Alynana Media Cambodia
Icon Collap
clinic narit

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ដើម្បីកំណែទម្រង់ទទួលបានជោគជ័យ ត្រូវការកត្តាធំៗចំនួន៤

Media LNN | Jan 09, 2024
សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ដើម្បីកំណែទម្រង់ទទួលបានជោគជ័យ ត្រូវការកត្តាធំៗចំនួន៤
Clinic narith

(ភ្នំពេញ)៖ សម្តេចមហាបវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី៩ ខែមករា ឆ្នាំ២០២៤នេះ បានលើកឡើងពីបទសោធន៍ និងការកត់សម្គាល់របស់ខ្លួន ស្តីអំពីការធ្វើកំណែទម្រង់ ដើម្បីឱ្យទទួលបានជោគជ័យ។

សម្តេចបានបញ្ជាក់ថា ដើម្បីកំណែទម្រង់ទទួលបានជោគជ័យ ត្រូវការកត្តាធំៗចំនួន៤ គឺទី១-ត្រូវមានចក្ខុវិស័យច្បាស់លាស់ ផ្អែកលើប្រយោជន៍ជាតិ ប្រជាជន, ទី២-ការប្តេជ្ញាចិត្តខ្ពស់ពីអ្នកអនុវត្តដែលថ្នាក់ដឹកនាំ និងមន្ត្រីអនុវត្តន៍, ទី៣-ការចូលរួមដោយស្មោះត្រង់ ពីគ្រប់ភាគីពាក់ព័ន្ធ ពិសេសប្រជាជន និងទី៤-ការលះបង់ ដើម្បីប្រយោជន៍រួម។

សម្តេចនាយករដ្ឋមន្ត្រីបានថ្លែងទៀតថា ការធ្វើកំណែទម្រង់មិនមែនជាការធ្វើបដិវត្តន៍ទេ មិនមែនលុបចោលនូវគោលនយោបាយពីមុនៗនោះទេ គឺជាការពង្រឹង និងសម្រួចនូវសមិទ្ធផលបន្ថែមទៀត ដើម្បីភាពរីកចម្រើន ជាផលប្រយោជន៍ជាតិ។

ជុំវិញការជោគជ័យនៃកំណែទម្រង់នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានពន្យល់ដោយលើកជាឧទាហរណ៍ជាក់ស្តែង ពីការធ្វើកំណែទម្រង់នៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ដែលចាប់ផ្តើមចាប់តាំងពីឆ្នាំ២០១៤ មករហូតដល់បច្ចុប្បន្ន ដែលបានបង្ហាញនូវភាពជោគជ័យ។

សម្តេចនាយករដ្ឋមន្ត្រីបានថ្លែងបែបនេះ ធ្វើឡើងក្នុងឱកាសអញ្ជើញជួបសំណេះសំណាល ជាមួយសិស្សនិទ្ទេស A ចំនួន១៦៩១នាក់ នៅមជ្ឈមណ្ឌលសន្និបាត OCIC នាព្រឹកថ្ងៃទី០៩ ខែមករា ឆ្នាំ២០២៤។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូច្នេះថា «កំណែទម្រង់មិនមែនងាយស្រួលទេ ប៉ុន្តែកំណែទម្រង់ដែលជោគជ័យ ត្រូវការកត្តាបួនធំៗ ទី១-គឺត្រូវមានចក្ខុវិស័យវែងឆ្ងាយ ឈរលើមូលដ្ឋានច្បាស់លាស់ ផ្នែកលើផលប្រយោជន៍ជាតិ និងប្រជាជន នេះត្រូវតែជាគោល, កត្តាទី២ គឺការប្តេជ្ញាចិត្តខ្ពស់ ពីគ្រប់តួអង្គអនុវត្តន៍ ជាពិសេសថ្នាក់ដឹកនាំដែលមានឆន្ទះខ្ពស់ និងអ្នកអនុវត្តន៍, ទី៣ គឺការចូលរួមពីគ្រប់ភាគីទាំងអស់ ពិសេសគឺប្រជាជន និងទី៤ គឺការលះបង់ដើម្បីផលប្រយោជន៍រួម»។

សម្តេចនាយករដ្ឋមន្ត្រីបានថ្លែងទៀតថា ឆ្លងកាត់ការធ្វើកំណែទម្រង់ដោយជោគជ័យ លើការរៀបចំការប្រឡងសញ្ញាបត្របាក់ឌុប របស់ក្រសួងអប់រំ យុវជន និងកីឡា ដែលធ្វើឱ្យមានសុក្រឹតភាពក្នុងការប្រឡងប្រជែង សម្តេចជឿជាក់ថា ប្រជាពលរដ្ឋច្រើនលើសលប់ នឹងបន្តគាំទ្រការធ្វើកំណែទម្រង់នេះ៕