(ភ្នំពេញ)៖ នៅព្រឹកថ្ងៃពុធ ៦រោច ខែបុស្ស ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៤នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានអញ្ជើញជាអធិបតីប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ «កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ឆ្នាំ២០២៤»។
ខាងក្រោមជាខ្លឹមសារសំខាន់ៗរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ឱកាសអញ្ជើញប្រកាសដាក់ឱ្យអនុវត្ត «កម្មវិធីពិសេសជំរុញការវិនិយោគ ក្នុងខេត្តព្រះសីហនុឆ្នាំ២០២៤»៖
* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា រាជរដ្ឋាភិបាលនីតិកាលថ្មី សម្រេចបានលទ្ធផលការងារជាបន្តបន្ទាប់ ដែលបង្ហាញឱ្យឃើញពីកិច្ចប្រឹងប្រែង និងការយកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាល។
* សម្តេចធបិតី ហ៊ុន ម៉ាណែត បានថ្លែងថា «កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុឆ្នាំ២០២៤» ជាជំហានជាក់ស្តែងថ្មីមួយទៀតរបស់រាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចក្នុងខេត្តព្រះសីហនុ។
* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ខេត្តព្រះសីហនុ និងខេត្តសៀមរាប ជាគោលដៅពិសេសសម្រាប់ការដោះស្រាយ អ៊ីចឹងហើយបានរាជរដ្ឋាភិបាលដាក់ចេញកម្មវិធីពិសេសក្នុងខេត្តទាំងពីរ។
* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការកាត់បន្ថយតម្លៃឡូជីស្ទីក និងការស្តារវិស័យសំណង់នៅខេត្តព្រះសីហនុ នឹងជួយដល់ការវិនិយោគ និងបញ្ហានៅតំបន់ដទៃ។
* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ដើម្បីដោះស្រាយបញ្ហាក្នុងខេត្តព្រះសីហនុឱ្យមានប្រសិទ្ធភាព ត្រូវប្រើយន្តការជួយពីថ្នាក់ជាតិ។
* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ខេត្តព្រះសីហនុ មានពហុវិស័យ ដែលត្រូវជំរុញ។
* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា កម្ពុជាកំពុងពិចារណាបង្កើតតំបន់សេដ្ឋកិច្ចពិសេស ដែលសម្រាប់តែអ្នកវិនិយោគមកពីប្រទេសតែមួយ។
* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា កម្ពុជាត្រូវរៀបចំគោលនយោបាយ និងលក្ខខណ្ឌវិនិយោគឱ្យសមស្រប និងបត់បែនទៅតាមការចង់បានរបស់អ្នកវិនិយោគ។
* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា រាជរដ្ឋាភិបាលបានដាក់ទុនច្រើនណាស់ សម្រាប់ការអភិវឌ្ឍន៍ខេត្តព្រះសីហនុ ប្រែក្លាយខេត្តពីស្ងាត់ជ្រងុំ ទៅជាខេត្តមួយដ៏ទាក់ទាញ។
* (១) សម្តេចធិបតី ហ៊ុន ម៉ាណែត បានប្រកាសអំពីគម្រោងវិនិយោគពាក់ព័ន្ធនឹងអគារជាប់គាំង នឹងទទួលបានអត្ថប្រយោជន៍ដូចខាងក្រោម៖
