ទិន្នន័យបង្ហាញថា ការផលិតថាមពលនុយក្លេអ៊ែទំនងជានឹងបំបែកកំណត់ត្រា នៅក្នុងឆ្នាំ២០២៥ នៅពេលប្រទេសកាន់តែច្រើនបានបោះទុនវិនិយោគលើម៉ាស៊ីនរ៉េអាក់ទ័រ សម្រាប់ការផលិតថាមពលនុយក្លេអ៊ែ ដើម្បីរួមគ្នាកាត់បន្ថយការបំភាយឧស្ម័នកាបូនចូលទៅក្នុងបរិយាកាស ខណៈដែលថាមពលកកើតឡើងវិញទំនងជានឹងវ៉ាឈ្នះធ្យូងថ្មក្លាយជាប្រភពថាមពលដ៏សំខាន់នៅដើមឆ្នាំក្រោយនេះ។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មានធំៗជាច្រើន។
របាយការណ៍ស្តីពីស្ថានភាពទីផ្សារអគ្គិសនីពិភពលោក ដែលចេញផ្សាយដោយទីភ្នាក់ងារថាមពលអន្តរជាតិ (IEA) កាលពីថ្ងៃពុធ ទី២៤ ខែមករា បង្ហាញថា ប្រទេសចិន ឥណ្ឌា កូរ៉េ និងអឺរ៉ុប ទំនងជាចាប់ផ្ដើមដំណើរការម៉ាស៊ីនរ៉េអាក់ទ័រថ្មីៗសម្រាប់ផលិតថាមពលនុយក្លេអ៊ែ ខណៈម៉ាស៊ីនរ៉េអាក់ទ័រមួយចំនួននៅប្រទេសជប៉ុន ត្រូវបានព្យាករថា នឹងដាក់ឱ្យដំណើរការឡើងវិញ ហើយទន្ទឹមនេះប្រទេសបារាំង ក៏នឹងបង្កើនទិន្នផលថាមពលនុយក្លេអ៊ែរបស់ខ្លួនផងដែរ។
ទន្ទឹមនេះ តម្រូវការអគ្គិសនី ក៏ត្រូវបានរំពឹងថា នឹងកើនឡើងផងដែរនៅទូទាំងពិភពលោក ដោយភាគច្រើនត្រូវបានជំរុញដោយចលនាផ្លាស់ប្ដូរឆ្ពោះទៅរកសេដ្ឋកិច្ច ដែលមានកម្រិតកាបូនទាប។ តួយ៉ាងដូចជាយានយន្តអគ្គិសនីជាដើម ដែលកំពុងមានតម្រូវការកើនឡើងខ្លាំងទូទាំងពិភពលោក គឺត្រូវការអគ្គិសនីជាជាងប្រេងឥន្ធនៈ និងឧស្ម័ន។
ការវិភាគប្រចាំឆ្នាំរបស់ទីភ្នាក់ងារ IEA អំពីការវិវត្តនៃទីផ្សារ គោលនយោបាយ និងអគ្គិសនីក្នុងឆ្នាំ២០២៤ ដែលចេញផ្សាយកាលពីថ្ងៃពុធ សប្ដាហ៍នេះ បានបង្ហាញថា តម្រូវការអគ្គិសនីសកលបានកើនឡើង២,២% ក្នុងឆ្នាំ២០២៣ ហើយទំនងជាកើនឡើងដល់ប្រមាណ៣,៤% ពីឆ្នាំ២០២៤ ដល់ឆ្នាំ២០២៦។ ការកើនឡើងភាគច្រើនត្រូវបានរំពឹងនឹងកើតឡើងនៅក្នុងបណ្ដាសេដ្ឋកិច្ចរីកចម្រើនឆាប់រហ័សដូចជាប្រទេសចិន ឥណ្ឌា និងអាស៊ីអាគ្នេយ៍ជាដើម។
ការបន្តកំណើនយ៉ាងឆាប់រហ័សក្នុងការផ្គត់ផ្គង់ថាមពលកកើតឡើងវិញនេះមានន័យថា តម្រូវការថាមពលបន្ថែមទំនងជាត្រូវបានរ៉ាប់រងទាំងស្រុងតាមរយៈការផលិតថាមពលពីខ្យល់ ពន្លឺព្រះអាទិត្យ និងថាមពលស្អាតផ្សេងៗទៀត។ ថាមពលកកើតឡើងវិញទាំងនេះនឹងមានចំណែកគ្របដណ្ដប់រហូតដល់ទៅប្រមាណ១ភាគ៣ នៃការផលិតអគ្គិសនីសរុបទូទាំងពិភពលោកនៅដើមឆ្នាំ២០២៥។
លោក ដេវ ចន (Dave Jones) នាយកផ្នែកទស្សនវិស័យនៅក្រុមហ៊ុនវិភាគថាមពល អិមប័រ (Ember) លើកឡើងថា លទ្ធផលនេះបានបង្ហាញយ៉ាងច្បាស់ពីចំណុចរបត់ដ៏មានសក្តានុពលមួយ ហើយវាគឺជាការចាប់ផ្តើមនៃដំណើរឈានទៅរកការបញ្ចប់យុគសម័យឥន្ធនៈហ្វូស៊ីល៕