Alynana Media Cambodia
Icon Collap
clinic narit

លោក បៃដិន ថានាយករដ្ឋមន្រ្តីអ៉ីស្រាអែល មិនជំទាស់ទាំងស្រុងចំពោះដំណោះស្រាយរដ្ឋពីរ សម្រាប់ជនជាតិប៉ាឡេស្ទីនទេ

Media LNN | Jan 20, 2024
លោក បៃដិន ថានាយករដ្ឋមន្រ្តីអ៉ីស្រាអែល មិនជំទាស់ទាំងស្រុងចំពោះដំណោះស្រាយរដ្ឋពីរ សម្រាប់ជនជាតិប៉ាឡេស្ទីនទេ
Clinic narith

(វ៉ាស៉ីនតោន)៖ កាលពីថ្ងៃសុក្រសប្តាហ៍នេះ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បានឱ្យដឹងថា រូបលោកបានពិភាក្សាតាមទូរសព្ទ ជាមួយ​នាយករដ្ឋមន្រ្តីអ៉ីស្រាអែល លោក Benjamin Netanyahu អំពីដំណោះស្រាយផ្សេងៗដែលអាចទៅរួច សម្រាប់ការបង្កើតរដ្ឋប៉ាឡេស្ទីនដែលឯករាជ្យមួយ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃសៅរ៍ ទី២០ ខែមករា ឆ្នាំ២០២៤។

កិច្ចសន្ទនាខាងលើកើតមានឡើង បន្ទាប់ពីលោក Netanyahu ទើបតែបានលើកឡើងថា រូបលោកជំទាស់ចំពោះភាពជារដ្ឋឯករាជ្យរបស់​ប៉ាឡេស្ទីន ដែលមិនមានការធានាសន្តិសុខសម្រាប់អ៉ីស្រាអែល។ ថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មាន ក្រោយជំនួបជាមួយក្រុមអភិបាលអាមេរិក លោក បៃដិន បាននិយាយថា លោក Netanyahu មិនជំទាស់ទាំងស្រុងចំពោះដំណោះស្រាយរដ្ឋពីរឡើយ ដ្បិតវាមានច្រើនប្រភេទដែលអាចទៅរួច ហើយលោក បៃដិន បានកត់សម្គាល់ថា សមាជិកអង្គការសហប្រជាជាតិមួយចំនួន គឺមិនមានកងកម្លាំងយោធាទេ។

ពេល​ត្រូវបានសាកសួរថា តើដំណោះស្រាយរដ្ឋពីរជារឿងមិនអាចទៅរួច អំលុងពេលលោក Netanyahu នៅកាន់អំណាច ឬយ៉ាងណានោះ លោក បៃដិន បានឆ្លើយថា «ទេ, វាមិនដូច្នោះឡើយ»។ បើតាមសេតវិមាន លោក បៃដិន និងលោក Netanyahu ក៏បានពិភាក្សាផងដែរ អំពីកិច្ចប្រឹងប្រែងដើម្បីជួយសង្រ្គោះចំណាប់ខ្មាំងនៅសេសសល់ ដែលបន្តស្ថិតក្រោមកណ្តាប់ដៃរបស់ក្រុមហាម៉ាស ព្រមទាំងអំពីការផ្លាស់ប្តូររបស់អ៉ីស្រាអែល ទៅរកប្រតិបត្តិការដែលមានគោលដៅជាក់លាក់ជាងមុន នៅក្នុងតំបន់ Gaza ដើម្បីអនុញ្ញាតឱ្យ​ជំនួយមនុស្សធម៌ អាចទៅដល់ទីនោះបន្ថែមទៀត ដោយសុវត្ថិភាព។

គួរបញ្ជាក់ថា លោក បៃដិន បានព្យាយាមជំរុញឱ្យអ៉ីស្រាអែល កាត់បន្ថយចំនួនជនជាតិប៉ាឡេស្ទីនដែលស្លាប់ បើទោះបីជាលោកបានរក្សា​ការគាំទ្រយ៉ាងរឹងមាំ សម្រាប់អ៉ីស្រាអែលក្នុងសង្រ្គាមប្រឆាំងហាម៉ាសនៅ Gaza ក៏ដោយ។ យ៉ាងណាមិញ មេដឹកនាំទាំងពីរនាពេលនេះ ហាក់ខ្វែងគំនិតគ្នាខ្លាំង ជុំវិញបញ្ហានៃការបង្កើតរដ្ឋប៉ាឡេស្ទីនឯករាជ្យមួយ ខណៈវាគឺជាដំណោះស្រាយដែលលោក បៃដិន បានប្រឹងប្រែងគាំទ្រ​យូរមកហើយ ដើម្បីសម្រេចបានសន្តិភាពរយៈពេលវែង សម្រាប់អ៉ីស្រាអែលនិងប៉ាឡេស្ទីន។

កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ លោក Netanyahu បានថ្លែងក្នុងសន្និសីទសារព័ត៌មានមួយថា លោកបានប្រាប់ទីក្រុងវ៉ាស៉ីនតោនថា រូបលោកជំទាស់ចំពោះ ភាពជារដ្ឋឯករាជ្យរបស់ប៉ាឡេស្ទីនទាំងឡាយណា ដែលមិនមានការធានាចំពោះសន្តិសុខរបស់អ៉ីស្រាអែល។ លោក Netanyahu បានសង្កត់ធ្ងន់នាពេលនោះថា «អ៉ីស្រាអែលចាំបាច់ត្រូវតែគ្រប់គ្រងសន្តិសុខ លើដែនដីទាំងមូលដែលស្ថិតនៅខាងលិច​ទន្លេ Jordan River។ វាគឺជាលក្ខខណ្ឌដ៏ចាំបាច់ជាទីបំផុត»៕