- ការលើកលែងពន្ធលើប្រាក់ចំណូល, ប្រាក់រំដោះពន្ធលើប្រាក់ចំណូល និងពន្ធអប្បបរមា រយៈពេល៣ឆ្នាំបន្ថែម;
- ការលើកលែងអាករលើតម្លៃបន្ថែម តាមអត្រាសូន្យភាគរយ ចំពោះការសាងសង់ បញ្ចប់ និង ការជួសជុលកែលម្អលើអគារដែលជាប់គាំង;
- ការលើកលែងពន្ធកាត់ទុក លើការជួលអចលនទ្រព្យ រយៈពេល៥ឆ្នាំ;
- ការលើកលែងពន្ធអចលនទ្រព្យ និងការលើកលែងទណ្ឌកម្មរដ្ឋបាល;
- ការលើកលែងការបង់ថ្លៃសេវាសាធារណៈ និងថ្លៃលើសសន្ទស្សន៍ប្រើប្រាស់ដីចំពោះការស្នើសុំលិខិតអនុញ្ញាតពាក់ព័ន្ធនឹងការសាងសង់;
- ការសម្រួលនីតិវិធី និងបែបបទ នៃការស្នើសុំលិខិតអនុញ្ញាត ពីអាជ្ញាធរមានសមត្ថកិច្ច ពាក់ព័ន្ធនឹងការងារសំណង់;
- ការផ្តល់ការអនុគ្រោះលើថ្លៃត្រួតពិនិត្យ និងការបញ្ជាក់ផ្សេងៗពាក់ព័ន្ធសំណង់;
- ការសម្រួលបែបបទ និង នីតិវិធីវិនិយោគ និង ធុរកិច្ច រួមទាំងការស្នើសុំអាជ្ញាបណ្ណ វិញ្ញាបនបត្រ និងលិខិតអនុញ្ញាតនានា;
- ការរៀបចំគោលការណ៍ និងការសម្របសម្រួលបង្កើតទីផ្សារលក់ឡៃឡុងអចលនទ្រព្យ ព្រមទាំងការផ្តល់សេវាផ្គូផ្គងវិនិយោគិន រួមទាំងការកំណត់តម្លៃយោង សម្រាប់អចលនទ្រព្យក្នុងខេត្តព្រះសីហនុ;
- ការជំរុញការប្រើប្រាស់យន្តការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ស្របតាមបទប្បញ្ញតិច្បាប់ ចំពោះវិវាទដែលពាក់ព័ន្ធនឹងការវិនិយោគ។
* (២) សម្តេចធិបតី ហ៊ុន ម៉ាណែត បានប្រកាសអំពីគម្រោងវិនិយោគ ដែលមិនជាប់ពាក់ព័ន្ធនឹងអគារជាប់គាំង នឹងទទួលបានអត្ថប្រយោជន៍ដូចខាងក្រោម៖
- ការសម្រួលបែបបទ និង នីតិវិធីវិនិយោគ និង ធុរកិច្ច រួមទាំងការស្នើសុំអាជ្ញាបណ្ណ វិញ្ញាបនបត្រ និង លិខិតអនុញ្ញាតនានា;
- ការផ្តល់ការលើកទឹកចិត្តពិសេស និងការអនុគ្រោះនានា ដូចជា ពន្ធអាករនាំចូល, ពន្ធប៉ាតង់, ពន្ធលើផ្ទាំងផ្សព្វផ្សាយ, ពន្ធកាត់ទុកលើការជួលអចលនទ្រព្យ និងកម្រៃ សេវាចុះបញ្ជី ជាដើម ដល់សហគ្រាស ដែលមកវិនិយោគ ឬ ធ្វើធុរកិច្ច ក្នុងខេត្ដព្រះសីហនុ;
- ការផ្ដល់ការលើកទឹកចិត្តលើកលែងពន្ធលើប្រាក់ចំណូល, ប្រាក់រំដោះពន្ធលើប្រាក់ចំណូល និងពន្ធអប្បបរមា រយៈពេល៣ឆ្នាំបន្ថែម សម្រាប់គម្រោងវិនិយោគមាន លក្ខណៈសម្បត្តិគ្រប់គ្រាន់ និង សហគ្រាសធុនតូច និងមធ្យម ដែលបានចុះបញ្ជី ពន្ធដារ;
- ការអនុញ្ញាតឱ្យអនុវត្តអាករលើតម្លៃបន្ថែមអត្រាសូន្យភាគរយ សម្រាប់សហគ្រាស ធុនតូច និង មធ្យម ដែលបានចុះបញ្ជីពន្ធដារ ចំពោះការទិញធាតុចូលផលិតកម្ម ដែលផលិតក្នុងស្រុក។
* (៣) សម្តេចធិបតី ហ៊ុន ម៉ាណែត បានប្រកាសអំពីការពង្រីកគម្រោងវិនិយោគ និងធុរកិច្ច នឹងទទួលបានអត្ថប្រយោជន៍ដូចខាងក្រោម៖
- ការសម្រួលនីតិវិធី, បែបបទ និងការអនុញ្ញាតផ្សេងៗ សម្រាប់បម្រើដល់ការអនុវត្តគម្រោង ឬសកម្មភាពពង្រីកការវិនិយោគ និង/ឬ ធុរកិច្ច;
