Alynana Media Cambodia
Icon Collap
clinic narit

ធនាគារកណ្តាលថៃថា ការកាត់បន្ថយអត្រាការប្រាក់មិនអាចដោះស្រាយបញ្ហាសេដ្ឋកិច្ចបានឆាប់រហ័សទេ

Media LNN | Jan 18, 2024
ធនាគារកណ្តាលថៃថា ការកាត់បន្ថយអត្រាការប្រាក់មិនអាចដោះស្រាយបញ្ហាសេដ្ឋកិច្ចបានឆាប់រហ័សទេ
Clinic narith

(បាងកក)៖ ធនាគារកណ្តាលថៃបានឱ្យដឹងនៅសប្តាហ៍នេះថា ការស្ទុះងើបឡើងវិញនៃសេដ្ឋកិច្ច «មិនមានតុល្យភាព» របស់ប្រទេសថៃមិនអាចដោះស្រាយបានដោយគ្រាន់តែកែសម្រួលអត្រាការប្រាក់នោះទេ។ ការលើកឡើងនេះជាការឆ្លើយតបទៅនឹងការអំពាវនាវរបស់រដ្ឋាភិបាលថៃឱ្យបន្ធូរបន្ថយគោលនយោបាយរូបិយវត្ថុដើម្បីជួយធ្វើឱ្យសកម្មភាពសេដ្ឋកិច្ចដែលកំពុងធ្លាក់ចុះឱ្យស្ទុះងើបឡើងវិញ។

លោក Piti Disyatat ឧបការីទេសាភិបាលធនាគារកណ្តាលថៃ (BoT) ត្រូវបានដកស្រង់សម្ដីដោយកាសែតបាងកកប៉ុស្តិ៍ ខណៈថ្លែងនៅក្នុងសន្និសីទខ្លីមួយថា អត្រារបស់ធនាគារកណ្តាលមានកម្រិតទាបខ្លាំងបើធៀបនឹងអត្រាការប្រាក់នៅបណ្តាលប្រទេសផ្សេងទៀតក្នុងពិភពលោក និងថា ការកាត់បន្ថយអត្រាការប្រាក់នឹងមិនជួយសេដ្ឋកិច្ចដែលរងគ្រោះដោយកត្តាខាងក្រៅ ដូចជាការធ្លាក់ចុះតម្រូវការសកលនោះទេ។

លោក Piti បានមានប្រសាសន៍ថា៖ «ការពិតគឺថា សេដ្ឋកិច្ចមិនទាន់បានស្ទុះងើបឡើងវិញយ៉ាងទូលំទូលាយនៅឡើយ។ រឿងរ៉ាវទាំងនេះមិនអាចដោះស្រាយបានយ៉ាងងាយស្រួល និងឆាប់រហ័សដោយគោលនយោបាយរូបិយវត្ថុនោះទេ ពីព្រោះរឿងជាច្រើនទាមទារការដោះស្រាយឱ្យត្រូវនឹងឫសគល់នៃបញ្ហា»។

ការអត្ថាធិប្បាយរបស់ឧបការីរូបនេះបានធ្វើឡើងបន្ទាប់ពីនាយករដ្ឋមន្រ្តីថៃលោក សេដ្ឋា ថាវីស៊ីន កាលពីសប្តាហ៍មុនបានជួបជាមួយមន្ត្រីធនាគារកណ្តាលថៃដើម្បីជំរុញឱ្យធនាគាកណ្តាលកាត់បន្ថយអត្រាការប្រាក់គោលនយោបាយដែលមាន ២,៥% ដែលជាកម្រិតខ្ពស់បំផុតក្នុងរយពេលមួយទស្សវត្សរ៍។ ធនាគារកណ្តាលថៃបានរក្សាទុកអត្រាការប្រាក់គោលនយោបាយរបស់ខ្លួននៅដដែលកាលពីខែវិច្ឆិកា បន្ទាប់ពីបានដំឡើងចំនួន ២០០ចំណុចមូលដ្ឋានគិតចាប់តាំងពីខែសីហា ឆ្នាំ២០២២មក ដើម្បីទប់ស្កាត់អតិផរណា។ ធនាគារកណ្តាលថៃនឹងពិនិត្យអត្រាការប្រាក់គោលនេះម្តងទៀតនៅថ្ងៃទី៧ ខែកុម្ភៈ។

លោក ស្រេត ថា ដែលមានបំណងចាប់ផ្តើមសេដ្ឋកិច្ចឡើងវិញជាមួយនឹងវិធានការជំរុញសេដ្ឋកិច្ចនានា បាននិយាយថា ប្រជាជននិងអាជីវកម្មថៃ «កំពុងរងទុក្ខ» ដោយសារអត្រាការប្រាក់ខ្ពស់។ នេះបើយោងតាមកាសែតបាងកកប៉ុស្តិ៍៕