេសចិន ហើយចិនបានប្តេជ្ញាយ៉ាងមុតមាំថា នឹងបង្រួបបង្រួមគ្នាវិញនៅថ្ងៃណាមួយជាមួយតៃវ៉ាន់៕