Alynana Media Cambodia
Icon Collap
clinic narit

អង់គ្លេស ផ្តល់មូលនិធិបន្ថែម ចំនួន៣.៨លានដុល្លារ សម្រាប់ការបោសសម្អាតមីននៅកម្ពុជា

Media LNN | Feb 22, 2024
អង់គ្លេស ផ្តល់មូលនិធិបន្ថែម ចំនួន៣.៨លានដុល្លារ សម្រាប់ការបោសសម្អាតមីននៅកម្ពុជា
Clinic narith

(ភ្នំពេញ)៖ រដ្ឋាភិបាលចក្រភពអង់គ្លេស នៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៤នេះ បានប្រកាសផ្តល់មូលនិធិថ្មី សម្រាប់អង្គការនាំមុខគេ របស់ចក្រភពអង់គ្លេសគឺ អង្គការ Mines Advisory Group (MAG) និង The HALO Trust (HALO) ដើម្បីជួយបោសសម្អាតមីន និងអប់រំសហគមន៍អំពីហានិភ័យ ដែលពាក់ព័ន្ធនៅក្នុងប្រទេសចំនួន៨ មានដូចជា អង់ហ្គោឡា កម្ពុជា អេត្យូពី ឡាវ មីយ៉ាន់ម៉ា សូម៉ាលី ស៊ូដង់ខាងត្បូង និងហ្ស៊ីមបាវ៉េ។

មូលនិធិថ្មីនេះ ត្រូវបានផ្តល់បន្ទាប់ពីមូលនិធិ ដែលបានប្រកាសកាលពីឆ្នាំមុន សម្រាប់គម្រោងនៅអ៊ុយក្រែន និងអាហ្វហ្គានីស្ថាន ហើយនឹងគាំទ្រមនុស្សជាង ៥០,០០០នាក់ នៅទូទាំង១០ប្រទេស។

អង្គការ MAG និង The HALO Trust រំពឹងថា ផ្ទៃដីជិត១៧លានម៉ែត្រការ៉េ នឹងត្រូវបានដោះលែងពីមីន នៅក្នុងប្រទេសទាំង១០ ដោយការផ្តល់មូលនិធិរបស់ចក្រភពអង់គ្លេស។ ការរំដោះដីសម្រាប់កសិកម្ម លំនៅឋាន និងសេវាកម្មសង្គមមូលដ្ឋាន ដូចជា សាលារៀន មន្ទីរពេទ្យ ទឹកស្អាត អនាម័យ គាំទ្រ និងជំរុញការអភិវឌ្ឍន៍សេដ្ឋកិច្ច ក្នុងសហគមន៍ជុំវិញពិភពលោក ស្តារជីវភាពរស់នៅនៅតំបន់ជនបទ និងតំបន់ដែលខ្វះខាត ព្រមទាំងពង្រឹងផលិតកម្មក្នុងស្រុក និង សន្តិសុខស្បៀងអាហារ។

ផលដែលទទួលបានពីអង្គការ MAG និង HALO នឹងបានទៅដល់មនុស្សជាងកន្លះលាននាក់ ជាមួយនឹងវគ្គអប់រំដោយ ផ្ទាល់អំពីហានិភ័យនៃគ្រាប់រំសេវផ្ទុះ ដោយរំពឹងថា នឹងមានការចូលរួមពីមនុស្សជាង ៣៤,០០០នាក់ ដែលនឹងធ្វើឲ្យការយល់ដឹងអំពីហានិភ័យ និងសុវត្ថិភាពសហគមន៍ នៅទូទាំងប្រទេសមានការប្រសើរឡើងខ្លាំងជាងមុន។

លោក Dominic Williams ឯកអគ្គរាជទូតអង់គ្លេសប្រចាំកម្ពុជា បានថ្លែងថា «ខ្ញុំរីករាយដែលចក្រភពអង់គ្លេស នឹងផ្តល់មូលនិធិបន្ថែមចំនួន៣.៨លានដុល្លារអាមេរិក នៅពីក្រោយគោលដៅរបស់រដ្ឋាភិបាលកម្ពុជា សម្រាប់ប្រទេសកម្ពុជាគ្មានមីននៅឆ្នាំ២០២៥។ រដ្ឋាភិបាលចក្រភពអង់គ្លេស និងអង្គការមនុស្សធម៌របស់ចក្រភពអង់គ្លេស HALO Trust និង MAG គឺជាដៃគូដែលស្ថិតក្នុងចំណោមដៃគូឈរជើងយូរ អង្វែងបំផុតរបស់កម្ពុជាក្នុងប្រតិបត្តិការបោសសម្អាតមីន។ អស់រយៈពេលជាង៣០ឆ្នាំមកហើយ ការផ្តល់មូលនិធិរបស់ចក្រភពអង់គ្លេស បានគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងជាវីរភាព នៃអ្នកដោះមីនកម្ពុជា និងអន្តរជាតិក្នុងការបោសសម្អាតមីន សម្រាប់ការប្រើប្រាស់ដីប្រកបដោយផលិតភាព ការពារសហគមន៍ និងជួយសង្គ្រោះជីវិតបុគ្គល»។

