យោធាអាមេរិកបាននិយាយកាលពីថ្ងៃពុធសប្ដាហ៍នេះ ការវាយប្រហារដោយយានដ្រូនរបស់អាមេរិកបានបំផ្ទុះរថយន្ត នៅក្នុងរដ្ឋធានីបាកដាដ(Baghdad) របស់ប្រទេសអ៊ីរ៉ាក់ កាលពីយប់ថ្ងៃពុធ ទី៧ ខែកុម្ភៈ ដោយបានសម្លាប់មេបញ្ជាការជាន់ខ្ពស់កងជីវពល កាថេបហេសបូឡា(Kataib Hezbollah)ដ៏មានឥទ្ធិពលដែលទទួលខុសត្រូវចំពោះការរៀបចំផែនការដោយផ្ទាល់ និងចូលរួមក្នុងការវាយប្រហារលើ កងទ័ពអាមេរិកនៅក្នុងតំបន់។
ការបំផ្ទុះដ៏ជាក់លាក់បានវាយប្រហារផ្លូវថ្នល់ដ៏សំខាន់មួយ នៅក្នុងសង្កាត់ម៉ាស្តាល (Mashtal) ភាគខាងកើតរដ្ឋធានីបាកដាដ។ ការវាយប្រហារនេះបានកើតឡើងស្របពេលមានភាពតានតឹង នៅក្នុងតំបន់ ហើយទំនងជានឹងមានការខឹងសម្បារកាន់តែខ្លាំងថែមទៀតពីមេដឹកនាំរដ្ឋាភិបាលអ៊ីរ៉ាក់ ដែលក្រុមមន្ត្រីអាមេរិកបាននិយាយថា មិនត្រូវបានជូនដំណឹងជាមុនអំពីការវាយប្រហារនេះ។
កងកម្លាំងសន្តិសុខបានបិទតំបន់ Green Zone ដែលមានការយាមកាមយ៉ាងតឹងរ៉ឹង ជាកន្លែងដែលបរិវេណការទូតជាច្រើនស្ថិតនៅ ហើយមានការព្រួយបារម្ភអំពីការបង្ហោះតាមប្រព័ន្ធផ្សព្វផ្សាយសង្គមដែលជំរុញឱ្យក្រុមបាតុករវាយលុកចូលស្ថានទូតអាមេរិក។
មានរបាយការណ៍ផ្ទុយគ្នាអំពីចំនួនអ្នកស្លាប់ ដោយមន្ត្រីអាមេរិកបាននិយាយថា ការវាយតម្លៃដំបូងគឺមានម្នាក់ ហើយនិយាយថា មិនមានជនស៊ីវិលណាម្នាក់រងរបួស ឬស្លាប់នោះទេ។ ប៉ុន្តែមន្ត្រីពីរនាក់ជាមួយកងជីវពលដែលគាំទ្រដោយអ៊ីរ៉ង់នៅក្នុងប្រទេសអ៊ីរ៉ាក់បាននិយាយថា មនុស្សបីនាក់បានស្លាប់ រួមទាំងលោក វីសាមមហាម៉ាត់ចាប៊អាល់សាឌី (Wissam Muhammad Sabir Al-Saadi) ដែលត្រូវបានគេស្គាល់ថា អាប៊ូ បាគើ អាល់ សាឌី (Abu Baqir Al-Saadi) ដែលជាមេបញ្ជាការទទួលបន្ទុកប្រតិបត្តិការរបស់ក្រុម កាថេប ហេបូសឡា(Kataib Hezbollah)នៅក្នុងប្រទេសស៊ីរី។ ក្រុមចលនាប្រដាប់អាវុធកាថេបហេសបូឡា បានប្រកាសពីការស្លាប់របស់ លោកអាប៊ូបាក(Abu Bakr)បន្ទាប់ពីការទម្លាក់គ្រាប់បែករបស់កងកម្លាំងកាន់កាប់របស់អាមេរិក នៅក្នុងសេចក្តីថ្លែងការណ៍មួយ៕