Alynana Media Cambodia
Icon Collap
clinic narit

សម្តេចធិបតី ហ៊ុន ម៉ាណែត ប្រាប់កងទ័ពត្រៀមវិធានការឆ្លើយតបបញ្ហាសកល និងមហិច្ឆិតារបស់ជនក្បត់ជាតិ

Media LNN | Jan 22, 2024
សម្តេចធិបតី ហ៊ុន ម៉ាណែត ប្រាប់កងទ័ពត្រៀមវិធានការឆ្លើយតបបញ្ហាសកល និងមហិច្ឆិតារបស់ជនក្បត់ជាតិ
Clinic narith

 

(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងអគ្គមេបញ្ជាការកំពូលរបស់​ជាតិ បានក្រើនរំលឹកដល់កងទ័ពបង្កើនការប្រុងប្រយ័ត្នខ្ពស់ ត្រៀម​វិធានការទប់ស្កាត់ប្រកបដោយ​ភាពបត់​បែន និងម្ចាស់ការ ឆ្លើយតបទៅនឹងបញ្ហាសកល និងមហិច្ឆិតាអាក្រក់របស់ជនក្បត់ជាតិ។

ការក្រើនរំលឹករបស់សម្តេចធិបតី ហ៊ុន ម៉ាណែត បានរំលេចឡើងក្នុងសារលិខិតខួបអនុស្សាវរីយ៍លើក​ទី២៥ឆ្នាំ ថ្ងៃបង្កើតបញ្ជាការដ្ឋានកងទ័ពជើងគោក (២៤ មករា ១៩៩៩-២៤ មករា ២០២៤)។

ក្នុងសារលិខិតនេះសម្តេចធិបតីនាយករដ្ឋមន្ត្រី បានកោតសរសើរ និងលើកទឹកចិត្តចំពោះ​យោធិនទាំង​អស់ ដែលជានិច្ចកាលតែងតែបានខិតខំព្យាយាមជម្នះឧបសគ្គតូចធំ ប្រកៀកស្មាគ្នាយ៉ាងរឹងមាំ សាមគ្គី​ភាព ឯកភាពផ្ទៃក្នុង និងសហការបានល្អជាមួយបណ្តាគ្រប់កងឯកភាពទូទាំង កងយោធពលខេមរភូមិន្ទ ក្នុងកិច្ចការពារបូរណភាពទឹកដី។ បន្ថែមពីលើនោះបានសហការយ៉ាងល្អប្រសើរជាមួយអាជ្ញាធរមូលដ្ឋាន ព្រមទាំងសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ ក្នុងបុព្វហេតុការពារសន្តិភាព អធិបតេយ្យភាព បូរណភាពទឹកដី និង​រួមចំណែកដល់ដំណើរការអភិវឌ្ឍជាតិក្នុងពេលកន្លងមក ដែលជាពលិកម្មដ៏ធំធេង ដើម្បីជាតិមាតុភូមិ និង​ភាពសុខសាន្តរបស់ប្រជាជន ខណៈដែលប្រទេសមួយចំនួនក្នុងពិភពលោក កំពុងប្រឈម និងរងគ្រោះ ដោយសារសង្គ្រាម អំពើរភេរវកម្ម នឹងព្រឹត្តិការណ៍អសន្តិសុខផ្សេងៗទៀត។

សម្តេចធិបតីបានគូសរំលេចពីគុណសម្បត្តិរបស់កងទ័ពយ៉ាងដូច្នេះ «គ្រប់ស្នាដៃ និងសមិទ្ធផលជាច្រើន​ដែល​កងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទសម្រេចបាននាពេលកន្លងមកនេះ គឺពិតជាមិនអាច​ធ្វើបាននោះទេ ប្រសិនជាមិនមានការចូលរួមចំណែកពីថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ យោធិន គ្រប់រូប ក្នុង​ការ​បំពេញភារកិច្ច ប្រកបដោយភាពអង់អាចក្លាហាន មោះមុត វិន័យម៉ឺងម៉ាត់ និងការប្តេជ្ញាទទួលខុសត្រូវ​នៅ​គ្រប់កាលៈទេសៈ និងគ្រប់ស្ថានភាព»។

ទន្ទឹមនឹងលើកសរសើរពីស្នាដៃ និងកិច្ចប្រឹងប្រែងរបស់កងទ័ពហើយនោះ សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានឆ្លៀតរំលឹកកងទ័ពផងដែរថា ឆ្នាំ២០២៤ នេះ កម្ពុជានៅតែទទួលរង​ឥទ្ធិ​ពល​តិចតួច ឬដោយ​ប្រយោល​ពីស្ថានការណ៍អសន្តិសុខរបស់ពិភពលោក ដែលបង្កឡើងដោយអំពើភេរវកម្ម និង​ឧក្រិដ្ឋកម្ម​ឆ្លងដែន គ្រប់ប្រភេទ​នៅតែជាកម្មវត្ថុដ៏សំខាន់ប្រកបដោយគ្រោះថ្នាក់ គួបផ្សំនឹងភាពផុយ​ស្រួយ​ដែល​បង្កឡើងដោយការវិវត្ត ប្រែ​ប្រួលនៃសភាពការណ៍អន្តរជាតិ ការប្រកួតប្រជែងផ្នែកភូមិសាស្ត្រ​នយោបាយ និងសេដ្ឋកិច្ចរបស់​មហា​អំណាច ការប៉ុនប៉ងជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុង បញ្ហាបដិវត្តន៍​ពណ៌ ព្រមទាំងការគំរាមកំហែងលើ​ឯក​រាជ្យ អធិតេយ្យ និងបូរណភាពទឹកដី ព្រមទាំងមហិច្ឆិតារបស់ជន​ក្បត់​ជាតិ និងអ្នកនយោបាយមួយ​ក្តាប់​តូច។

