ភ្នំពេញ៖ ស្ពានអាកាសមរតតេជោ ដែលមានទីតាំងនៅចំណុចប្រសព្វក្បាលថ្នល់ បានឈានដល់ការតភ្ជាប់តំណរស្ពាន ដំណាក់កាលទី១ ហើយដែលគ្រោងនឹងដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ក្នុងរយៈពេល ៧៤ថ្ងៃខាងមុខ។
ពិធីតភ្ជាប់តំណរស្ពាន បានធ្វើឡើងនៅព្រឹកថ្ងៃទី២៩ ខែមករា ឆ្នាំ ២០២៤ ក្រោមវត្តមានលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នៅទីតាំងស្ពាន ដែលស្ថិតនៅចំណុចប្រសព្វរវាងមហាវិថីព្រះមុនីវង្ស, មហាវិថីសម្តេចតេជោ ហ៊ុន សែន និងមហាវិថីយោធពលខេមរភូមិន្ទ (ផ្លូវ២៧)។
បើតាមលោក ឃួ ង ស្រេង បានឱ្យដឹងថា ស្ពានអាកាសព្រះមុនីវង្សថ្មី ត្រូវបានប្តូរឈ្មោះ មកជាស្ពានអាកាសមរតកតេជោវិញ។ ស្ពាននេះ ក្នុងដំណាក់កាលទី១ ការសាងសង់ស្ពានអាកាសមរតកតេជោ ( ស្ពានអាកាសជាន់ទី២) បច្ចុប្បន្ន សាងសង់ បានសម្រេចប្រមាណ ៨០% ហើយតាមផែនការ គ្រោងនឹងត្រូវបញ្ចប់ នៅចុងខែមីនា ឆ្នាំ២០២៤ ខាងមុខនេះ។
សូមបញ្ជាក់ថា ក្រោយបញ្ចប់ និងដាក់ឱ្យប្រើប្រាស់ដំណាក់កាលទី១រួចរាល់ ដំណាក់កាលទី២ គ្រោង នឹងបញ្ចប់មុនចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំ២០២៥។ ស្ពានអាកាសមរតកតេជោ ជាស្ពានអាកាសទី៨ នៅក្នុងរាជធានីភ្នំពេញ។
ស្ពានអាកាសនេះ សាងសង់ដោយក្រុមហ៊ុនវិនិយោគទុនអាណិកជនកម្ពុជា (OCIC) ដែលគ្រោងចំណាយថវិកាជាង ៣៦លានដុល្លារ និងចំណាយពេលវេលាសាងសង់ ៣៦ខែ៕