Alynana Media Cambodia
Icon Collap
clinic narit

ប្រទេសថៃ ទទួលបានកំណើនជិត៤០០% នៅក្នុងការចុះបញ្ជីយានយន្តអគ្គិសនីក្នុងឆ្នាំ២០២៣

Media LNN | Jan 22, 2024
ប្រទេសថៃ ទទួលបានកំណើនជិត៤០០% នៅក្នុងការចុះបញ្ជីយានយន្តអគ្គិសនីក្នុងឆ្នាំ២០២៣
Clinic narith

សមាគមយានយន្តអគ្គិសនីថៃ (EVAT) បានចេញផ្សាយទិន្នន័យសង្ខេបស្ដីពីការចុះបញ្ជីនៃយានយន្តអគ្គិសនីថា ប្រទេសថៃ ទទួលបានកំណើនជិត៤០០% នៅក្នុងការចុះបញ្ជីយានយន្តអគ្គិសនីក្នុងឆ្នាំ២០២៣ បើធៀបនឹងឆ្នាំ២០២២។ កំណើននេះឆ្លុះបញ្ចាំងពីការរីកចម្រើនខ្លាំងគួរឱ្យកត់សម្គាល់ និងអនាគតដ៏មានសក្តានុពលសម្រាប់វិស័យយានយន្តអគ្គិសនីនៅក្នុងប្រទេសនេះ។ បើតាមការចេញផ្សាយរបស់សារព័ត៌មានធំៗជាច្រើន។

ទិន្នន័យរបស់សមាគមយានយន្តអគ្គិសនីថៃ (EVAT) បានបង្ហាញកាលពីថ្ងៃសៅរ៍ ទី២០ ខែមករា ថា ការចុះបញ្ជីថ្មីសម្រាប់យានយន្តអគ្គិសនីថ្មី ជាពិសេសរថយន្តអគ្គិសនីបានកើនឡើងខ្លាំងដល់ជាង៧ម៉ឺន៦ពាន់គ្រឿងក្នុងឆ្នាំ២០២៣ បើធៀបនឹងជិត៩ពាន់៧រយគ្រឿងក្នុងឆ្នាំ២០២២។

ការចុះបញ្ជីថ្មីសរុបសម្រាប់យានយន្តអគ្គិសនីតាមប្រភេទផ្សេងៗ បានកើនឡើងដល់ជាង១០ម៉ឺន២រយគ្រឿងក្នុងឆ្នាំ២០២៣ ដែលបង្ហាញពីកំណើន៣៨០%បើធៀបនឹងចំនួនជាង២ម៉ឺន៨រយគ្រឿងដែលបានចុះបញ្ជីក្នុងឆ្នាំ២០២២។

សមាគមនេះបានបញ្ជាក់ថា យានយន្តអគ្គិសនីដែលបានចុះបញ្ជីថ្មីសម្រាប់ឆ្នាំ២០២៣ រួមមាន រថយន្តមានចំនួនជាង៧ម៉ឺន៦ពាន់គ្រឿង ម៉ូតូប្រមាណ២ម៉ឺន២ពាន់គ្រឿង រថយន្តដឹកអ្នកដំណើរជាង១ពាន់២រយគ្រឿង រ៉ឺម៉កកង់បី (ធុកធុក) ជាង៤រយគ្រឿង និងរថយន្តដឹកទំនិញជិត៣រយគ្រឿង។

សមាគមនេះបានបន្ថែមទៀតថា ប្រភេទយានយន្តអគ្គិសនីទាំងនេះបានបង្ហាញពីការរីកចម្រើនគួរឱ្យកត់សម្គាល់ ដោយបានកើនឡើងពីចំនួនជាង៣ម៉ឺន២ពាន់គ្រឿងក្នុងឆ្នាំ២០២២ដល់ជិត១៣ម៉ឺន២ពាន់គ្រឿងក្នុងឆ្នាំ២០២៣ បង្ហាញពីកំណើន៣១១%ដែលគ្របដណ្តប់លើយានយន្តអគ្គិសនីគ្រប់ប្រភេទ។

សមាគមនេះបាននិយាយទៀតថា ក្រុមហ៊ុនផលិតរថយន្តចិន មួយចំនួនរួមទាំងក្រុមហ៊ុន ឆាងអាន (Chang'an) ក្រុមហ៊ុន SAIC និងក្រុមហ៊ុន Great Wall Motors គឺជាអ្នកនាំមុខគេនៅក្នុងការចុះឈ្មោះចូលរួមក្នុងកម្មវិធីយានយន្តអគ្គិសនី EV 3.5 ក្រោមកិច្ចសហការជាមួយនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក ដើម្បីគាំទ្រ និងលើកកម្ពស់ការប្រើប្រាស់យានយន្តអគ្គិសនីនៅប្រទេសនេះ។

លោក ឯកនីទី នីទីថានប្រាផាស (Ekniti Nitithanprapas) អគ្គនាយកនៃអគ្គនាយកដ្ឋានចំណូលបានសង្កត់ធ្ងន់លើការប្តេជ្ញាចិត្តរបស់រដ្ឋាភិបាលថៃ ក្នុងការជំរុញវិធានការគាំទ្រសម្រាប់កម្មវិធីយានយន្តអគ្គិសនី EV 3.5 ពីឆ្នាំ២០២៣ ដល់ឆ្នាំ២០២៦ ហើយគោលនយោបាយនេះត្រូវបានរំពឹងថា នឹងជំរុញឱ្យប្រទេសថៃ ក្លាយជាមជ្ឈមណ្ឌលផលិតយានយន្តអគ្គិសនីនៅក្នុងតំបន់ ដែលវាស្របទៅតាមយុទ្ធសាស្ត្របរិស្ថានសកល ដែលលើកកម្ពស់អព្យាក្រឹតកាបូន និងកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់ឱ្យមកនៅកម្រិតសូន្យ។

ការនាំចូលយានយន្តអគ្គិសនីក្រោមគោលនយោបាយ EV 3.5 នេះត្រូវបានប៉ាន់ប្រមាណថានឹងឈានដល់ប្រមាណ១៧ម៉ឺន៥ពាន់គ្រឿងនៅចន្លោះឆ្នាំ២០២៣ និង២០២៤។ កំណើននេះត្រូវបានរំពឹងថា នឹងជួយជំរុញការផលិតយានយន្តអគ្គិសនីក្នុងស្រុកឱ្យបានចន្លោះពី៣៥ម៉ឺនគ្រឿងទៅ៥២ម៉ឺន៥ពាន់គ្រឿងនៅត្រឹមឆ្នាំ២០២៦៕