សម្រាប់សម្តេចធិបតី ហ៊ុន ម៉ាណែត ដើម្បីឆ្លើយតបបញ្ហាទាំងអស់នេះ ទាមទារឱ្យកងទ័ពបង្កើនការប្រុង​ប្រយ័ត្ន​ខ្ពស់ ត្រៀម​វិធានការទប់ស្កាត់ប្រកបដោយភាពបត់បែន និងម្ចាស់ការ។

ក្នុងសារលិខិតនេះ សម្តេចប្រមុខរាជរដ្ឋាភិបាល ជានិស្សិតចេញពីសាលាយោធារបស់អាមេរិក ក៏បាន​ក្រើន​រំលឹកកងទ័ពពីគោលនយោបាយការពារជាតិរបស់រាជរដ្ឋាភិបាលនីតិកាលថ្មី ដែលផ្តោតលើ​គោលដៅ​ដ៏សំខាន់ពីរ គឺធ្វើឱ្យប្រទេសជាតិ​មាន​សុខសន្តិភាព ស្ថិតស្ថេរយូរអង្វែង និងការកសាងឱកាសសម្រាប់​ការ​អភិវឌ្ឍជាតិប្រកបដោយចេរភាព។

សម្តេចធិបតីបន្ថែមថា សុខសន្តិភាព ស្ថិរភាពនយោបាយ និងភាពរីកលូតលាស់ផ្នែកសេដ្ឋកិច្ច ដែល​កម្ពុជា​កំពុងមានក្នុង​ពេល​បច្ចុប្បន្ននេះ ជាពិសេសគឺគោលនយោបាយយុទ្ធសាស្ត្រ​បញ្ចកោណ-ដំណាក់​កាលទី១ ដែលរាជរដ្ឋា​ភិបាល អាណត្តិទី៧ បានដាក់ចេញនេះ ក៏កំពុងតែផ្តល់ឱកាសមួយសម្រាប់​ការ​កសាង និងអភិវឌ្ឍ​សមត្ថភា​ពកងយោធពលខេមរភូមិន្ទផងដែរ។

ផ្អែកលើស្មារតី និងឆន្ទៈខាងលើនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានប្រាប់កងទ័ព ទាំងកងទ័ពជើង​គោក នៃកងយោធ​ពលខេម​រភូមិន្ទ ក៏ដូចជាគ្រប់បណ្តាកងឯកភាពទូទាំងកងយោធពល​ខេម​រភូមិន្ទ ត្រូវតែបន្តជំរុញយកចិត្តទុកដាក់លើ​ការងារ​កែទម្រង់របស់ខ្លួន ដើម្បីឆ្លើយតបឱ្យមានប្រសិទ្ធភាព និង​ធ្វើយ៉ាងណាកសាងពង្រឹងអង្គភាពឱ្យ​បាន​រឹង​មាំលើគ្រប់វិស័យ ដែលជាមូលដ្ឋានដ៏ចាំបាច់ធានាឱ្យ​ការដឹក​នាំបញ្ជា ការកសាងកម្លាំង និងការ​ពង្រឹង​ប្រៀបការពារជាតិរឹងមាំ។

តាមរយៈសារលិខិតនេះ សម្តេចប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក៏បានអះអាងដែរថា រាជរដ្ឋាភិបាលនៅតែបន្ត​ការ​គាំទ្រ និងយកចិត្តទុកដាក់ខ្ពស់លើការងារដោះស្រាយជីវភាព ថវិការបបឧបត្ថម្ភផ្សេងៗ និងការបំពាក់​សម្ភារៈស្របតាមស្ថានភាពនៃសេដ្ឋកិច្ចជាតិ ព្រមទាំងការផ្តល់នូវកិត្តិយស និងការគោរពដោយ​សេចក្ដី​ថ្លៃ​ថ្នូរចំពោះកងយោធពលខេមរភូមិន្ទ ក្នុងន័យជាការតបស្នងដល់គំរូវីរភាព និងគុណូបការៈដ៏ឧត្តុងឧត្តម​របស់​កងយោធពលខេមរភូមិន្ទសម្រាប់បុព្វហេតុជាតិមាតុភូមិ និងប្រជាជន៕