Alynana Media Cambodia
Icon Collap
clinic narit

រដ្ឋបាលខេត្តសៀមរាប ចាប់ផ្តើមដំណើរការសាកល្បងរថយន្តក្រុងដឹកជញ្ជូនសាធារណៈ ទៅមករវាងក្រុងរុនតាឯកតេជោសែន និងក្រុងសៀមរាប

Media LNN | Feb 16, 2024
រដ្ឋបាលខេត្តសៀមរាប ចាប់ផ្តើមដំណើរការសាកល្បងរថយន្តក្រុងដឹកជញ្ជូនសាធារណៈ ទៅមករវាងក្រុងរុនតាឯកតេជោសែន និងក្រុងសៀមរាប
Clinic narith

 

(សៀមរាប)៖ រដ្ឋបាលខេត្តសៀមរាប បានចាប់ផ្តើមដំណើរការអនុវត្តសាកល្បងរថយន្តក្រុងដឹកជញ្ជូនសាធារណៈ ពីក្រុងសៀមរាប-ក្រុងរុនតាឯករតេជោសែន និងពីក្រុងរុនតាឯកតេជោសែន-មកក្រុងសៀមរាប ដោយឥតគិតថ្លៃ ចាប់ពីថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៤ ដើម្បីជួយសម្រួលដល់ការធ្វើដំណើរ និងកាត់បន្ថយការចំណាយរបស់ប្រជាពលរដ្ឋដែលបានស្ម័គ្រចិត្តចាកចេញពីតំបន់រមណីយដ្ឋានអង្គរ ទៅរស់នៅតំបន់អភិវឌ្ឍរុនតាឯក បានមកបំពេញការងារ និងប្រកបរបរចិញ្ចឹមជីវិតប្រចាំថ្ងៃ នៅក្នុងក្រុងសៀមរាប។ 

លោក អ៉ឹង សុភ័ណ នាយករងរដ្ឋបាលសាលាខេត្តសៀមរាប បានឱ្យដឹងថា ក្នុងការដាក់ឱ្យដំណើរការសាកល្បងរថយន្តក្រុងដឹកជញ្ជូនសាធារណៈ ជូនប្រជាពលរដ្ឋរស់នៅក្រុងរុនតាឯកតេជោសែន ដោយប្រើប្រាស់រថយន្ត ១៥គ្រឿង ក្នុងនោះដែរមានរថយន្ត១០គ្រឿង ធ្វើដំណើរជាប្រចាំ និង៥គ្រឿងទៀតត្រៀមប្រចាំ ក្នុងករណីមានប្រជាពលរដ្ឋធ្វើដំណើរច្រើន រដ្ឋបាលខេត្តនឹងបន្ថែមរថយន្តនេះទៀត។

លោកបន្តថា ចំពោះចំណតរថយន្តសរុបចំនួន១៣កន្លែង មានដូចជា៖

ទី១៖ នៅផ្សារតំបន់អភិវឌ្ឍរុនតាឯក
ទី២៖ ផ្លូវបំបែកចូលតំបន់អភិវឌ្ឍរុនតាឯក
ទី៣៖ ផ្លូវបំបែកផ្លូវលេខ៦៧
ទី៤៖ សាលាសង្កាត់រុនតាឯក
ទី៥៖ មុខប្រាសាទបន្ទាយសំរ៉ែ
ទី៦៖ ផ្លូវបំបែកឃុំព្រះដាក់
ទី៧៖ ស្រះស្រង់
ទី៨៖ ផ្លូវបំបែកត្រួតពិនិត្យសំបុត្រអង្គរ និងផ្លូវ៦០ម៉ែត្រ
ទី៩៖ ផ្លូវ៦០ម៉ែត្រទំបន់អញ្ចាញ
ទី១០៖ មុខសាលាខេត្តសៀមរាប
ទី១១៖ ផ្លូវជាតិលេខ៦មុខផ្សារលើធំថ្មី
ទី១២៖ ផ្លូវជាតិលេខ៦មុខផ្សារសាមគ្គី
ទី១៣៖ នៅសួនច្បារព្រះរាជដំណាក់ មាត់ស្ទឹងសៀមរាប។

