(ភ្នំពេញ)៖ ក្នុងឆ្នាំ២០២៣ របាយការណ៍ពីក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ បានបង្ហាញថា មានរោងចក្រធុនធ្ងន់បង្កើតថ្មីចំនួន ២៤១រោងចក្រ និងបិទទ្វារ មានចំនួន ៩៨រោងចក្រ។
ជាមួយគ្នានេះដែរ បើមើលជារួម ដោយគិតត្រឹមដំណាច់ឆ្នាំ២០២៣ កម្ពុជាមានរោងចក្រធន់ធ្ងន់សរុបរហូតដល់ ២.១២៥រោងចក្រ កើនឡើង ៧.២១ភាគរយ ធៀបនឹងឆ្នាំ២០២២។
គួរបញ្ជាក់ទៀតថា រោងចក្រធុនធ្ងន់ដែលកំពុងដំណើរការនៅទូទាំងប្រទេស មានទុនវិនិយោគសរុប ១៨.៥៦ពាន់លានដុល្លារ កើនឡើង ១១.២៤ភាគរយ ធៀបនឹងឆ្នាំ២០២២។
យោងតាមរបាយការណ៍ដដែលបញ្ជាក់ទៀតថា តម្លៃបរិមាណផលិតមានចំនួន ១៦.៣៦ពាន់លានដុល្លារ កើនឡើង ៥៣១ដុល្លារ ឬស្មើនឹងប្រមាណ៣.៣៥ភាគរយ ធៀបនឹងឆ្នាំ២០២២។
ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ បានលើឡើងក្នុងសន្និបាតបូកសរុបការងារប្រចាំរបស់ក្រសួងនៅថ្ងៃទី២០ ខែកុម្ភៈ ថា វិស័យឧស្សាហកម្មរួមចំណែកកំណើនសេដ្ឋកិច្ចប្រមាណ ៧.៧ភាគរយ ក្នុងឆ្នាំ២០២៣។
ឯកឧត្តមមានប្រសាសន៍ថា៖ “សម្រាប់ឆ្នាំ២០២៤ វិស័យឧស្សាហកម្ម ត្រូវបានព្យាករនឹងបន្តនិន្នាការកើនឡើងក្នុងរង្វង់៨.៥ភាគរយ ដោយសារការរំពឹងទុកការកើនឡើងវិញនៃអនុវិស័យកាត់ដេរ ស្របពេលដែលអនុវិស័យកម្មន្តសាលមិនមែនកាត់ដេរនៅបន្តរក្សាបានកំណើនរឹងមាំ”៕