នៅក្នុងកិច្ចជំនួបទ្វេភាគី កាលពីថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៤ម្សិលមិញ ក្នុងឱកាសអញ្ជើញចូលរួមក្នុងវេទិកាសេដ្ឋកិច្ចពិភពលោកឆ្នាំ២០២៤នៅទីក្រុងដាវ៉ូសសហព័ន្ធស្វីសសម្តេចធិបតី ហ៊ុន ម៉ាណែត នាយក រដ្ឋមន្រ្តីនៃកម្ពុជា និងលោក Kono Taro រដ្ឋមន្ត្រីក្រសួងបរិវត្តកម្មឌីជីថល នៃប្រទេសជប៉ុន បានពិភាក្សា គ្នាជាច្រើនទាក់ទងនិងវិស័យឌីជីថល ខណៈភាគីទាំងពីរចាត់ទុកថា វិស័យឌីជីថលនេះមានតួនាទីយ៉ាងសំ ខាន់ក្នុងការអភិវឌ្ឍប្រទេសឲ្យកាន់តែរីកចម្រើនខ្លាំងក្លាបន្ថែមទៀត។
ថ្លែងនៅក្នុងកិច្ចជំនួបនោះលោក Kono Taro បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសម្ដេចធិបតី ដែលបានអនុញ្ញាតឱ្យលោក និងសហការីបានជួបពិភាក្សាការងារ ហើយលោកបានវាយតម្លៃខ្ពស់ចំពោះការរីកចម្រើននៃកិច្ចសហប្រតិបត្តិការរវាងកម្ពុជា-ជប៉ុន ជាពិសេសលើវិស័យឌីជីថល ពាណិជ្ជកម្ម និងវិស័យអាទិភាពផ្សេងៗទៀតជាដើមនោះ។
លោករដ្ឋមន្ត្រីបានជម្រាបជូនសម្ដេចធិបតីថា ក្នុងយុគសម័យឌីជីថល ទិន្នន័យពិតជាមានសារៈសំខាន់ ហើយលោកបានគូសបញ្ជាក់ថា រដ្ឋាភិបាលជប៉ុនបានរៀបចំគំនិតផ្ដួចផ្ដើមស្ដីពីទិន្នន័យអង្គការOECD ដែលគ្របដណ្ដប់លើវិស័យជាច្រើន និងអាចប្រើប្រាស់សម្រាប់ការរៀបចំកសាង និងអភិវឌ្ឍគោលនយោបាយប្រកបដោយប្រសិទ្ធភាព និងដើម្បីជំរុញ និងលើកម្ពស់កម្រិតជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។
ថ្លែងនៅក្នុងកិច្ចជំនួបនោះដែរសម្ដេចធិបតី ហ៊ុន ម៉ាណែត បានសម្ដែងនូវការស្វាគមន៍ និងក្ដីសោមនស្សរីករាយ ដែលបានជួបពិភាក្សាការងារជាមួយ លោករដ្ឋមន្ត្រី និងសហការី និងបានគូសបញ្ជាក់ថា ទំនាក់ទំនងកម្ពុជា-ជប៉ុន ឡើងដល់កម្រិត «ភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ» ដែលជាកម្រិតល្អប្រសើរបំផុតក្នុងប្រវត្តិនៃទំនាក់ទំនងកម្ពុជា-ជប៉ុន។
សម្ដេចធិបតីក៏បានប្រកាសអរគុណចំពោះរដ្ឋាភិបាល និងប្រជាជនជប៉ុន ដែលតែងតែជួយគាំទ្រដល់កម្ពុជា ចាប់តាំងពីដំណាក់កាលកម្ពុជាស្វែងរកសន្ដិភាព រហូតដល់កម្ពុជាមានការអភិវឌ្ឍនរីកចម្រើនលើគ្រប់វិស័យដូចសព្វថ្ងៃនេះផងដែរ។ សម្ដេចធិបតីនាយករដ្ឋមន្រ្តីក៏បានប្រាប់ដល់រដ្ឋមន្រ្តីជប៉ុនរូបនេះផងដែរថា រាជរដ្ឋាភិបាលកម្ពុជាបានផ្តល់អាទិភាពលើបច្ចេកវិទ្យាឌីជីថល ដែលជាសមាសធាតុដ៏សំខាន់នៃការជំរុញប្រភពកំណើនសេដ្ឋកិច្ចថ្មី ព្រមទាំងសម្រេចបានចក្ខុវិស័យនៃការប្រែក្លាយប្រទេសកម្ពុជា ទៅជាប្រទេសចំណូលខ្ពស់នៅឆ្នាំ២០៥០ផងដែរ។
ក្នុងកិច្ចជំនួបនោះដែរសម្ដេចធិបតី ហ៊ុន ម៉ាណែត ក៏បានឯកភាពចំពោះការលើកឡើងរបស់លោករដ្ឋមន្ត្រីអំពីសារៈសំខាន់នៃទិន្នន័យឌីជីថលសម្រាប់ការកសាង ក្របខ័ណ្ឌគោលនយោបាយ ហើយរាជរដ្ឋាភិបាលកម្ពុជាបានចាត់ទុកទិន្នន័យនេះជាផែនទីបង្ហាញផ្លូវ និងជាត្រីវិស័យ ដែលជួយឱ្យធ្វើការសម្រេចបានត្រឹមត្រូវ។ ក្រៅពីនេះ សម្ដេចធិបតីបានគូសបញ្ជាក់បន្ថែមអំពីការវិវត្តនៃបច្ចេកវិទ្យាហិរញ្ញវត្ថុនៅកម្ពុជា ដែលបច្ចុប្បន្ន ធនាគារជាតិនៃកម្ពុជាបាននិងកំពុងដាក់ឱ្យប្រើប្រាស់តាមរយៈប្រព័ន្ធទូទាត់អនឡាញ ឆ្លងដែនដើម្បីសម្រួលដល់វិនិយោគិន,ពាណិជ្ជករ,និងប្រតិបត្តិការអាជីវកម្មរបស់សហគ្រាសធុនតូចនិងមធ្យមផងដែរ៕