ដោយសារកត្តាអាកាសធាតុអំណោយផល លោកសហព័ន្ធស្វាយចន្ទីកម្ពុជា បានលើកឡើងថា យោងតាមការពិនិត្យជាក់ស្តែង ទាំងទិន្នផល និងគុណភាពនឹងអាចល្អប្រសើរ ខណៈឆ្នាំ២០២៣ ការប្រមូលផលបានចំនួនប្រមាណ ៧០ម៉ឺនតោន ហើយឆ្នាំ២០២៤នេះសង្ឃឹមថា អាចនឹងកើនចន្លោះពី ២០ទៅ២៥%។
លោក អាន តារា ប្រធានសហព័ន្ធស្វាយចន្ទីកម្ពុជា នៅព្រឹកថ្ងៃទី១៥ ខែកុម្ភៈនេះ បានមានប្រសាសន៍ប្រាប់ទូរទស្សន៍ព័ត៌មាន ប៊ីធីវី ឲ្យដឹងថា ដោយសារអាកាសធាតុអំណោយផល គួបផ្សំការយល់ដឹងរបស់ប្រជាកសិករក៏ច្រើនជាងមុននោះ ការប្រមូលផលស្វាយចន្ទីឆ្នាំ២០២៤នេះ នឹងអាចល្អប្រសើរថែមទៀត។ ពាក់ព័ន្ធតម្លៃវិញ លោកសង្ឃឹមដែរថា ក៏នឹងល្អដូចគ្នា ប្រសិនបើការថែទាំដិតដល់ ធ្វើឲ្យគ្រាប់ធំល្អ ហើយមានគុណភាព នោះនឹងអាចលក់ចេញបានក្នុងតម្លៃខ្ពស់ ដែលជាទូទៅតម្លៃចន្លោះពី ១,៥០០ដុល្លារ ទៅ ១,៨០០ដុល្លារ ក្នុង១តោន។
លោកបន្ថែមថា គិតមកដល់ពេលនេះ ស្វាយចន្ទីរបានចាប់ផ្តើមចេញផ្កាកាន់ក្តិបជាបណ្តើរៗហើយ ដែលលឿនជាងឆ្នាំមុន និងខណៈប្រជាកសិករនៅខេត្តស្ទឹងត្រែង បានកំពុងចាប់ផ្តើមប្រមូលផលជាបណ្តើរហើយដែរ។
យោងតាមរបាយការណ៍របស់ក្រសួងកសិកម្ម បច្ចុប្បន្ន កម្ពុជាមានផ្ទៃដីដាំដុះស្វាយចន្ទីប្រមាណជាង ៤៧ម៉ឺនហិកតា និងទទួលបានទិន្នផលសរុបចំនួនជាង ៧០ម៉ឺនតោន។ ដោយឡែក ការនាំចេញគ្រាប់ស្វាយចន្ទីឆៅទៅទីផ្សារអន្តជាតិ បានចំនួនប្រមាណ ៦៥ម៉ឺនតោន ទៅកាន់ប្រទេសជប៉ុន ថៃ វៀតណាម ចិន បង់ក្លាដែស និងឥណ្ឌាជាដើម និងគ្រាប់ស្វាយចន្ទីកែច្នៃរួច មានទៅកាន់ប្រទេសចិន សាធារណរដ្ឋឆែក ជប៉ុន កូរ៉េខាងត្បូង ហូឡង់ វៀតណាម និងសហរដ្ឋអាមេរិក៕