ការធ្វើពាណិជ្ជកម្មលើទីផ្សារអន្តរជាតិរបស់កម្ពុជា ក្នុងខែដំបូងឆ្នាំ ២០២៤ នេះ មានទំហំទឹកប្រាក់សរុបជាង ៤ ពាន់លានដុល្លារ ក្នុងនោះការនាំចេញទំនិញរបស់កម្ពុជា មានទឹកប្រាក់ជិត ២ ពាន់លានដុល្លារ ខណៈការនាំចូលពីបរទេសមានចំនួនជាង ២ ពាន់លានដុល្លារ។
អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានបង្ហាញស្ថិតិពាណិជ្ជកម្ម នៃការធ្វើពាណិជ្ជកម្មលើ ទីផ្សារអន្តរជាតិរបស់កម្ពុជា ក្នុងនោះសម្រាប់ខែដំបូងក្នុងឆ្នាំ ២០២៤ នេះ ការធ្វើពាណិជ្ជកម្មទំនិញជាមួយប្រទេសដៃគូរសំខាន់ៗចំនួន ២០ និងបណ្តាប្រទេសមួយចំនួនផ្សេងទៀត គិតជាទឹកប្រាក់សរុបមានចំនួនជាង ៤ លានដុល្លារ កើនឡើងជិត ១៧ ភាគរយ បើធៀបរយៈពេលដូច គ្នាឆ្នំា ២០២៣ ។
ជុំវិញការធ្វើពាណិជ្ជកម្មអន្តរជាតិនេះ ក្នុងនោះសម្រាប់ការនាំចេញទំនិញរបស់កម្ពុជា ក្នុងដើមឆ្នាំនេះ មានទំហំទឹកជិត ២ លានដុល្លារ កើនឡើងប្រមាណ ២៧ ភាគរយ បើធៀបរយៈពេលដូចគ្នាឆ្នំា២០២២ ក្នុងនោះកម្ពុជាបាននាំទៅកាន់ប្រទេសសំខាន់ៗរួមមាន៖ ប្រទេសចិន ជាង ១២១ លានដុល្លារ, សហរដ្ឋអាមេរិក ជាង ៦២៦ លានដុល្លារ, វៀតណាមជាង ៣៧៣ លានដុល្លារ, ថៃជាង ១០៤ លានដុល្លារ, ជប៉ុនជាង ១១៦ លានដុល្លារ, អាល្លឺម៉ង់ជាង ៦០ លានដុល្លារ, អេស្ប៉ាញ ៦៩ លានដុល្លារ, កាណាដា ៧៦ លានដុល្លារ, អង់គ្លេស ៦៥ លានដុល្លារ, ហូឡង់ ៤៩ លានដុល្លារ, កូរ៉េខាងត្បូង ២៦ លានដុល្លារ និងការនាំចេញទៅកាន់ប្រទេសផ្សេងៗជាច្រើនទៀត។
ចំណែកការនាំចូលវិញ នៅក្នុងរយៈពេលនេះដែរ កម្ពុជាបាននាំចូលទំនិញមានទំហំទឹកប្រាក់សរុបប្រមាណជាង ២ ពាន់លានដុល្លារ កើនឡើងជាង ៨ ភាគរយ ក្នុងនោះការនាំចូលពីប្រទេសចិន មានទឹកប្រាក់ជាង ១ ពាន់លានដុល្លារ, វៀតណាមជាង ៣០០ លានដុល្លារ, ថៃ ២៣៦ លានដុល្លារ, សឹង្ហបុរី ៧៥ លានដុល្លារ, ឥណ្ឌូនស៊ី ៧១ លានដុល្លារ, តៃវ៉ាន់ ៥៣ លានដុល្លារ, កូរ៉េខាងត្បូង ៣៧ លានដុល្លារ, ម៉ាឡេស៊ី ៣៥ លានដុល្លារ, ហុងកុង ៣៣ លានដុល្លារ, ក្រៅពីនេះកម្ពុជាក៏បាននាំចូលទំនិញផ្សេងៗពីប្រទេសជាច្រើនទៀតផងដែរ៕