(ភ្នំពេញ)៖ នេះជាទីលើកទី២ ដែលក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានរៀបចំកម្មវិធីការដាក់តាំង និងលក់នូវបន្លែអាហារសុវត្ថិភាព សិរីរាង្គ ដើម្បីផ្តល់ជូនសេចក្តីស្រឡាញ់ផ្នែកសុខភាពជូនប្រជាពលរដ្ឋខ្មែរ តាមរយៈការគិតគូលើសុវត្ថិភាពចំណីអាហារ ក្នុងឱកាសទិវានៃក្តីស្រឡាញ់ ១៤កុម្ភៈ។
ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានមានប្រសាសន៍ថា នៅក្នុងឱកាសបុណ្យនៃក្តីស្រឡាញ់នេះ ការលក់ផលិតផលខ្មែរមានការវេចខ្ចប់យ៉ាងស្រស់ស្អាត សម្រាប់ជាអំណោយជូនមនុស្សជាទីស្រឡាញ់ គឺពិតជាស័ក្តិសម និងបង្ហាញពីទឹកចិត្តយ៉ាងធំធេងណាស់ ព្រមទាំងផ្តល់នូវសុខភាពល្អដល់អ្នកមានគុណ មិត្តភក្តិ និងមនុស្សជាទីស្រឡាញ់ផងដែរ។ ឯកឧត្តម បានលើកទឹកចិត្តដល់ប្រជាពលរដ្ឋខ្មែរ ចូលរួមគាំទ្រផលិតផលរបស់ខ្មែរឲ្យកាន់តែច្រើនបន្ថែមទៀត ដែលជាស្នាដៃរបស់កូនខ្មែរ និងជូនបាច់បន្លែអាហារសុវត្ថិភាព និងសិរីរាង្គ ដល់អ្នកម្តាយ និងគ្រួសារជាទីស្រឡាញ់ទាំងអស់គ្នា តាមរយៈការគិតគូលើសុវត្ថិភាពចំណីអាហារ។
ក្រុមអាជីករដែលចូលរួមក្នុងកម្មវិធីនេះ បានលើកឡើងស្រដៀងគ្នាថា ការលក់បន្លែសុវត្ថិភាពក្នុងឱកាសទិវាក្តីស្រឡាញ់នេះ ពិតជាល្អខ្លាំងណាស់សម្រាប់ប្រជាជន ព្រោះពួកគេអាចទិញបន្លែល្អៗជូនអ្នកមានគុណ និងមនុស្សជាទីស្រឡាញ់ ជាពិសេសបានជួយឱ្យពួកគេទទួលបាននូវសុខភាពល្អផងដែរ។ អាជីករទាំងនេះ សង្ឃឹមទៀតថា នឹងមានការលក់បែបនេះនាឱកាសក្រោយៗទៀត ដើម្បីជួយដល់ប្រជាកសិករ និងវិស័យកសិកម្មនៅកម្ពុជាឲ្យកាន់តែល្អប្រសើរថែមទៀត។
សូមបញ្ជាក់ថា ថ្ងៃ១៤កុម្ភៈ គឺជាទិវានៃសេចក្តីស្រឡាញ់ ឬថ្ងៃ Valentine‘s Day។ ក្តីស្រឡាញ់សម្រាប់ថ្ងៃនេះ មិនមែនផ្តោតសំខាន់តែទៅលើគូសង្សារប៉ុណ្ណោះទេ ប៉ុន្តែជាការបង្ហាញក្តីគោរពស្រឡាញ់ចំពោះឪពុកម្តាយ ក្រុមគ្រួសារ គ្រូបង្រៀន អ្នកមានគុណ និងសាច់ញាតិមិត្តភ័ក្តិជាដើម៕