លោក អ៉ឹង សុភ័ណ បានបន្តថា សម្រាប់ថ្ងៃដំបូងនៃការសាកល្បងនេះ ឃើញមានប្រជាពលរដ្ឋបានចាប់ផ្តើមប្រើប្រាស់សេវារថយន្តក្រុងនេះ អ្នកខ្លះក៏បានមកសួរនាំព័ត៌មានខ្លះៗអំពីសេវានេះ ព្រមទាំងម៉ោងចេញដំណើរ គឺមានការកំណត់យ៉ាងទៀតទាត់ ហើយតារាងម៉ោងពេលចេញដំណើរ គឺមានបិទនៅតាមចំណតទាំង១៣កន្លែង ដោយចេញដំណើរពីក្រុងរុនតាឯក នៅម៉ោង៥៖៣០នាទីព្រឹក និងចេញពីក្រុងសៀមរាបនៅម៉ោង៦ព្រឹក។

សូមបញ្ជាក់ថា ការដឹកជញ្ជូននេះ មិនថាប្រជាពលរដ្ឋនៅក្រុងរុនតាឯកតេជោសែនទេ គឺឱ្យតែនៅរងចាំតាមចំណតរថយន្តដឹកទាំងអស់ មិនថាប្រជាពលរដ្ឋ ភ្ញៀវបរទេសនោះឡើយ។ ក្នុងនោះដែរ ប្រជាពលរដ្ឋ ដែលបានប្រើប្រាស់សេវារថយន្តក្រុងដឹកជញ្ជូនសាធារណៈនេះ បានបង្ហាញពីការសប្បាយចិត្ត ព្រោះមានភាពងាយស្រួល និងបានកាត់បន្ថយការចំណាយប្រចាំថ្ងៃរបស់ពួកកាត់ផងដែរ។

ប្អូនស្រី ម៉ែន ម៉ៃណាស់ និងប្អូនស្រី ណារិទ្ធ ដែលមានទីលំនៅក្រុងរុនតាឯកតេជោសែន បានលើកឡើងថា ក្នុងពេលសាកល្បងរថយន្តក្រុងដឹកជញ្ជូនសាធារណៈ គាត់បានធ្វើដំណើរតាមរថយន្តក្រុងនេះ មានសុវត្ថិភាព និងកាត់បន្ថយការចំណាយផងដែរ។

ប្អូនស្រីទាំងពីរ សង្ឃឹមថា ចាប់ពីពេលនេះទៅ ពួកគាត់មិនចាំបាច់ជឹះម៉ូតូ ផាសស្អាប់ ឬរឺម៉ក់កង់បី ដូចមុនទៀតហើយ ដែលធ្វើឲ្យពួកគាត់ចំណាយថវិកាអស់ច្រើន ក្នុងពេលធ្វើដំណើរទៅកាន់ក្រុងសៀមរាប ដោយថ្ងៃខ្លះ ពួកគាត់ទៅមកពី៣ជើង ទៅ៥ជើង ក្នុងមួយថ្ងៃ ត្រូវចំណាយលុយអស់ច្រើន តែចាប់ពីពេលនេះទៅ រាល់ការចំណាយការធ្វើដំណើរប្រចាំថ្ងៃ ត្រូវបានកាត់បន្ថយការមួយចំណែកធំ ទាំងការចំណាយឲ្យកូនទៅរៀននៅ ក្រុងសៀមរាប និងប្តីទៅធ្វើការសំណង់ សណ្ឋាគារ និងភោជនីយដ្ឋាន។

ប្អូនស្រីទាំងពីរ ក៏បានថ្លែងអំណរគុណសម្តេចតេជោ ហ៊ុន សែន ប្រធានឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ព្រមទាំងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ក៏ដូចជាអភិបាលខេត្តសៀមរាប ដែលបានគិតដល់ពីទុក្ខលំបាក និងជីវភាពប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ បានស្ម័គ្រចិត្តចាកចេញពីតំបន់រមណីយដ្ឋានអង្គរ ទៅរស់នៅតំបន់អភិវឌ្ឍរុនតាឯក ដែលធ្វើឱ្យបងប្អូននៅក្នុងក្រុងរុនតាឯកតេជោសែន កាន់តែមានទំនុកចិត្តលើការដឹកនាំរបស់រាជរដ្ឋាភិបាល ក៏ដូចអាជ្ញាធរខេត្តសៀមរាប ហ៊ានថា ហ៊ានធ្វើ ដែលធ្វើឱ្យប្រជាពលរដ្ឋមាន ការជឿជាក់លើមាគ៌ាដឹកនាំរបស់រាជរដ្ឋាភិបាលតទៅអនាគតផងដែរ៕