Alynana Media Cambodia
Icon Collap
clinic narit

សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត នឹងអញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការ នៅព្រះរាជាណាចក្រថៃ នៅថ្ងៃទី០៧កុម្ភៈ

Media LNN | Feb 05, 2024
សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត នឹងអញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការ នៅព្រះរាជាណាចក្រថៃ នៅថ្ងៃទី០៧កុម្ភៈ
Clinic narith

 

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញ​ទៅ​បំពេញ​​ទស្សនកិច្ច​ផ្លូវការ​នៅ​ប្រទេសថៃ នៅថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២៤ តបតាម​ការ​អញ្ជើញ​របស់​ឯកឧត្ដម សេដ្ឋា ថាវីស៊ីន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រថៃ។ នេះបើតាម​សេចក្តី​ប្រកាស​​របស់នាយកដ្ឋានព័ត៌មាននៃក្រសួងការបរទេស និងសហប្រតិបត្តិអន្តរជាតិ។

ក្រសួងការបរទេសបានឲ្យដឹងថា អញ្ជើញអមដំណើរសម្ដេចធិបតី និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត រួមមាន ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អនុប្រធានទី១ នៃ​ក្រុម​ប្រឹក្សា​អភិវឌ្ឍន៍កម្ពុជា, ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី សុខ ចិន្តាសោភា រដ្ឋមន្ត្រីការបរទេស និង​សហប្រតិបត្តិការអន្តរជាតិ ទេសរដ្ឋមន្ត្រីរដ្ឋមន្ត្រី និងមន្ត្រីសំខាន់ៗ នៃរាជរដ្ឋាភិបាល ព្រមទាំង​ថ្នាក់​ដឹកនាំ​វិស័យឯកជន​នៃសភាពាណិជ្ជកម្មកម្ពុជា។

 ក្នុងអំឡុងពេលនៃដំណើរទស្សនកិច្ចផ្លូវការនេះ សម្ដេចធិបតី និងលោកជំទាវ នឹងចូលក្រាប បង្គំគាល់ ព្រះបាទ មហា វ៉ជីរ៉ាឡុងកន ព្រះវឺជីរ៉ាក់ភ្លៅចៅយូហួរ ព្រះមហាក្សត្រ នៃ ព្រះរាជា​ណា​ចក្រ​ថៃ នៅព្រះបរមរាជវាំង។ សម្តេចធិបតីនឹងអញ្ជើញចូលជួបសម្តែងការគួរសមដាច់ ដោយ​ឡែក​​ជា​មួយថ្នាក់ដឹកនាំស្ថាប័ននីតិប្បញ្ញត្តិរួមមាន ឯកឧត្តមសាស្ត្រាចារ្យ ផនភេត វិឈិតឆុល ឆៃ ប្រធានព្រឹទ្ធសភា និង ឯកឧត្ដម វ៉ាន់មូហាម៉ាត់ណ មៈថា ប្រធានរដ្ឋសភា។

សម្តេចធិបតី ហ៊ុន ម៉ាណែត និងឯកឧត្តម សេដ្ឋា ថាវីស៊ីន នឹងជួបពិភាក្សាការងារលើកិច្ច សហ​ប្រតិបត្តិការ​ទ្វេភាគីនិងពហុភាគី ដែលផ្ដល់ផលប្រយោជន៍ទៅវិញទៅមក។ ទន្ទឹមនឹងនេះ នាយករដ្ឋមន្ត្រីទាំងពីរក៏នឹង​ធ្វើ​ជាអធិបតីក្នុង​ពិធី​ចុះហត្ថ​លេខា​លើ​ឯក​សារ​ស្តីពី​កិច្ច​សហប្រ​តិបត្តិការទ្វេភាគីមួយចំនួន។ ដោយឡែក សម្តេចធិបតី ហ៊ុន ម៉ាណែត នឹងអញ្ជើញ​ថ្លែង​សុន្ទរកថា​បើ​កនៅ​ក្នុ​ងវេទិកាធុរកិច្ចកម្ពុជា-ថៃ។

ដំណើរទស្សន​កិច្ចផ្លូវការរបស់ សម្ដេចធិបតី ទៅកាន់ព្រះរាជាណាចក្រថៃ នាពេលខាងមុខ នឹង​ពង្រឹង​បន្ថែមទៀ​តនូវទំនាក់ទំនងដ៏យូរអង្វែង និងចំណងមិត្តភាពជាប្រពៃណីរវាងប្រទេសទាំងពីរ

ស្របតាមស្មារតីនៃ «ការពង្រឹងភាពជាដៃគូដើម្បីសន្តិភាពនិងវិបុលភាព» ដែលផ្ដល់​ផល​ប្រយោជន៍​ ទៅវិញទៅមកសម្រាប់ប្រជាជននៃប្រទេសទាំងពីរ ព្រមទាំងសម្រាប់សន្តិភាព ស្ថិរភាព និង​វិបុលភាព ក្នុងសហគមន៍អាស៊ាន និងអន្តរជាតិ៕