សហគា្រសគ្រប់គ្រងសំរាមសំណល់រឹងទីប្រជុំជន របស់រដ្ឋបាលសាលារាជធានីភ្នំពេញ បានចេញសេចក្តីជូនដំណឹងថា ចាប់ពីខែមករាឆ្នាំ២០២៤នេះតទៅ នឹងចាប់ផ្តើមអនុវត្តច្បាប់ពេញលេញ ធ្វើការផាកពិន័យចំពោះអំពើល្មើសនឹងការគ្រប់គ្រងសំរាមសំណល់រឹងទីប្រជុំជន ហើយនឹងធ្វើការផាកពិន័យចំពោះអ្នកបង់ថ្លៃសំរាមយឺតទៅគោលការណ៍ច្បាប់ និងលិខិតបទដ្ឋានគតិយុត្តិជាធរមាន។
បើតាមសមាជិកក្រុមប្រឹក្សាសង្កាត់ចាក់អង្រែក្រោម លោក កែវ រតនា ប្រាប់ថា ជារួមអាជ្ញាធរមូលដ្ឋានសង្កាត់ចាក់អង្រែក្រោម ក៏ដូចបណ្តាសង្កាត់នានាទៀត បន្ទាប់ពីបានចូលប្រជុំទទួលគោលការណ៍ណែនាំការអនុវត្តផាកពិន័យ អំពើល្មើសនឹងការគ្រប់គ្រងសំរាមសំណល់រឹងនោះហើយ អាជ្ញាធរមូលដ្ឋានបានចុះណែនាំពលរដ្ឋតាមខ្នងផ្ទះ ឲ្យធ្វើការគ្រប់គ្រងសំរាមបញ្ចេញសំរាមឲ្យត្រូវម៉ោងពេល ញែកទុកដាក់សំរាមរឹង និងសើមឲ្យបានត្រឹមត្រូវ និងត្រូវទៅបង់ថ្លៃប្រមូលសំរាមបានឲ្យទៀងទាត់ និងទាន់ពេលវេលាមុនថ្ងៃទី១៥ តាមខែនីមួយៗ។
ពលរដ្ឋថ្លែងថា អស់រយៈពេលច្រើនឆ្នាំមកហើយដែលច្បាប់ និងលិខិតបទដ្ឋានគតិយុត្តិការផាកពិន័យលើអំពើល្មើសនឹងគ្រប់គ្រងសំរាមបានធ្វើការផ្សព្វផ្សាយ ហើយគាំទ្រឲ្យអាជ្ញាធរអនុវត្តអនុវត្តច្បាប់គោលការណ៍ផាកពិន័យគ្រប់គ្របង់សំរាមមិនត្រឹមត្រូវ ការមិនបង់ថ្លៃសំរាម និងការបង់ថ្លៃយឺត ជាដើមដើម្បីជំរុញលើកទឹកចិត្តអ្នកប្រមូលសំរាម តាមក្រុមហ៊ុននានា ធ្វើការងារល្អ ធ្វើឲ្យបរិស្ថាន សុខភាព។
លោក ម៉េត មាសភក្តី អ្នកនាំពាក្យសាលារាជធានីភ្នំពេញ បញ្ជាក់ថា ការងារអប់រំផ្សព្វផ្សាយការទុកដាក់គ្រប់គ្រងសំរាមរឹង និងសើម និងផ្សព្វផ្សាយជំរុញពលរដ្ឋបង់ថ្លៃសំរាមឲ្យទាន់ពេលវេលានោះ គឺរដ្ឋបាលរាជធានីភ្នំពេញ និងអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់បានចុះផ្សព្វផ្សាយជាច្រើនឆ្នាំមកហើយ។ ពលរដ្ឋស្ទើរតែទាំងអស់គ្នា គឺបានអនុវត្តត្រឹមត្រូវបានច្បាប់ និងនៅសល់តែមួយចំនួនតូចប៉ុណ្ណោះនៅមិនទាន់អនុវត្ត ដូចជាការបញ្ចេញសំរាមខុសពេលវេលា និងការបង់ថ្លៃសំរាមយឺត ដែលអ្នកទាំងនោះនឹងរងការផាកពិន័យទៅតាមចំនួនទឹកប្រាក់ ទោសកំហុសដែលខ្លួនបានប្រព្រឹត្ត ចាប់ពីខែមករាឆ្នាំ២០២៤តទៅ៕