(ភ្នំពេញ)៖ នៅឆ្នាំ២០២៣ កម្ពុជានាំចេញដំឡូងមីស្រស់ ដំឡូមីក្រៀម និងម្សៅដំឡូងមី សរុបជាង៣លានតោន។ នេះបើតាមរបាយការណ៍របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។
របាយការណ៍បានបញ្ជាក់ថា រយៈពេល១២ខែ ឆ្នាំ២០២៣ កម្ពុជាបាននាំចេញ ចំណិតដំឡូងមីក្រៀមមានចំនួន ១ ២៨៩ ៧៣៩.០៤តោន ធ្លាក់ចុះ ៣៧.៦៤%, នាំចេញដំឡូងមីស្រស់មានចំនួន ១ ៩៦១ ៣៧៥ តោន កើនឡើង ២៦.៥១%, នាំចេញម្សៅដំឡូងមីមានចំនួន៣៦ ២៥៦.៨០តោន ធ្លាក់ចុះ៤៥.៣៩% និងនាំចេញកាកសំណល់ដំឡូងមី មានចំនួន ៧៤ ៧៩៦ តោន កើនឡើងចំនួន ៧៥.៣១%។
សម្រាប់តម្លៃដំឡូងមីនៅចុងឆ្នាំ២០២៣ និងដើមឆ្នាំ២០២៤ នៅរក្សាបានតម្លៃល្អប្រសើរក្នុងចន្លោះ៣៥០-៣៨០រៀលក្នុងមួយគីឡូក្រាម ចំពោះដំឡូងមីស្រស់ ចំណែកដំឡូងមីក្រៀមចន្លោះ៧០០-៨០០រៀលក្នុងមួយគីឡូក្រាម ដែលជាតម្លៃប្រជាកសិករទទួលយកបាន។
លោក អិល ឈិញ ប្រធានសមាគមដំឡូងមីខ្មែរ បានថ្លែងឲ្យដឹងថា «ចំពោះតម្លៃដំឡូងមីនៅចុងឆ្នាំ២០២៣ និងបច្ចុប្បន្ននេះតម្លៃប្រហាក់ប្រហែលគ្នា តម្លៃខុសត្រូវគ្នាបន្ដិចបន្ដួចតាមតំបន់ ដោយមានតម្លៃចន្លោះ៣៦០រៀលក្នុងមួយគីឡូក្រាម សម្រាប់ដំឡូងមីស្រស់ ចំណែកដំឡូងមីក្រៀមមានតម្លៃចន្លោះពី ៧៥០-៧៨០រៀលក្នុងមួយគីឡូក្រាម»។
លោកបានបន្ដថា «ចំពោះទិន្នផលដំឡូងមី សម្រាប់ឆ្នាំ២០២៤នេះ យើងពុំទាន់ច្បាស់នៅឡើយទេ ប៉ុន្ដែសម្រាប់ឆ្នាំ២០២៣ យើងទទួលបានទិន្នផលល្អប្រសើរជាង ឆ្នាំ២០២២។ ចំណែការដាំដុះដំឡូងមីរបស់ប្រជាពលរដ្ឋ ក្នុងអំឡុងខែប្រាំងបានបញ្ចប់នៅអំឡុងខែធ្នូ ឆ្នាំ២០២៣ ខណៈការដាំដុះដំឡូងមីក្នុងខែវស្សានឹងបន្ដក្នុងអំឡុងខែមីនា ប៉ុន្ដែអាស្រ័យលើអាកាសធាតុអំណោយផលដែល ទើបអាចធ្វើការដាំដុះបាន»។
លោកបញ្ជាក់ថា យ៉ាងណាក្ដីការដាំដុះដំឡូងមីរបស់ប្រជាពលរដ្ឋ មានជួបបញ្ហាប្រឈមមួយចំនួន ដោយសារតែការដាំដុះ ត្រូវពឹងផ្អែកលើអាកាសធាតុមានន័យថា ការដាំដុះដំឡូងមីក្នុងរដូវវស្សានឹងចាប់ផ្ដើមនៅខែមីនា ប៉ុន្ដែប្រសិនជាខែមីនា ពុំមានភ្លៀងធ្លាក់នោះទេ នោះការដាំដុះនឹងអូសបន្លាយរហូតដល់ខែឧសភា ចំពោះការអូសបន្លាយពេលយូរនេះ នឹងធ្វើឲ្យដើមពូជងាប់ ហើយពេលត្រូវដាំដុះនឹងត្រូវទិញដើមពូជ ពីបណ្ដាប្រទេសជិតខាងមកវិញជាមួយនឹងតម្លៃថ្លៃ។
ទីផ្សារនាំចេញដំឡូងមី គឺមានប្រទេសថៃ និងប្រទេសវៀតណាម ខណៈប្រទេសចិន នៅមានចំនួនតិចតួចនៅឡើយ។
សូមជម្រាបថា នៅក្នុងប្រទេសកម្ពុជា មានផ្ទៃដីដាំដុះដំឡូងមីជាង ១លានហិចតា បច្ចុប្បន្នបានអនុវត្តន៍ការដាំដុះបានចន្លោះពី ៧០-៨០ម៉ឺនហិចតា និងមាន ១៧ខេត្តជាគោលដៅ៕