- ការផ្ដល់ការលើកទឹកចិត្ត និងការអនុគ្រោះនានា ដូចជា ពន្ធអាករនាំចូល, ពន្ធប៉ាតង់, ពន្ធលើផ្ទាំងផ្សព្វផ្សាយ និងពន្ធកាត់ទុកលើការជួលអចលនទ្រព្យជាដើម ដល់សហគ្រាសដែលអនុវត្តគម្រោង ឬ សកម្មភាពពង្រីកការវិនិយោគ និង/ឬ ធុរកិច្ច;
- ការអនុញ្ញាតឱ្យយក ១៥០% គុណនឹងប្រាក់ចំណូល ដែលត្រូវទទួលបានការលើក ទឹកចិត្តលើកលែងពន្ធលើប្រាក់ចំណូល សម្រាប់ធ្វើជាមូលដ្ឋានក្នុងការគណនាពន្ធ លើប្រាក់ចំណូល;
- ការលើកទឹកចិត្តលើកលែងពន្ធលើប្រាក់ចំណូល រយៈពេល៣ឆ្នាំ ផ្អែកតាមសមាមាត្រនៃអត្រាទុនពង្រីក និងការអនុញ្ញាតឱ្យយក ១៥០% គុណនឹងប្រាក់ចំណូល ដែលត្រូវទទួលបានការលើកទឹកចិត្តលើកលែងពន្ធលើប្រាក់ចំណូល សម្រាប់ធ្វើជាមូលដ្ឋានក្នុងការគណនាពន្ធលើប្រាក់ចំណូល។
* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ដើម្បីឱ្យខេត្តព្រះសីហនុ រក្សាបានការទាក់ទាញ សន្តិសុខជាកត្តាដែលត្រូវគិតគូរ បើគ្មានសន្តិសុខមិនអាចទៅមុខបាននោះទេ។
* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ប្រទេសមហាអំណាចខ្លះ ចោរឆក់ច្រើនជាងនៅភ្នំពេញ ប៉ុន្តែការផ្សព្វផ្សាយមួយចំនួនមិនឆ្លើយតបតថភាពពិតនៅកម្ពុជា។
* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការផ្សព្វផ្សាយដែលមានប្រសិទ្ធភាព គឺការផ្សាយពីមាត់មួយ ទៅមាត់មួយ។
* សម្តេចធិបតី ហ៊ុន ម៉ាណែត បានណែនាំឱ្យរដ្ឋបាលខេត្តព្រះសីហនុ យកចិត្តទុកដាក់លើសន្តិសុខ ជាពិសេសគ្រឿងញៀន។
* សម្តេចធិបតី ហ៊ុន ម៉ាណែត បញ្ជាឱ្យបិទទីតាំងជួលបាញ់កាំភ្លើងក្នុងខេត្តព្រះសីហនុ ហើយមិនអនុញ្ញាតឱ្យមានការបើកទៀតនោះឡើយ។
* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា អ្នកមកលេងខេត្តព្រះសីហនុ មិនបាច់មកហាត់បាញ់កាំភ្លើងនោះទេ។
* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា រាជរដ្ឋាភិបាលកំពុងរៀបចំ ស.ជ.ណ ពាក់ព័ន្ធកន្លែងបាញ់ស៊ីបរបស់ឯកជន។
* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ផ្ទះរបស់យើងល្អ គ្មានមនុស្សមក តើមានន័យអ្វី?
* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា កម្ពុជា បានប្រើពេលជាច្រើនឆ្នាំក្នុងការបង្ហាញរូបភាពសន្តិភាពនៅកម្ពុជា តែបញ្ហាសន្តិសុខរយៈពេលប្រមាណ៦ខែ បានបំផ្លាញរូបភាពល្អរបស់កម្ពុជា។
* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា សន្តិភាព ជាតម្រូវការធំសម្រាប់ជាតិ ប៉ុន្តែមានសន្តិភាពហើយ គឺត្រូវធានាឱ្យបាននូវសន្តិសុខ។
* សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ចប់ការថ្លែងសុន្ទរកថាសំណេះសំណាលនៅវេលាម៉ោង ៩៖៣៥នាទីនាព្រឹកថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៤៕