Alynana Media Cambodia
Icon Collap
clinic narit

ប្រសាសន៍សំខាន់ៗរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត ឱកាសអញ្ជើញបិទសន្និបាតបូកសរុបលទ្ធផលការងាររបស់ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត

Media LNN | Feb 21, 2024
ប្រសាសន៍សំខាន់ៗរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត ឱកាសអញ្ជើញបិទសន្និបាតបូកសរុបលទ្ធផលការងាររបស់ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត
Clinic narith

 

(ភ្នំពេញ)៖ រសៀលថ្ងៃពុធ ១២កើត ខែមាឃ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៤នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានអញ្ជើញជាអធិបតីបិទ សន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់ក្រសួងឧស្សាហកម្ម វិទ្យា សាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍។ ទន្ទឹមនឹងការបិទសន្និបាត ក្រសួងក៏រៀបចំសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ «អគារ តេជោសែន»។

ខាងក្រោមជាខ្លឹមសារសំខាន់ៗរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ឱកាសអញ្ជើញបិទសន្និបាតរបស់ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍៖

* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា គោលនយោបាយរបស់រាជរដ្ឋាភិបាល គឺជំរុញសេដ្ឋកិច្ចប្រកបដោយចីរភាព ប្រកបដោយភាពធន់ និងបង្កើតការងារឱ្យបានច្រើន។ ដើម្បីក្លាយជាប្រទេសអ្នកមាន ត្រូវធ្វើឱ្យប្រជាពលរដ្ឋមានចំណូលខ្ពស់។ រាជរដ្ឋាភិបាលអត់មានលុយចែកប្រជាពលរដ្ឋទេ គឺត្រូវបង្កើតការងារជូនប្រជាពលរដ្ឋ។

* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែអថា ក្រុមហ៊ុនធុនតូច និងមធ្យម នៅតែជាមុខព្រួញត្រូវយក​ចិត្តទុក​ដាក់។ ដើម្បីសេដ្ឋកិច្ចរឹងមាំ ត្រូវធ្វើឱ្យវិស័យឯកជនរឹងមាំ។

* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែអថា ប្រទេសយើងតូច ប្រជាជនយើងតិច ប៉ុន្តែបើប្រជាពលរដ្ឋមានមូលដ្ឋានរឹងមាំ មិនសំខាន់លើបរិមាណទេ សំខាន់លើគុណភាព។

* សម្តេចធិបតី ហ៊ុន ម៉ាណែត បានដាក់គោលដៅឱ្យយកចិត្តទុកដាក់ទាញអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ ឱ្យចូលក្នុងប្រព័ន្ធ ដើម្បីពង្រឹងអាជីវកម្ម និងសមត្ថភាពផលិត។

* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការទាញយកអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ ចូលក្នុងប្រព័ន្ធនឹងក្លាយជាថាមពលសេដ្ឋកិច្ច។

* សម្តេចធិបតី ហ៊ុន ម៉ាណែត លើកទឹកចិត្តអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ ឱ្យចូលក្នុងប្រព័ន្ធ។ ប្រទេសយើងតូច តែបើយើងរួមគ្នា ជាពិសេសរួមគ្នារវាងវិស័យឯកជន និងរាជរដ្ឋាភិបាល នឹងក្លាយទៅជាកម្លាំងធំណាស់។

* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា សម្តេចមិនចង់ឱ្យរដ្ឋក្លាយជាអ្នកចង្អុល ឬដឹកមុខវិស័យឯកជននោះទេ គឺចង់ឃើញរដ្ឋ និងវិស័យឯកជនសហការគ្នា ដើម្បីពង្រឹងសមត្ថភាព និងដើរបានវែងឆ្ងាយ។

* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា កម្លាំងយើងតិច តែបើយើងផ្គុំគ្នា នឹងធ្វើឱ្យយើងខ្លាំង។

* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា រដ្ឋអាចយល់ពីច្បាប់ តែមិនចេះពីយុទ្ធសាស្ត្រជំនួញដូចអ្នករកស៊ីនោះទេ។

* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា រាជរដ្ឋាភិបាលផ្តោតសំខាន់លើនយោបាយការទូតសេដ្ឋកិច្ច។ ប៉ុន្តែរាជរដ្ឋាភិបាលបើកបានតែទ្វារទេ អ្នកដើរចេញ និងចូល គឺវិស័យឯកជន។

* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ឆ្នាំ២០២៤នេះ ជាមូលដ្ឋានកែសម្រួល កែទម្រង់ ប្រព័ន្ធរដ្ឋបាល ប្រព័ន្ធការងារ។ បើធ្វើបានជោគជ័យនឹងក្លាយជាមូលដ្ឋានគ្រឹះដ៏រឹងមាំសម្រាប់ដំណើរទៅច្រើនឆ្នាំខាងមុខ។

* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា មិនបោះបង់ទេកិច្ចសហប្រតិបត្តិការជាមួយប្រទេសជាមិត្តដៃគូអភិវឌ្ឍន៍ តែកម្ពុជាចង់ប្រែក្លាយសមត្ថភាពទៅ ដកដង្ហើមដោយខ្លួនឯង។ ក្នុងនោះកម្ពុជា ចង់ក្លាយទៅជាប្រទេសមានសមត្ថភាពអាចធ្វើផ្លូវល្បឿនលឿន ធ្វើស្ពានដោយខ្លួនឯងទាំងលុយ និងអ្នកសាងសង់។

* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ ត្រូវបន្តការយកចិត្តទុកដាក់ខ្ពស់ ក្នុងការពង្រឹងការគ្រប់គ្រង និង ការអភិរក្ស ដីស អំបិល (ខេត្តកំពត-កែប) ដែលជាកេរដំណែលពីដូនតា និង ជំរុញការផលិតអំបិលដែលរាជរដ្ឋាភិបាលចាត់ទុកជាទំនិញយុទ្ធសាស្ត្រ ឱ្យដើរព្រមគ្នានឹងវិធានការដោះស្រាយបញ្ហាដីស្រែអំបិល ដែលមិនមានសក្តានុពល ។

* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ បន្តចូលរួមកាន់តែសកម្មក្នុងការងារកែទម្រង់របស់រាជរដ្ឋាភិបាល ជាពិសេស រដ្ឋភិបាលឌីជីថល, ការអភិវឌ្ឍធនធានមនុស្ស និងការលើកកម្ពស់សមត្ថភាពស្ថាប័ន ដោយឈរ លើគោលការណ៍គុណាធិបតេយ្យ តាមរយៈការជំរុញការផ្តល់សេវាសាធារណៈតាមថ្នាលបច្ចេកវិទ្យាព័ត៌មាន និង តាមយន្តការច្រកចេញ-ចូលតែមួយ, ទាំងនៅក្រសួង និង មន្ទីរ រាជធានី-ខេត្ត សំដៅកែលម្អការផ្តល់សេវាសាធារណៈជូនធុរជន និងប្រជាពលរដ្ឋ ឱ្យកាន់តែមានប្រសិទ្ធភាព, តម្លាភាព, គណនេយ្យភាព, និង ខិតជិតប្រជាជន ស្របតាមអភិក្រម «ធ្វើឱ្យលឿន ធ្វើឱ្យបាន និង ធ្វើឱ្យតម្លាភាព»។

* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ ពង្រឹង ការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ និង ការប្រមូលចំណូលថវិកាជាតិ ពីការផ្តល់ សេវាសាធារណៈនានាក្នុងដែនសមត្ថកិច្ចរបស់ក្រសួង ស្របតាមគោលនយោបាយ និង បទប្បញ្ញត្តិ ជាធរមាន ពិសេស យុទ្ធសាស្ត្រកៀរគរចំណូលរយៈពេលមធ្យម និង កម្មវិធីកែទម្រង់ការគ្រប់គ្រង ហិរញ្ញវត្ថុសាធារណៈ។

* សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ចប់ការថ្លែងសុន្ទរកថានៅវេលាម៉ោង ៤៖៤០នាទីនាល្ងាចថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៤៕