(ភ្នំពេញ)៖ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងថ្នាក់ដឹកនាំ បានទទួលជួបសម្តែងការគួរសម ជាមួយធនាគារវិនយោគ និងអភិវឌ្ឍន៍កម្ពុជា ភីអិលស៊ី ដើម្បីពិភាក្សាការងារមួយចំនួនពាក់ព័ន្ធវិស័យកសិកម្ម និងហិរញ្ញវត្ថុ។
ប្រភពក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅរសៀលថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៤នេះ បានឲ្យដឹងថា ក្នុងជំនួបនេះ ឯកឧត្តមរដ្ឋមន្ត្រី បានសម្តែងនូវការស្វាគមន៍ចំពោះការវិនិយោគ ក្នុងចូលរួមចំណែកក្នុងការអភិវឌ្ឍវិស័យកសិកម្មនៅកម្ពុជា។ ជាមួយគ្នានេះដែរ ឯកឧត្តម បានគូសបញ្ជាក់ថា ក្រសួងបើកទូលាយ និងត្រូវការការចូលរួមពីវិស័យឯកជន ក្នុងការផ្តល់កម្ចីដល់កសិករដែលមានអត្រាការប្រាក់ទាប ដែលបង្កលទ្ធភាពដល់កសិករយកទៅប្រើប្រាស់ក្នុងខ្សែច្រវាក់ផលិតកម្ម និងលទ្ធភាពសងត្រឡប់។
ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី បានបញ្ជាក់ថា កន្លងមកក្រសួងបានចុះ MoU ជាមួយធនាគារ វីង ក្នុងផ្តល់កម្ចីដល់កសិករក្នុងអត្រាការប្រាក់ទាបត្រឹម ៧ ទៅ៨%ប៉ុណ្ណោះ ដែលនេះជាគំរូមួយសម្រាប់ធនាគារផ្សេងៗអាចសហការធ្វើការងារជាមួយនឹងរាជរដ្ឋាភិបាល ក្នុងការចូលរួមអភិវឌ្ឍវិស័យកសិកម្មនៅកម្ពុជា។
ជាការឆ្លើយតប លោក ឡាំ វ៉ាន់ហៃ នាយកប្រតិបត្តិធនាគារវិនយោគ និងអភិវឌ្ឍន៍កម្ពុជា បានបញ្ជាក់ថា លោកទទួលយកអនុសាស្រ្តរបស់ឯកឧត្តមរដ្ឋមន្ត្រី ដើម្បីសិក្សារពីលទ្ធភាពក្នុងការផ្តល់ប្រាក់កម្ចីដល់កសិករ៕