(វ៉ាស៊ីនតោន)៖ សាលាឧទ្ធរណ៍មួយនៅក្នុងសហរដ្ឋអាមេរិក បានចេញសាលក្រមដោយសម្រេចថាអតីតប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ មិនមានអភ័យឯកសិទ្ធិរួចផុតពីការចោទប្រកាន់ថារូបលោកបានព្យាយាមកែប្រែលទ្ធផលបោះឆ្នោតប្រធានាធិបតីកាលពីឆ្នាំ២០២០ ដែលលោកចាញ់ ក្រោមថ្វីដៃលោក ចូ បៃដិន នោះទេ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃពុធ ទី៧ ខែកុម្ភៈ ឆ្នាំ២០២៤។
លោក ដូណាល់ ត្រាំ កន្លងមក ធ្លាប់បានអះអាងជារឿយៗថារូបលោកមានអភ័យឯកសិទ្ធិពីការចោទប្រកាន់ពាក់ព័ន្ធនឹងបទល្មើសព្រហ្មទណ្ឌ សម្រាប់ សកម្មភាពដែលលោកបានប្រព្រឹត្ត ក្នុងពេលកាន់តំណែងជាប្រធានាធិបតីអាមេរិក។ ប៉ុន្តែ សាលក្រមឯកច្ឆន្ទមួយរបស់តុលាការ ក្នុងទីក្រុងវ៉ាស៊ីនតោន បានបដិសេធចោលការអះអាងនេះ ហើយវានឹងក្លាយជារឿងឈឺក្បាលថ្មីសម្រាប់លោក ត្រាំ ដែលកំពុងធ្វើយុទ្ធនាការឃោសនាបោះឆ្នោត ដោយត្រូវ ប្រឈមមុខនឹងរឿងក្ដីក្តាំជាច្រើនផ្សេងទៀតផងនោះ។
នៅក្នុងសាលក្រមរបស់ខ្លួន ចៅក្រមទាំង៣រូប នៃសាលាឧទ្ធរណ៍ក្នុងទីក្រុងវ៉ាស៊ីនតោន ឌីស៊ី បានគូសបញ្ជាក់ដូច្នេះថា «យើងមិនអាចទទួលយកបានឡើយនូវ ការអះអាងរបស់លោកអតីតប្រធានាធិបតី ត្រាំ ដែលថាប្រធានាធិបតីម្នាក់មានសិទ្ធិអំណាចគ្មានព្រំដែន ដើម្បីប្រព្រឹត្តបទព្រហ្មទណ្ឌដែលអាចបំផ្លាញដល់ គោលការណ៍ត្រួតពិនិត្យអំណាចនីតិប្រតិបត្តិ ការទទួលស្គាល់ និងអនុវត្តតាមលទ្ធផលបោះឆ្នោត»។ សាលាឧទ្ធរណ៍បន្ថែមថាអភ័យឯកសិទ្ធិ ដែលបានការពារ លោក ត្រាំ នៅពេលកាន់តំណែងជាប្រធានាធិបតីអាមេរិក មិនអាចបន្តការពាររូបលោកពីការចោទប្រកាន់ថាលោកបានព្យាយាមកែប្រែលទ្ធផលបោះឆ្នោត ប្រធានាធិបតីកាលពីឆ្នាំ២០២០ បាននោះទេ។
តែទោះជាយ៉ាងណាក៏ដោយ សាលក្រមនេះមិនត្រូវបានអនុវត្តភ្លាមៗទេ ដោយទុកផ្លូវឱ្យលោក ដូណាល់ ត្រាំ ប្ដឹងជំទាស់ទៅកាន់តុលាការកំពូលអាមេរិក៕