Alynana Media Cambodia
Icon Collap
clinic narit

ប្រសិនជាជ្រើសរើសគ្រូជាប់កិច្ចសន្យាដែលមិនមានគុណភាព គឺនឹងធ្វើបាបសាលារៀន ហើយធ្វើបាបដល់ប្រជាជន និងសហគមន៍

Admin Alynana | Jan 12, 2024
ប្រសិនជាជ្រើសរើសគ្រូជាប់កិច្ចសន្យាដែលមិនមានគុណភាព គឺនឹងធ្វើបាបសាលារៀន ហើយធ្វើបាបដល់ប្រជាជន និងសហគមន៍
Clinic narith

បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា មានប្រសាសន៍ថា ប្រសិនជាជ្រើសរើសគ្រូជាប់កិច្ចសន្យាដែលមិនមានគុណភាព គឺនឹងធ្វើបាបសាលារៀន ហើយធ្វើបាបដល់ប្រជាជន និងសហគមន៍។ ការបញ្ជាក់នេះ ធ្វើឡើងក្នុង ពិធីប្រកាសដាក់ឱ្យអនុវត្តស្តង់ដាសាលាបឋមសិក្សាគំរូ សៀវភៅអភិវឌ្ឍកុមារផ្សារភ្ជាប់នឹងការអប់រំបឋមសិក្សា និងសៀវភៅពន្លឿនការសិក្សាភាសាខ្មែរថ្នាក់ទី១ នៅថ្ងៃទី១២ ខែមករា ឆ្នាំ២០២៤ នេះ។

បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន មានប្រសាសន៍ថា សាលារៀននៅទីជនបទ ជាសាលារៀនខ្វះខាតរួចទៅហើយ ប្រសិនជាជ្រើសរើសគ្រូជាប់កិច្ចសន្យាដែលមិនមានគុណភាព គឺយើងនឹងធ្វើបាបសាលារៀន ហើយធ្វើបាបដល់ប្រជាជន និងសហគមន៍ទៅវិញ។

បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន បញ្ជាក់ថា៖ “មានន័យថា ប្រសិនបើប្រជាជននៅទីជនបទបញ្ចូលកូនទៅរៀន ហើយសាលារៀនជ្រើសរើសគ្រូជាប់កិច្ចសន្យាដែលមិនមានគុណវុឌ្ឍិគ្រប់គ្រាន់ បង្រៀនទៅ អត់ចេះអាន និងសរសេរច្បាស់លាស់ ដូច្នេះរៀនបាន ៦ ឆ្នាំដែរ ប៉ុន្តែចុងក្រោយមក រៀនមិនចេះ ប្រឈមមុខការបោះបង់ចោលការសិក្សា ហើយប្រសិនបើ ឪពុកម្ដាយក្រ កូនរៀនមិនចប់សាលារៀន មានន័យថា ក្មេងនោះ គ្រួសារនោះនឹងក្រតពូជ”។

រដ្ឋមន្ត្រីក្រសួងអប់រំ លើកឡើងបន្ថែមថា ការអប់រំជាអាវុធមួយដ៏សំខាន់ដែលអាចរំដោះយើងទាំងអស់គ្នាឱ្យចាកចេញពីភាពក្រីក្របាន គឺប្រសិនបើទទួលបានការអប់រំមួយដែលមានគុណភាព យើងអាចទទួលបានការងារល្អ ហើយអាចធ្វើការទទួលកម្រៃដែលសក្ដិសម តែប្រសិនបើការអប់រំនោះមិនល្អ យើងមិនអាចរកកម្រៃនោះបាន បោះបង់ចោលការសិក្សា ហើយភាពក្រីក្រនេះនឹងបន្តទៅដល់កូន ចៅ ចៅទួតតទៅទៀត។

បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន មានប្រសាសន៍បន្តថា៖ “ប្រសិនបើ អស់លោក លោកស្រី ជាអភិបាល នៃគណៈអភិបាលក្រុង ស្រុក ខណ្ឌ ជាប្រធាន អនុប្រធានមន្ទីរ ឬការិយាល័យ អប់រំ យុវជន និងកីឡា ក្រុងស្រុក ចង់ឱ្យមូលដ្ឋានអភិវឌ្ឍ ត្រូវចាប់ផ្ដើមពីការអភិវឌ្ឍសាលារៀន។ ការជ្រើសរើសគ្រូល្អមកបង្រៀន ហើយអនុវត្តកម្មវិធីសិក្សាឱ្យបានពេញលេញ ប្រសិនបើ មិនដូច្នោះទេ សហគមន៍នោះនឹងបន្តរស់នៅក្នុងភាពក្រីក្រដដែល និងមិនមានការក្រែប្រែខ្លាំងឡើយ។ ដូច្នេះ ការជ្រើសរើសគ្រូជាប់កិច្ចសន្យានេះ គឺជាកត្តាគន្លឹះ”។

គួរបញ្ជាក់ថា ក្នុងនីតិកាលទី៧ នៃរដ្ឋសភា ក្រសួងអបរំ យុវជន និងកីឡា នៅតែបន្តមាគ៌ានយោបាយរបស់សម្តេចតេជោ ក្នុងការអនុវត្តកំណែទម្រង់វិស័យអប់រំ ដើម្បីបន្តពង្រឹងគុណភាពគ្រឹះស្ថានសិក្សា រដ្ឋចាប់ពីថ្នាក់មត្តេយ្យសិក្សាដល់មធ្យមសិក្សា តបតាមអនុសាសន៍របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដាក់ឱ្យអនុវត្តស្តង់ដាសាលាគំរូ ៥ រួមមាន៖ ស្តង់ដា ទី១. ផ្តោតលើ លទ្ធផលសិក្សារបស់សិស្ស ទី២. ផ្តោតលើ ការបង្រៀននិងរៀន ទី៣. ផ្តោតលើ ការចូលរួមរបស់សហគមន៍ ទី៤. ផ្តោតលើ ដំណើរប្រតិបត្តិការ និងរដ្ឋបាលសាលារៀន ទី៥. ផ្តោតលើ គណនេយ្យភាពរបស់សាលារៀន៕