(ភ្នំពេញ)៖ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ជាសេនាធិការឱ្យរាជរដ្ឋាភិបាល ក្នុងការអនុវត្តកម្មវិធីជំនួយសង្គមនានា។ ក្នុងរយៈពេលប៉ុន្មានឆ្នាំមកនេះ ចាប់ពីវិបត្តិកូវីដ-១៩ ក្រសួងសង្គមកិច្ច បានអនុវត្តកិច្ចអន្តរាគមន៍ជំនួយសង្គមធំៗចំនួន ៥ ។ នេះបើតាមឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច ក្នុងសន្និបាតបូកសរុបការងារប្រចាំឆ្នាំ ២០២៣។
ក្នុងឱកាសសន្និបាតបូកសរុបការងារប្រចាំឆ្នាំ ២០២៣ របស់ក្រសួងសង្គមកិច្ច នៅថ្ងៃនេះ ឯកឧត្តម ជា សុមេធី ក្នុងនាមជារដ្ឋមន្ត្រី បានលើកឡើងថា ក្នុងរយៈពេលប៉ុន្មានឆ្នាំមកនេះ ក្រសួងបានធ្វើអន្តរាគមន៍ដាក់ចេញកម្មវិធីជំនួយសង្គមចំនួន ៥ ជួយដល់ប្រជាពលរដ្ឋ។ កម្មវិធីទាំងនោះ មានទាំងកម្មវិធីមានលក្ខណៈអចិន្ត្រៃយ៍ និងកម្មវិធីមានលក្ខណៈមិនអចិន្ត្រៃយ៍។
ក្នុងនោះកម្មវិធីជំនួយសង្គមដំបូង គឺកម្មវីធីឧបត្ថម្ភសាច់ប្រាក់ជូនស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម២ឆ្នាំ ដោយបានផ្តល់សេវាជូនអ្នក ទទួលផលសរុបចំនួនជាង ៣៦ ម៉ឺននាក់ ចំណាយថវិកាអស់ ៣២លានដុល្លារ។ កម្មវិធីនេះ ជាកម្មវិធីអចិន្ត្រៃយ៍។ កម្មវីធីបន្ទាប់ គឺការឧបត្ថម្ភសាច់ប្រាក់ជូនដល់គ្រួសារក្រីក្រ និងងាយរងគ្រោះ ក្នុងអំឡុងពេលប្រយុទ្ធនឹងជំងឺ កូវីដ-១៩ ជាកម្មវិធីនេះក៏ជាកម្មវិធីដ៏ធំជាប្រវត្តិសាស្ត្រ សម្រាប់កម្ពុជា ដោយជួយដល់គ្រួសារមានបណ្ណក្រីក្រទូទាំងប្រទេស។ កម្មវិធីនេះបានអនុវត្តតាំងពី ខែមិថុនា ឆ្នាំ ២០២០ ដោយរដ្ឋបានជួយដល់គ្រួសារក្រីក្រ ក្នុងវង្វង់ ៧១ម៉ឺនគ្រួសារ និងចំណាយថវិកាអស់ប្រមាណ ជាង ១៣០៦ លាន ដុល្លារ គិតត្រឹមថ្ងៃទី ខែមករា ឆ្នាំ២០២៤។
ឈានចូលដល់ពេលបិទខ្ទប់ ទប់ស្កាត់ការរីករាលដាលនៃកូវីដ-១៩ កម្មវិធីជំនួយសង្គមជាសាច់ប្រាក់ក្រោយពេលបិទខ្ចប់ ក៏បានដាក់ឱ្យអនុវត្តផងដែរ។ កម្មវិធីនេះ សម្រាប់ប្រជាពលរដ្ឋមានការលំបាកផ្នែកជីវភាព, ប្រជាពលរដ្ឋ និងគ្រួសារដែលមានអ្នកឆ្លងជំងឺកូវីដ-១៩ និងមានការលំបាកផ្នែកជីវភាព, និង គ្រួសារ ប្រជាពលរដ្ឋដែលមានអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍ ២០ កុម្ភៈ ២០២១។ កម្មវិធីនេះ រដ្ឋចំណាយថវិកាចំនួន ៦,៦៨ លាន ដុល្លារ។
កម្មវិធីជំនួយសង្គមទី ៤ គឺជាការជួយដល់ គ្រួសាររងហានិភ័យ ដែលរងផលប៉ះពាល់ធ្ងន់ធ្ងរពីគ្រោះទឹកជំនន់ ដែលបានអនុវត្តនៅ ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២២ ហើយបិទបញ្ចប់នៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៣។ កម្មវិធីនេះ មានអ្នកទទួលផលសរុបចំនួន ៩៩ ១៦៩ គ្រួសារ ដោយចំណាយថវិកាសរុប ១១,៧០ លានដុល្លារ។
ចំណែកកម្មវិធីជំនួយសង្គមទី ៥ គឺការឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារងាយរងហានិភ័យក្នុងអំឡុង ពេលមានសម្ពាធអតិផរណា។ កម្មវិធីនេះ បានចាប់ផ្ដើមអនុវត្តនៅ ខែធ្នូ ឆ្នាំ២០២២ និងបញ្ចប់នៅខែកក្កដា ឆ្នាំ២០២៣ មានអ្នកទទួលផលសរុប ចំនួន ៤៩៥ ៣០៧ គ្រួសារ ដោយចំណាយថវិកាអស់ចំនួន ៤៤ លានដុល្លារ៕