(ភ្នំពេញ)៖ ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៤នេះ បានចេញសេចក្តីប្រកាសព័ត៌មានថ្មីមួយ ដោយប្រកាសឱ្យបងប្អូនប្រជាពលរដ្ឋ ប្រុងប្រយ័ត្ន ក្នុងការប្រើប្រាស់វ៉ាក់សាំងបង្ការជំងឺគ្រុនឈាម ដែលពុំទាន់បានការទទួលស្គាល់ពីអង្គការសុខភាពពិភពលោក។
តាមសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាល បានឲ្យដឹងថា ការប្រកាសដូច្នេះ ដោយសារបច្ចុប្បន្ននេះ មានបណ្ដាញទំនាក់ទំនងសង្គម និងបុគ្គលមួយចំនួន កំពុងធ្វើការផ្សព្វផ្សាយឱ្យប្រើប្រាស់វ៉ាក់សាំងបង្ការជំងឺឈាមឈ្មោះ Qdenga ។
ក្រសួងសុខាភិបាល ក៏បានបញ្ជាក់ទៀតថា បច្ចុប្បន្ននេះ វ៉ាក់សាំងបង្ការជំងឺគ្រុនឈាមឈ្មោះ Qdenga កំពុងស្ថិតក្នុងដំណាក់កាលសិក្សាទី ៣ នៃដំណាក់កាលសិក្សាសរុបទាំង ៤ នៅឡើយ។ ទន្ទឹមនឹងនេះ អង្គការសុខភាពពិភពលោក (WHO) និងនាយកដ្ឋានចំណីអាហារ និងឱសថសហរដ្ឋអាមេរិក (FDA ) ក៏មិនទាន់ទទួលស្គាល់វ៉ាក់សាំង Qdenga នៅឡើយដែរ។ ក្នុងខណៈនេះអង្គការសុខភាពពិភពលោក (WHO) ក៏បានព្រមានអំពីការប្រើប្រាស់ Qdenga ចំពោះអ្នកមិនធ្លាប់កើតជំងឺគ្រុនឈាមកន្លងមក វ៉ាក់សាំងនេះដើរតួនាទីជាការចម្លងជំងឺគ្រុនឈាមលើកទី១ ហើយនៅពេលបុគ្គលនេះកើតជំងឺគ្រុនឈាមម្ដងទៀត វាក្លាយទៅជាការកើតជំងឺគ្រុនឈាមលើកទី២ ដែលអាចនឹងវិវត្តទៅរកជំងឺគ្រុនឈាមធ្ងន់ធ្ងរ។
បច្ចុប្បន្ននេះ វ៉ាក់សាំងបង្ការជំងឺគ្រុនឈាមឈ្មោះ adenga មិនទាន់ត្រូវបានចុះបញ្ចិកានៅក្នុងប្រទេសកម្ពុជានៅឡើយ។ ទន្ទឹមនឹងនោះក្រសួងសុខាភិបាលបានអំពាវនាវដល់សាធារណជន ស្វែងយល់ និងបន្តការយកចិត្តទុកដាក់ក្នុងការថែទាំសុខភាពដោយមធ្យោបាយសមស្របដែលមានការអនុញ្ញាតដោយក្រសួងសុខាភិបាល។
ជាមួយគ្នានេះ ដើម្បីបង្ការការចម្លងជំងឺគ្រុនឈាម ក្រសួងសុខាភិបាល សូមអំពាវនាវដល់សាធារណជន រួមទាំងអាជ្ញាធរមូលដ្ឋាន ត្រូវសកម្មចូលរួមកម្ចាត់ដង្កូវទឹកនៅតាមទីកន្លែង ដែលមានទឹកដក់ ដូចជា សំបកកង់ឡាន ម៉ូតូ ពាង សំបកដប កំប៉ុង ត្រឡោកដូង និងវត្ថុដក់ទឹកផ្សេងទៀត។ ក្នុងករណីមានរោគសញ្ញាក្តៅខ្លួនខ្លាំងភ្លាមៗ ត្រូវប្រញាប់នាំអ្នកជំងឺទៅរកសេវាពិនិត្យ និងព្យាបាលនៅតាមណ្ឌលសុខភាព ឬមន្ទីរពេទ្យ ដែលនៅជិតបំផុត ជាបន្ទាន់៕