ប្រឈមមុខនឹងភាពតានតឹង និងការកើនឡើងនៃរនាំងពាណិជ្ជកម្មឥតឈប់ឈរ រវាងប្រទេសចិន និងលោកខាងលិច របាយការណ៍វិភាគថ្មីមួយដោយក្រុមប្រឹក្សាយោបល់បូស្តុន (BCG) បានព្យាករពីការកើនឡើងយ៉ាងខ្លាំងនៃពាណិជ្ជកម្មរវាងប្រទេសចិន និងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ជំនួសវិញ។ ភាពជាដៃគូសេដ្ឋកិច្ចថ្មីរវាងចិននិងអាស៊ានដែលកំពុងរីកចម្រើននេះ នឹងឈានដល់ ៦១៦ ពាន់ពាន់លានដុល្លារ នៅក្នុងទសវត្សរ៍ខាងមុខ នេះបើយោងតាមសេចក្តីរាយការណ៍របស់ zawya.com នៅថ្ងៃទី០៩ ខែមករា ឆ្នាំ ២០២៤។
របាយការណ៍ស្រាវជ្រាវរបស់ BCG សង្កត់ធ្ងន់ថា ប្រទេសចិន ក្នុងនាមជាប្រទេសនាំចេញទំនិញឈានមុខគេរបស់ពិភពលោក នៅតែមានភាពធន់ក្នុងការទាញយកសក្ដានុពលពីពាណិជ្ជកម្មពិភពលោក។ ស្ថាប័នទីប្រឹក្សាដដែលបានកត់សម្គាល់ថា “ការរំខានណាមួយនៅក្នុងពាណិជ្ជកម្មរវាងចិន និងលោកខាងលិច ទំនងជានឹងបង្វែរទិសដៅពាណិជ្ជកម្មឆ្ពោះទៅរកជម្រើសជំនួស ដោយសំអាងលើគុណសម្បត្តិសេដ្ឋកិច្ចដែលមានលក្ខណៈគ្រប់គ្រាន់ មានប្រៀបជាងនិងមានភាពសម្របខ្លួនបានល្អជាង របស់ប្រទេសចិន។”
ខណៈពេលដែលភាពតានតឹងពាណិជ្ជកម្មរវាងចិន និងសហរដ្ឋអាមេរិកត្រូវបានគេរំពឹងថានឹងធ្លាក់ចុះយ៉ាងខ្លាំង ដោយមានការព្យាករថានឹងធ្លាក់ចុះ ១៩៧ពាន់លានដុល្លារនៅឆ្នាំ ២០៣២ ពីកម្រិតឆ្នាំ ២០២២។ ដោយឡែក ទំនាក់ទំនងពាណិជ្ជកម្មរវាងចិនជាមួយសហភាពអឺរ៉ុប (EU) ត្រូវបានគេរំពឹងថា នឹងនៅតែបន្តកើនឡើង ប៉ុន្តែស្ថិតក្នុងល្បឿនមួយយឺត បើប្រៀបធៀបទៅនឹងមធ្យមភាគនៃពាណិជ្ជកម្មសកល។
ទិដ្ឋភាពពាណិជ្ជកម្មសកលដែលកំពុងវិវឌ្ឍ ក៏បង្ហាញពីឱកាសសម្រាប់ប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍ និងឥណ្ឌាផងដែរ ដោយពាណិជ្ជកម្មសកលរបស់អាស៊ាន ត្រូវបានគេរំពឹងថានឹងកើនឡើងចំនួន ១,២ពាន់ពាន់លានដុល្លារ (US$1.2 trillion) ហើយទំហំពាណិជ្ជកម្មរវាងឥណ្ឌានិងទីផ្សារសាកលនឹងកើនឡើងជាង ៣៩០ ពាន់លានដុល្លារ៕