បច្ចុប្បន្នមានក្រុមហ៊ុនជាង២៣០ក្រុមហ៊ុនមកពី១០ប្រទេស កំពុងវិនិយោគនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ជាមួយទុនវិនិយោគជាង១ពាន់២រយលានុដុល្លារអាម៉េរិក ខណៈបច្ចុប្បន្នមានក្រុមហ៊ុនថ្មីចំនួន៣២ កំពុងសម្រុងការសាងសង់ដោយគ្រោងបើកដំណើរការក្នុងពេលឆាប់ៗខាងមុខ។
នេះបើតាមការគូសបញ្ជាក់របស់មន្ត្រីជាន់ខ្ពស់ក្រសួងពាណិជ្ជកម្ម ដែលបានបន្ថែមថា តំបន់សេដ្ឋកិច្ចពិសេសបាន និងកំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការចូលរួមចំណែកជួយគាំទ្រ លើកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋ និងពង្រីកសេដ្ឋកិច្ច និងជំរុញកំណើនផលិតផលក្នុងស្រុកសរុប(GDP)របស់កម្ពុជា។ ជាក់ស្តែងនៅក្នុងឆ្នាំ២០២៣ កន្លងទៅការនាំចេញនាំចូលទំនិញរបស់ក្រុមហ៊ុន សហគ្រាសនៅតំបន់សេដ្ឋកិច្ចក្រុងព្រះសីហនុមានទំហំជាង៣ពាន់៣រយលានដុល្លារអាម៉េរិក កើនឡើងជិត៣៥% បើធៀបនឹងឆ្នាំមុន។
នៅប៉ុន្មានឆ្នាំចុងក្រោយយើងសង្កេតឃើញថា ការវិនិយោគ និងការធ្វើពាណិជ្ជកម្មនៅក្នុងតំបន់សេដ្ឋកិច្ចក្រុងព្រះសីហនុមានការរីកចម្រើនគួរឱ្យកត់សម្គាល់ទាំងបរិមាណក្រុមហ៊ុន និងទំហំនៃការនាំចេញចូលទំនិញ។ បើតាមការគូសបញ្ជាក់របស់ឯកឧត្តម ប៉ែន សុវិជាតិ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម ភាពរីកចម្រើនរបស់តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុនេះ កំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការស្រូបទាញការវិនិយោគផ្ទាល់ពីបរទេសចូលមកកាន់ប្រទេសកម្ពុជា ជាពិសេសវិនិយោគិនចិនតែម្តង។
បច្ចុប្បន្នមានក្រុមហ៊ុនចំនួន២៣១ក្រុមហ៊ុនមកពី១០ប្រទេស កំពុងធ្វើប្រតិបត្តិការ និងវិនិយោគនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសនេះ ជាមួយទុនវិនិយោគជាង១ពាន់២រយលានដុល្លារ និងបានបង្កើតឱកាសការងារជាង២ម៉ឺន៥ពាន់កន្លែង ដែលជាផ្នែកមួយជួយលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ និងកាត់បន្ថយអត្រាគ្មានការងារធ្វើបានយ៉ាងច្រើនផងដែរ។
បើតាមការះអាងរបស់មន្ត្រីជាន់ខ្ពស់រូបនេះ បច្ចុប្បន្នតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ មានក្រុមហ៊ុនថ្មី ចំនួន៣២កំពុងសាងសង់ និងគ្រោងបើកដំណើរជាបន្តបន្ទាប់ក្នុងពេលេឆាប់ៗខាងមុខនេះ។ ក្រៅពីជួយលើកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋ ភាពជោគជ័យនៃតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ បានជួយជំរុញការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនានា ដើម្បីជួយគាំទ្រដល់សកម្មភាពសេដ្ឋកិច្ចដែលកំពុងកើនឡើងផងដែរ។ យ៉ាងណាមិញ មន្រ្តីជាន់ខ្ពស់រូបនេះ ចាត់ទុកការរីកច្រើនហេដ្ឋារចនាសម្ព័ន្ធដូចជាផ្លូវថ្នល់ កំពង់ផែ និងឧបករណ៍ប្រើប្រាស់អាចទាក់ទាញអាជីវកម្ម និងអ្នកវិនិយោគកាន់តែច្រើន។ ទន្ទឹមគ្នានេះ លទ្ធផលវិជ្ជមានដែលទទួលបានពីតំបន់សេដ្ឋកិច្ចពិសេស ត្រូវបានអ្នកជំនាញរូបនេះ កត់សម្គាល់ឃើញថា បានជួយដល់សេដ្ឋកិច្ចរបស់កម្ពុជា និងជួយជំរុញការអភិវឌ្ឍ និងផលិតផលក្នុងស្រុកសរុបរបស់កម្ពុជាឱ្យកាន់តែខ្ពស់ផងដែរ។
សម្រាប់មន្រ្តីជាន់ខ្ពស់រូបនេះ ការកើនឡើងនៃសកម្មភាពសេដ្ឋកិច្ច និងការនាំចេញពីតំបន់សេដ្ឋកិច្ចពិសេសអាចនាំឱ្យមានចំណូលពន្ធខ្ពស់សម្រាប់រដ្ឋាភិបាលកម្ពុជា សម្រាប់ប្រើប្រាស់ក្នុងវិស័យសេវាសាធារណៈ គម្រោងហេដ្ឋារចនាសម្ព័ន្ធ និងគំនិតផ្តួចផ្តើមផ្សេងទៀត ដើម្បីផ្តល់អត្ថប្រយោជន៍ដល់ប្រជាជនទាំងមូល។ ទន្ទឹមគ្នានេះអ្នកជំនាញរូបនេះកត់សម្គាល់ថា កិច្ចខិតខំប្រឹងប្រែងប្រកបដោយនិរន្តរភាព ដើម្បីដោះស្រាយបញ្ហាប្រឈមនានា ដែលពាក់ព័ន្ធនឹងក្តីកង្វល់ បរិស្ថាន លក្ខខណ្ឌការងារ និងបញ្ហាបទប្បញ្ញត្តិ គឺជាកត្តាសំខាន់ក្នុងការធានានូវនិរន្តរភាពយូរអង្វែង និងផលប៉ះពាល់ជាវិជ្ជមាននៃសកម្មភាពសេដ្ឋកិច្ចនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស និងសេដ្ឋកិច្ចកម្ពុជា។
យោងតាមទិន្នន័យពីតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ បានឱ្យដឹងថា នៅក្នុងឆ្នាំ២០២៣ តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ សម្រេចបានទំហំទឹកប្រាក់នៃការនាំ ចេញ នាំចូលសរុប ចំនួនជាង៣ពាន់៣រយលានដុល្លារអាម៉េរិក បានកើនឡើង៣៤,៨៦% បើប្រៀបធៀបនឹងរយៈពេលដូចគ្នានាឆ្នាំមុន ស្មើនឹងប្រមាណ៧,១៨% នៃទំហំទឹកប្រាក់នាំចេញនាំចូលរបស់ប្រទេសកម្ពុជា៕