Alynana Media Cambodia
Icon Collap
RK Clinic
clinic narit

អ្នកជំនាញជំរុញអ្នកអភិវឌ្ឍន៍គួរផ្តោតលើការកែលម្អទ្រព្យមានស្រាប់ ដើម្បីបំពេញតម្រូវការទីផ្សារក្នុងបរិបទថ្មី ជាជាងបន្តធ្វើរឿង

Media LNN | Jan 18, 2024
អ្នកជំនាញជំរុញអ្នកអភិវឌ្ឍន៍គួរផ្តោតលើការកែលម្អទ្រព្យមានស្រាប់ ដើម្បីបំពេញតម្រូវការទីផ្សារក្នុងបរិបទថ្មី ជាជាងបន្តធ្វើរឿង
Clinic narith

“អ្នកអភិវឌ្ឍន៍អចលនទ្រព្យ បន្តផ្តោតលើការប្រឹងលក់គម្រោងចាស់ៗដែលមិនទាន់លក់ចេញ ដែលនិន្នាការនេះហាក់នៅមិនទាន់មានការផ្លាស់ប្តូរនៅឡើយទេ គិតមកទល់បំណាច់ឆ្នាំ ២០២៣នេះ។ ជាជាងចំណាយលើការវិនិយោគថ្មី អ្នកអភិវឌ្ឍន៍អចលនទ្រព្យគួរងាកមកផ្តោតលើការរៀបចំឡើងវិញជាយុទ្ធសាស្រ្តនៃផលិតផល និងសេវាកម្មក្នុងស្តុករបស់ខ្លួន ដើម្បីបំពេញបាននូវតម្រូវការទីផ្សារក្នុងបរិបទថ្មី” នេះជាសារលើកឡើងរបស់លោក Marc Townsend នាយកក្រុមហ៊ុន CBRE Cambodia និងជាអ្នកជំនាញក្នុងវិស័យអចលនទ្រព្យ ក្នុងសិក្ខាសាលាមួយរៀបចំឡើងនៅសណ្ឋាគារ Oakwood Premier ក្នុងរាជធានីភ្នំពេញភ្នំពេញ។

សិក្ខាសាលាស្តីអំពី “ការព្យាករណ៍គ្មានការភ័យខ្លាច ២០២៤” ដ៏សំខាន់សម្រាប់វិស័យអចលនទ្រព្យនេះ ប្រារព្ធឡើងដើម្បីបង្ហាញនិងចែករំលែកការយល់ដឹង និងបច្ចុប្បន្នភាពសំខាន់ៗ ដែលមិនត្រឹមតែផ្តល់នូវទិដ្ឋភាពទូទៅនៃទិដ្ឋភាពសេដ្ឋកិច្ចកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងផ្តល់នូវការវិភាគលម្អិតអំពីទីផ្សារអចលនទ្រព្យផងដែរ។ សិក្ខាសាលា នេះបានទាក់ទាញអ្នកចូលរួមចំនួនជាង ១០០ នាក់មកពីស្ថាប័នចម្រុះពាក់ព័ន្ធនឹងវិស័យអចលនទ្រព្យនៅកម្ពុជា។

នាឱកាសនោះដែរ លោក Townsend បានសង្កត់ធ្ងន់អំពីសក្តានុពលនៃការផ្លាស់ប្តូរយុទ្ធសាស្រ្ត ដោយអះអាងថា “សម្រាប់អ្នកអភិវឌ្ឍន៍អចលនទ្រព្យ គួរតែផ្តល់អាទិភាពលើការរៀបចំទ្រព្យក្នុងស្តុករបស់ខ្លួនឡើងវិញ និងសំឡឹងមើលការរៀបចំសេវានិងផលិតផលដែលមានស្រាប់របស់ខ្លួន ដើម្បីបំពេញតម្រូវការទីផ្សារ ជាជាងណែនាំគម្រោងថ្មីសម្រាប់ឆ្នាំ ២០២៤នេះ។ យុទ្ធសាស្ត្រនេះ នឹងជួយឱ្យគេសម្របខ្លួនទៅនឹងសក្ដានុពលដែលកំពុងវិវត្តនៃវិស័យអចលនទ្រព្យ និងបន្ស៊ីខ្លួនជាមួយនឹងតម្រូវការទីផ្សារបច្ចុប្បន្ន។”

ទិដ្ឋភាពទីផ្សារអចលនទ្រព្យ ដែលបានធ្វើបច្ចុប្បន្នភាពដោយ CBRE រំលេចឱ្យឃើញពីនិន្នាការផ្គត់ផ្គង់លើសតម្រូវការ ដែលកំពុងលេចចេញទាំងបញ្ហាប្រឈម និងឱកាសមកព្រមគ្នាតែម្តង។ ជាឱកាសក្នុងន័យនេះ បើតាមលោក Townsend មានទស្សនៈថា “ការផ្គត់ផ្គង់លើសអាចជាអណ្តូងរ៉ែមាសសម្រាប់អ្នកវិនិយោគដ៏ឆ្លាតវៃ។” ផ្ទុយពីប៉ុន្មានឆ្នាំមុន នៅពេលដែលទ្រព្យសកម្មមានសភាពខ្វះខាត ទីផ្សារបច្ចុប្បន្នបានបង្ហាញពីឱកាសចម្រុះ រាប់ចាប់តាំងពីសណ្ឋាគារ និងអាផាតមិន ដល់អគារការិយាល័យ។ ភាពសម្បូរបែបនេះ បានជំរុញឱ្យតម្លៃក្នុងទីផ្សារធ្លាក់ចុះ ដោយផ្តល់នូវឱកាសដែលអាចចូលធ្វើជាម្ចាស់កម្មសិទ្ធិថ្មីដ៏មានសក្តានុពលសម្រាប់អ្នកដែលមិនមានឱកាសចូលទីផ្សារបានកាលពីពេលមុន ដោយសារតែពេលនោះទីផ្សារអចលនទ្រព្យមាន តម្លៃលើសពីសមត្ថភាពខ្លួន។

របាយការណ៍បច្ចុប្បន្នភាពអចលនទ្រព្យចុងក្រោយ ដែលធ្វើបទបង្ហាញក្នុងសិក្ខាសាលានេះក៏​បានឱ្យដឹងផងដែរថា ថ្វីត្បិតតែការវិនិយោគក្នុងវិស័យសំណង់កំពុងមានសន្ទុះឡើងវិញគិតរហូតមកទល់ចុងឆ្នាំ ២០២៣​នេះក្តី ក៏ចំនួននិងទំហំទឹកប្រាក់វិនិយោគគឺបន្តស្ថិតនៅអត្រាមួយទាបជាងពេលមុនវិបត្តិសកល (២០២០) ឆ្ងាយ នេះបើគិតចំពោះតែគម្រោងដែលបានអនុម័តរួច។ ខណៈខែវិចិ្ឆកាឆ្នាំ ២០២៣ នេះ គម្រោងវិនិយោគក្នុងវិស័យសំណង់មានត្រឹមជាង ៣០០០ គម្រោង ក្នុងទំហំទឹកប្រាក់វិនិយោគប្រមាណ ៦ ពាន់លានដុល្លារ ចំណែកឯកាលពីឆ្នាំពី ២០២០ ចំនួនវិនិយោគលើវិស័យសំណង់គឺមានចំនួនជិត ៥០០០ គម្រោង ជាមួយនឹងទំហំទឹកប្រាក់វិនិយោគដល់ទៅជាង ១០ពាន់លានដុល្លារឯណោះ ពោលគឺទាបជាងដល់ទៅ ៥៤%៕