អ្នកជំនាញនៅCitibank ដែលជាធនាគារធំមួយរបស់អាមេរិកបានព្យាករថានៅត្រឹមឆ្នាំ២០២៥ខាងមុខនេះតម្លៃហាងឆេងមាសនៅលើទីផ្សារអន្តរជាតិអាចនឹងហក់ឡើងដល់៣ពាន់ដុល្លារក្នុងមួយអោន (ស្មើនឹង៣៦១៤ដុល្លារក្នុងមួយតម្លឹង) ចំណែកតម្លៃប្រេងអាចនឹងហក់ឡើងដល់១០០ដុល្លារក្នុងមួយបារ៉ែល។
បើយោងការចុះផ្សាយរបស់ CNBC លោក Askash Doshi ប្រធានស្រាវជ្រាវផលិតផលនៃធនាគារ Citibank បានឲ្យដឹងបច្ចុប្បន្នតម្លៃមាសត្រូវបានគេជួញដូរនៅតម្លៃ២០១៦ដុល្លារក្នុងមួយអោន ហើយតម្លៃវាអាចហក់ឡើង៥០%ប្រសិនបើធនាគារកណ្ដាលជាច្រើនលើពិភពលោកបង្កើនការទិញមាសស្តុកទុក។
លោកបានឲ្យដឹងទៀតថាមាសអាចឡើងដល់៣ពាន់ដុល្លារក្នុងមួយអោនដោយសារកត្តាមួយចំនួនដូចជាការជាប់គាំងសេដ្ឋកិច្ចសលដែលអាចនឹងរុញច្រានឲ្យមានវិបត្តិសេដ្ឋកិច្ច។ លើសពីនេះធនាគារកណ្ដាលជាច្រើនបង្កើនការទិញមាសទុកធ្វើជាទុនបម្រុងដែលអាចនឹងរុញតម្លៃមាសបន្ថែមទៀត។ ជាក់ស្ដែងធនាគារកណ្ដាលរបស់ចិន រុស្ស៊ីគឺជាអ្នកនាំមុខគេក្នុងការទិញមាស ចំណែកធនាគារកណ្ដាលរបស់ឥណ្ឌា តួគីនិងប្រេស៊ីលក៏បង្កើនការទិញមាសដូចគ្នា។
លោកបានបន្ថែមទៀតថាកត្តាផ្សេងទៀតដែលអាចធ្វើឲ្យមាសឡើងដល់៣ពាន់ដុល្លារក្នុងមួយអោនគឺវិបត្តិសេដ្ឋកិច្ចដែលអាចធ្វើធនាគារកណ្ដាលអាមេរិកទម្លាក់ការប្រាក់កាន់តែ។ ត្រង់នេះនៅពេលការប្រាក់ដុល្លារកាន់តែទាបតម្លៃមានកាន់តែឡើងថ្លៃដោយសារតែប្រាក់ដុល្លារចុះថោកដូច្នេះអ្នកវិនិយោគលក់ដុល្លារមកទិញមាសវិញ។
ចំពោះប្រេងវិញបើយោងតាមរបាយការណ៍របស់Citibank បានឲ្យដឹងថាប្រេងអាចនឹងដល់១០០ដុល្លារក្នុងមួយបារ៉ែលដោយសារតែហានិភ័យនៃភូមិសាស្រ្តនយោបាយ ការកាត់បន្ថយការផលិតប្រេងពីOPEC+ និងការរំខាននៃការផលិតដែលកត្តាទាំងនេះអាចនឹងរុញឲ្យតម្លៃប្រេងឡើងថ្លៃ៕