Alynana Media Cambodia
Icon Collap
clinic narit

សេដ្ឋកិច្ចរបស់ប្រទេសចិនបានកើនឡើង ៥,២ ភាគរយនៅក្នុងត្រីមាសទី៤ នៅឆ្នាំ២០២៣

Media LNN | Jan 18, 2024
សេដ្ឋកិច្ចរបស់ប្រទេសចិនបានកើនឡើង ៥,២ ភាគរយនៅក្នុងត្រីមាសទី៤ នៅឆ្នាំ២០២៣
Clinic narith

(ប៉េកាំង)៖ ទិន្នន័យផ្លូវការបានបង្ហាញកាលពីថ្ងៃពុធថា សេដ្ឋកិច្ចរបស់ប្រទេសចិនបានកើនឡើង ៥,២ ភាគរយនៅក្នុងត្រីមាសទី៤ ឆ្នាំ២០២៣ ធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ២០២២ ដែលទាបជាងការំពឹងទុករបស់ក្រុមអ្នកវិភាគបន្តិច ប៉ុន្តែឆ្លើយតបទៅនឹងទិសដៅរបស់ទីក្រុងប៉េកាំង។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ។

ដោយខុសពីការរំពឹងទុករបស់អ្នកវិភាគភាគច្រើន សេដ្ឋកិច្ចធំទីពីររបស់ពិភពលោកមួយនេះបានជួបការលំបាកក្នុងការស្ទុះងើបឡើងវិញក្នុងកម្រិតរឹងមាំ និងប្រកបដោយនិរន្តរភាពក្រោយការរាតត្បាតជំងឺកូវីដ-19 ដែលទទួលរងបន្ទុកដោយវិបត្តិអចលនទ្រព្យអូសបន្លាយ ទំនុកចិត្តអ្នកប្រើប្រាស់ និងការធ្លាក់ចុះអាជីវកម្ម ការកើនឡើងបំណុលរដ្ឋាភិបាលក្នុងតំបន់ និងកំណើនសេដ្ឋកិច្ចពិភពលោកយឺត។

ក្រុមអ្នកវិភាគដែលត្រូវបានស្ទង់មតិដោយទីភ្នាក់ងារព័ត៌មានរ៉យទ័របានព្យាករណ៍ថា ផលិតផលក្នុងស្រុកសរុប (GDP) ត្រីមាសទី៤ នឹងកើនឡើង ៥,៣ភាគរយធៀបនឹងឆ្នាំ២០២២ ដែលខ្ពស់ជាងកំណើន ៤,៩ភាគរយនៅត្រីមាសទីបី។

សម្រាប់រយៈពេលពេញមួយឆ្នាំ២០២៣ ទីភ្នាក់ងារព័ត៌មានរ៉យទ័របានរាយការណ៍ដោយដកស្រង់ទិន្នន័យដែលចេញផ្សាយដោយការិយាល័យស្ថិតិជាតិ (NBS) ថា សេដ្ឋកិច្ចរបស់ប្រទេសមហាអំណាចមួយនេះបានកើនឡើង ៥,២ភាគរយដូចគ្នា មួយផ្នែកដោយសារឥទ្ធិពលមូលដ្ឋានទាបកាលពីឆ្នាំមុនដោយការបិទខ្ទប់ទប់ស្កាត់ជំងឺកូវីដ-១៩។ ក្រុមអ្នកវិភាគបានព្យាករថា សេដ្ឋកិច្ចរយៈពេលពេញមួយឆ្នាំនេះនឹងមានកំណើន ៥,២ ភាគរយ។

បើធៀបនឹងត្រីមាសទី៣ ឆ្នាំ២០២៣ វិញ សេដ្ឋកិច្ចចិនកើនឡើងតែ ១ភាគរយនៅក្នុងអំឡុងពេលពីខែតុលាដល់ខែធ្នូ ឆ្នាំ២០២៣នេះ ខណពដែលនៅត្រីមាសទី៣ កើនឡើង ១,៥ភាគរយ៕