រយៈពេល ១ សប្ដាហ៍ហើយនៃករណីប៉ុនប៉ងធ្វើឃាតមិនបានសម្រេចរបស់ជនដៃដល់ហក់ទៅចាក់កញ្ចឹង ក លោក Lee Jae-myung មេបក្សប្រឆាំងដ៏ធំរបស់កូរ៉េខាងត្បូង ខណៈព័ត៌មានផ្ទាល់ខ្លួនរបស់ជនដៃដល់ក៏មិនទាន់បង្ហាញជាសាធារណៈនៅឡើយផងដែរ ពោលគេដឹងត្រឹមថាមាននាមត្រកូល Kim ប៉ុណ្ណោះ ។
ទន្ទឹមនោះ មានការចាក់សួរជាច្រើនទៅកាន់ប៉ូលិសទីក្រុង Busan ថាហេតុអ្វីបានជាមិនបញ្ចេញអត្តសញ្ញាណ ឬឈ្មោះពេញ ក៏ដូចជាមុខមាត់ជនដៃដល់ដែលមានវ័យ ៦៧ ឆ្នាំរូបនេះជាសាធារណៈ បើទោះបីជាមានដីកាចាប់ខ្លួនជាផ្លូវការ និងកំពុងត្រូវបានឃុំខ្លួនក៏ដោយហើយនោះ ។
ពាក់ព័ន្ធនឹងរឿងរ៉ាវនេះ ប៉ូលិសក្រុង Busan ក៏បានចេញមកឆ្លើយបំភ្លឺផងដែរ ដោយលើកឡើងថា ក្រុមមន្ត្រីអនុវត្តច្បាប់សូមរក្សាសិទ្ធិបង្ហើបប្រាប់ត្រឹមនាមត្រកូលរបស់ជនដៃដល់ប៉ុណ្ណោះ ខណៈឈ្មោះពេញ ឬព័ត៌មានផ្ទាល់ខ្លួនផ្សេងទៀតរបស់ជនដៃដល់មិនទាន់អាចបង្ហាញទៅកាន់សាធារណជនបានឡើយ ដោយសារជនដៃដល់ស្ថិតក្នុងបទឧក្រិដ្ឋនៃករណីអំពើហិង្សាជាក់ស្ដែង ហើយម្យ៉ាងទៀតក៏ព្រោះតែតុលាការមិនទាន់ចេញសេចក្ដីសម្រេចចោទប្រកាន់ជាផ្លូវការផងដែរ ពោលនៅរង់ចាំលទ្ធផលស៊ើបអង្កេតរបស់ប៉ូលិស ។
ប៉ុន្តែទោះជាយ៉ាងណា ប្រជាពលរដ្ឋនឹងមានសិទ្ធិដឹងឭច្បាស់ការណ៍ពីរឿងក្ដីក្ដាំនេះ នៅពេលដែលប៉ូលិសប្រមូលព័ស្តុតាងបានពេញដៃគ្រប់គ្រាន់ និងនៅពេលដែលតុលាការក្រុង Busan ចេញសេចក្ដីចោទប្រកាន់ជាផ្លូវការលើករណីផ្សេងៗ ជាពិសេសគឺបទចោទ “ប៉ុនប៉ងមនុស្សឃាតគិតទុកជាមុន” ។
ស្របពេលជាមួយគ្នានេះ ប៉ូលិសក៏បានសម្រេចចិត្តមិនបង្ហាញព័ត៌មានណាមួយរបស់ជនដៃដល់វ័យ ៦៧ ឆ្នាំរូបនេះអំពីការជាប់ពាក់ព័ន្ធនឹងគណបក្សនយោបាយនោះដែរ ដោយសារតែគោលការណ៍ច្បាប់គណបក្សនយោបាយបានហាមប្រាមអង្គការស៊ើបអង្កេតមិនឲ្យលូកលាន់ ឬបញ្ចេញព័ត៌មានដែលទទួលបាន ក្នុងអំឡុងពេលដំណើរការស៊ើបអង្កេតនោះឡើយ ។
បន្ថែមពីនេះ ប៉ូលិសក៏គ្រោងនឹងបង្ហាញអត្តសញ្ញាណជនដៃដល់ទៅកាន់សាធារណជនឲ្យបានដឹងឭផងដែរ ប្រសិនបើគណៈកម្មាធិការស៊ើបអង្កេតបើកចិត្តបង្ហាញព័ត៌មានផ្ទាល់ខ្លួនរបស់ជនដៃដល់ ស្របពេលដែលប៉ូលិសក៏នឹងប្រកាសបិទបញ្ចប់លទ្ធផលស៊ើបអង្កេតនៅថ្ងៃព្រហស្បតិ៍ ទី១១ ខែមករាខាងមុខនេះ ។
គួរបញ្ជាក់ថា លោក Lee Jae-myung មេដឹកនាំគណបក្សប្រជាធិបតេយ្យដែលជាបក្សប្រឆាំងដ៏ធំបំផុតរបស់កូរ៉េខាងត្បូងត្រូវបានជនដៃដល់នាមត្រកូល Kim ដកកាំបិតហក់ទៅចាក់កញ្ចឹង ក ខាងឆ្វេងកាលពីពេលវេលាម៉ោង ១០ និង ២៧ នាទីព្រឹកថ្ងៃទី២ ខែមករា ឆ្នាំ២០២៤ នៅពេលដែលអ្នកនយោបាយវ័យ ៥៩ ឆ្នាំរូបនេះចុះទៅទីក្រុងកំពង់ផែ Busan ខណៈជនដៃដល់ក៏ត្រូវចាប់ខ្លួននៅនឹងកន្លែងផងដែរ ៕