Alynana Media Cambodia
Icon Collap
RK Clinic
clinic narit

ចង់ទៅលេងឆ្នេរកែបឆ្នេរអង្កោល ! កុំបារម្ភ ផ្លូវជាតិលេខ៣១ ពី បែកគុស-កំពង់ត្រាច ងាយស្រួលធ្វើដំណើរបណ្តើរៗហើយ

Media LNN | Feb 05, 2024
ចង់ទៅលេងឆ្នេរកែបឆ្នេរអង្កោល ! កុំបារម្ភ ផ្លូវជាតិលេខ៣១ ពី បែកគុស-កំពង់ត្រាច ងាយស្រួលធ្វើដំណើរបណ្តើរៗហើយ
Clinic narith

ការសាងសង់​ផ្លូវជាតិលេខ៣១ ពីចំណុចបែកគុស តានី ទូកមាស ដល់​កំពង់ត្រាច ប្រវែងជិត ៥៤​គីឡូម៉ែត្រ បាន​នឹង​កំពុងមានភាព​ងាយស្រួលធ្វើដំណើរបណ្តើរៗហើយ ខណៈការ​ចាក់អ៊ុត​បេតុងកៅស៊ូ នឹងរួចរាល់​នៅក្នុងរយៈពេល ៦ខែទៀត។

 

បើតាម​លោក ហ៊ាង សុទ្ធាយុត្តិ អគ្គនាយកបច្ចេកវិទ្យា​ និងទំនាក់ទំនង​សាធារណៈ និង​ជាអ្នកនាំពាក្យ​ក្រសួង​សាធារណការ និងដឹកជញ្ជូន បាន​ឱ្យដឹងកាលពីចុងខែមករា ឆ្នាំ​២០២៤កន្លងទៅថា ផ្លូវជាតិលេខ៣១នេះ សម្រេចការសាងសង់​បានប្រមាណ ៤០%ហើយ ក្នុងនោះ​ការចាក់អ៊ុតបេតុងកៅស៊ូ (AC) នឹងរួចរាល់​នាខែកក្កដា ឆ្នាំ​២០២៤ខាងមុខ ខណៈ​ដែល​ការបំពាក់​គ្រឿងបរិក្ខាផ្លូវថ្នល់ និងកិច្ចការផ្សេងៗ​ជាច្រើនទៀត នឹងរួចរាល់​ទាំងស្រុង​នៅចុងឆ្នាំ​នេះ​ផងដែរ។

សូម​ជម្រាប​ថា ផ្លូវជាតិលេខ៣១ ត្រូវបាន​ធ្វើពិធីបើកការដ្ឋាន​សាងសង់​​ដំណាលគ្នា​ជាមួយផ្លូវជាតិលេខ៣៣ កាលពីចុងខែធ្នូ ឆ្នាំ​២០២២។ ក្នុងនោះ ផ្លូវជាតិលេខ៣១ មានប្រវែងប្រមាណ ៥៣,៥៣ គីឡូម៉ែត្រ គិតចេញពីផ្លូវបែកគុស (ចំណុចប្រសព្វផ្លូវជាតិលេខ៣) រហូតដល់ផ្សារកំពង់ត្រាច (ចំណុចប្រសព្វផ្លូវជាតិលេខ៣៣) ដោយមានឆ្លងកាត់ខេត្តតាកែវ និងខេត្តកំពត គ្រោងចំណាយថវិកាជាង ៦០លានដុល្លារ ដែលជាឥណទានសម្បទានពីរដ្ឋាភិបាលចិន រួមជាមួយថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា សម្រាប់ការដោះស្រាយផលប៉ះពាល់ និងពន្ធអាករផ្សេងៗ។

ផ្លូវនេះត្រូវស្ដារ និងលើកកម្រិតគុណភាពជាប្រភេទផ្លូវក្រាលបេតុងកៅស៊ូ (AC) មានកម្រាស់ ៧សង់ទីម៉ែត្រ និងពង្រីកទទឹងតួផ្លូវរហូតដល់ ១២ម៉ែត្រ។ គម្រោងនេះ នឹងរួមបញ្ចូលនូវការសាងសង់ស្ពានថ្មី ចំនួន ១កន្លែង ទទឹង ១២ម៉ែត្រ និងជួសជុលស្ពានដែលមានស្រាប់ចំនួន ២កន្លែង ប្រវែងសរុប ៤០ម៉ែត្រ និងដាក់លូគ្រប់ប្រភេទចំនួន ១៤៤កន្លែង ផងដែរ៕