(សៀមរាប)៖ អាជ្ញាធរជាតិអប្សរាបានសម្រេចដាក់ពិន័យលើបុគ្គលិកម្នាក់ ដែលប្រើអំពើហិង្សាលើកុមារម្នាក់នៅបរិវេណកសិន្ធុអង្គរវត្ត នាថ្ងៃទី១១ ខែមករា ឆ្នាំ២០២៣ ម្សិលមិញ និងតម្រូវឱ្យធ្វើកិច្ចសន្យាបញ្ឈប់សកម្មភាពហិង្សា នៅពេលក្រោយទៀត ព្រមទាំងបានណែនាំឱ្យបុគ្គលិករូបនោះទៅសុំទោសឪពុកម្ដាយ និងកុមាររងគ្រោះដោយផ្ទាល់។
គួរជម្រាបថា នាថ្ងៃទី១១ ខែមករា ម្សិលមិញ មានគណនី Facebook បានផ្សព្វផ្សាយវីដេអូបង្ហាញអំពីការប្រើប្រាស់ហិង្សារបស់បុគ្គលិកសណ្តាប់ធ្នាប់នៃអាជ្ញាធរជាតិអប្សរា ទៅលើកុមារដើរលក់កូនសត្វអណ្តើក ចល័តនៅបរិវេណកសិន្ធុអង្គរវត្ត។
ពាក់ព័ន្ធនឹងករណីនេះ អាជ្ញាធរជាតិអប្សរាបានបញ្ជាក់ថា ក្រោយពីបានទទួលព័ត៌មាននេះ ថ្នាក់ដឹកនាំពាក់ព័ន្ធនៃអាជ្ញាធរជាតិអប្សរា បានរៀបចំកិច្ចប្រជុំមួយជាបន្ទាន់ ដោយបានហៅបុគ្គលិកនោះមកសួរនាំអំពីមូលហេតុពិតប្រាកដ នៃការឈានទៅដល់ការប្រើប្រាស់នូវសកម្មភាពមិនសមរម្យខាងលើ តាមរយៈនេះអាជ្ញាធរជាតិអប្សរាបានសម្រេចដាក់ពិន័យរដ្ឋបាល និងតម្រូវឱ្យចុះហត្ថលេខាលើកិច្ចសន្យាទទួលស្គាល់កំហុស និងបញ្ឈប់នូវរាល់សកម្មភាពហិង្សាបែបនេះនាពេលអនាគត។ ក្នុងករណីមិនរាងចាល នឹងត្រូវបណ្ដេញចេញពីការងារ និងទទួលរងទណ្ឌកម្មតាមផ្លូវច្បាប់ជាធរមាននានា។ ដោយឡែក អាជ្ញាធរជាតិអប្សរាក៏បានណែនាំឱ្យបុគ្គលិករូបនេះទៅសុំទោសឪពុកម្ដាយ និងកុមាររូបនេះដោយផ្ទាល់ផងដែរ។
ថ្នាក់ដឹកនាំពាក់ព័ន្ធនៃអាជ្ញាធរជាតិអប្សរា ជានិច្ចកាលតែងតែបានណែនាំដល់មន្ត្រី បុគ្គលិក ភ្នាក់ងារ ពលករ និងឆ្មាំនៃអាជ្ញាធរជាតិអប្សរាឱ្យប្រកាន់ខ្ជាប់នូវក្រមសីលធម៌វីជ្ជាជីវៈ និងចៀសវាងឱ្យបានជាដាច់ខាតនូវការប្រើប្រាស់អំពើហិង្សាក្នុងការដោះស្រាយបញ្ហានានា។
អាជ្ញាធរជាតិអប្សរាមិនគាំទ្រ និងមិនអាចទទួលយកបានជាដាច់ខាតនូវរាល់ការប្រើប្រាស់អំពើហិង្សាក្នុងការអនុវត្តការងារ ដែលធ្វើឱ្យប៉ះពាល់ដល់វិន័យ សីលធម៌ និងគុណធម៌ ដែលមានជាធរមានក្នុងលក្ខន្តិកៈរបស់មន្ត្រីរាជការស៊ីវិល-បុគ្គលិកសាធារណៈ។
អាជ្ញាធរជាតិអប្សរាបានអំពាវនាវសាជាថ្មីម្តងទៀតដល់សាធារណជនទាំងអស់ មេត្តាកុំលក់ ឬយកសត្វគ្រប់ប្រភេទទៅលែងក្នុងកសិន្ធុនានានៃរមណីយដ្ឋានអង្គរ ដើម្បីចៀសវាងការប៉ះពាល់ដល់សត្វ និងរុក្ខជាតិដែលមានប្រភពដើមនៅទីនោះ៕