(ភ្នំពេញ)៖ រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម ចាត់ទុកវិស័យឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ ជាកម្លាំងចលករមួយក្នុងការជំរុញដល់កំណើនសេដ្ឋកិច្ច ដោយបានដើរតួនាទីយ៉ាងសំខាន់ នៅក្នុងការបង្កើតការងារ និងបង្កើនប្រាក់ចំណូលជូនប្រជាជនកម្ពុជា។
ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ លើកឡើងក្នុងពិធីបើកសន្និបាត បូកសរុបលទ្ធផលការងារឆ្នាំ ២០២៣ និងទិសដៅការងារឆ្នាំ ២០២៤ នៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៤ នេះថា សមិទ្ធផលសំខាន់ៗ សម្រេចបានក្នុងឆ្នាំ ២០២៣ គឺជាមូលដ្ឋានគ្រឹះដ៏រឹងមាំ សម្រាប់ការអនុវត្តផែនការយុទ្ធសាស្ត្រឆ្នាំ ២០២៤, សមិទ្ធិផលទាំងនេះត្រូវបានបង្ហាញនៅក្នុងសន្និបាតប្រចាំឆ្នាំរបស់ក្រសួង ដែលជាវេទិកាមួយ ដើម្បីលើកទិសដៅយុទ្ធសាស្ត្ររបស់ខ្លួន សម្រាប់ឆ្នាំ២០២៤ និងឆ្នាំ បន្តបន្ទាប់។
ឯកឧត្តមរដ្ឋមន្ត្រី លើកឡើងបន្តថា ជាក់ស្តែងវិស័យឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ ត្រូវបានចាត់ទុកជាកម្លាំងចលករមួយ ក្នុងការជំរុញដល់កំណើនសេដ្ឋកិច្ច ហើយវិស័យនេះបានកំពុងមានការអភិវឌ្ឍឈានទៅមុខប្រកបដោយថាមវន្ត មានលក្ខណៈចម្រុះ សម្បូរបែប ផ្តោតលើទំនួលខុសត្រូវខាងបរិស្ថាន និងសង្គមខ្ពស់ ហើយពង្រីកបាននូវអន្តរកម្មសេដ្ឋកិច្ច រវាងផ្នែក កែច្នៃ នវានុវត្តន៍ កម្មន្តសាល ជាមួយវិស័យកសិកម្ម ពាណិជ្ជកម្ម និងសេវាកម្ម ដើម្បីជំរុញសមាហរណកម្មសេដ្ឋកិច្ចខ្សែច្រវាក់តម្លៃ និងភាព ប្រកួតប្រជែងរបស់កម្ពុជា ទាំងនៅក្នុងតំបន់ និងនៅលើពិភពលោក។
ឯកឧត្តម ហែម វណ្ណឌី បានបន្តទៀតថា សម្រាប់ឆ្នាំ ២០២៤ សេដ្ឋកិច្ចកម្ពុជា នឹងបន្តនិន្នាការកើនឡើង ដោយរំពឹងថា នឹងសម្រេចបានកំណើនក្នុងរង្វង់ ៦,៦ ភាគរយ ដែលនឹងគាំទ្រដោយវិស័យសេដ្ឋកិច្ចសំខាន់ៗមួយចំនួន ក្នុងនោះវិស័យឧស្សាហកម្ម ត្រូវបានព្យាករថា នឹងបន្តនិន្នាការកើនឡើងក្នុងរង្វង់ ៨,៥ ភាគរយ ធៀបនឹងឆ្នាំ ២០២៣ មានប្រមាណ ៧,៧ ភាគរយ ដោយសារការរំពឹងទុកការងើបឡើងវិញ នៃអនុវិស័យកាត់ដេរ ស្របពេលដែលអនុវិស័យកម្មន្តសាលមិនមែនកាត់ដេរ នៅបន្តរក្សាបានកំណើនរឹងមាំ ដោយឡែកអនុវិស័យសំណង់នៅបន្តមានកំណើនទាប។
ឯកឧត្តម បញ្ជាក់បន្ថែមថា ចំពោះអាទិភាពបច្ចុប្ប្នន្នការលើកកម្ពស់វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ក្នុងឆ្នាំ ២០២៤ ក្រសួងនឹងខិតខំរៀបចំឱ្យបានជោគជ័យ នូវព្រឹត្តិការណ៍ជាតិសំខាន់ៗដូចទិវាជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍លើកទី២ ដែលក្រោមប្រធានបទ «សហគ្រាសធុនតូច និងមធ្យមឆ្ពោះទៅវិទ្យាសាស្ត្របច្ចេកវិទ្យា និងនវានុវត្តន៍» កិច្ចប្រជុំរដ្ឋមន្ត្រីអាស៊ាន ផ្នែកវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍លើកទី ២០, កិច្ចប្រជុំគណៈកម្មាធិការអាស៊ានផ្នែកវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ លើកទី ៨៥, និងកិច្ចប្រជុំពាក់ព័ន្ធឱ្យទទួលបានជោគជ័យ ដើម្បីមោទនភាពជាតិ និងរួមចំណែកសម្រេចនូវអាទិភាពគន្លឹះនៃយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១៕