សេចក្តីប្រកាសថ្ងៃនេះ នាំមកនូវចំនួនទឹកប្រាក់សរុប ដល់២៨លានផោន ដែលបានធ្វើឡើងតាមរយៈកិច្ចសន្យា រយៈពេលច្រើនឆ្នាំ ក្រោមការបន្តលើកទីបី នៃកម្មវិធីសកម្មភាពកម្ចាត់មីនសកល (GMAP) របស់រដ្ឋាភិបាលចក្រភពអង់គ្លេស។ GMAP បានដំណើរការតាំងពីឆ្នាំ ២០១៤ ហើយបានគាំទ្រការបោសសំអាតគ្រាប់មីនរាប់រយលានម៉ែត្រការ៉េរហូតមកដល់បច្ចុប្បន្ន។

មូលនិធិដែលបានប្រកាសនៅថ្ងៃនេះ នឹងអនុញ្ញាតឲ្យបន្តការងារ នៅក្នុងប្រទេសដែលរងផលប៉ះពាល់ ដោយសារមីនខ្លាំងបំផុតមួយចំនួន ក្នុងពិភពលោកដូចជាកម្ពុជា និងឡាវ ក៏ដូចជាប្រទេសក្រីក្របំផុត មួយចំនួនក្នុងពិភពលោកដូចជា៖ ស៊ូដង់ខាងត្បូង និងសូម៉ាលីរហូតដល់ខែមីនា ឆ្នាំ២០២៥។ មូលនិធិនេះ ក៏នឹងគាំទ្រកម្មវិធីប្រទេសថ្មី នៅក្នុងប្រទេសអេត្យូពី ដែលបច្ចុប្បន្នអង្គការ HALO គឺជាប្រតិបត្តិករដោះមីន អន្តរជាតិសកម្មតែមួយគត់។

ការផ្តល់មូលនិធិបន្តសម្រាប់ដោះមីន ក៏នឹងបង្កើតឱកាសថ្មី សម្រាប់ស្ត្រីនៅក្នុងប្រទេសដូចជា អង់ហ្គោឡា កម្ពុជា និងឡាវ តាមរយៈការបង្កើនការងារ និងការអភិវឌ្ឍន៍អាជីពក្នុងការដោះមីន ជាមួយនឹងការវិនិយោគជាបន្តបន្ទាប់ ក្នុងការបណ្តុះបណ្តាលបុគ្គលិក។

លោក Darren Cormack នាយកប្រតិបត្តិនៃអង្គការ MAG បានថ្លែងថា «យើងពិតជាមានអំណរគុណយ៉ាងក្រៃលែងចំពោះការផ្តល់មូលនិធិ និងការគាំទ្រដ៏យូរអង្វែងពីរដ្ឋាភិបាលចក្រ ភពអង់គ្លេស ហើយមានសេចក្តីសោមនស្សរីករាយដែលបានធ្វើជាដៃគូជាមួយអង្គការ HALO Trust ដើម្បីបន្តការងាររបស់យើងនៅក្នុងប្រទេសមួយចំនួនដែលរងផលប៉ះពាល់ដោយសារមីនខ្លាំងបំផុត របស់ពិភពលោក»។

លោកបន្ដថា «ខណៈដែលការងារប្រតិបត្តិការសម្អាតគ្រាប់មីននៅសេសសល់ច្រើន នៅក្នុងបរិយាកាសជម្លោះកំពុងតែកើតមាន នៅតាមបណ្តាប្រទេសនានា មូលនិធិនេះនឹងផ្តល់ជំនួយយ៉ាងសំខាន់ ដល់ប្រទេសជាច្រើន ដែលកំពុងដោះស្រាយពីផលអាក្រក់បន្សល់ទុកពីជម្លោះ ហើយនៅតែបន្តឆក់យកជីវិតមនុស្ស អស់រយៈពេលយូរបន្ទាប់ទៀត ក្រោយពីការប្រយុទ្ធបានបញ្ចប់។ នេះជាជំហានដ៏សំខាន់មួយ ឆ្ពោះទៅរកពិភពគ្មានគ្រាប់មីន»។

លោក James Cowan នាយកប្រតិបត្តិនៃអង្គការ HALO Trust បានថ្លែងថា «សេចក្តីប្រកាសផ្តល់មូលនិធិនេះ ធ្វើឡើងស្របពេលដែលអង្គការ HALO Trust ប្រារព្ធពិធីបោសសម្អាតមីន នៅតាមចំការមីន ចំនួន ៥,០០០កន្លែង នៅក្នុងប្រទេសកម្ពុជា, ចំការមីនចំនួន ១,០០០ កន្លែងនៅក្នុងប្រទេសអងហ្គោឡា និងគ្រាប់មីនចំនួន ២ លានគ្រាប់នៅទូទាំងពិភពលោក។ ព្រឹត្តិការណ៍សំខាន់ៗទាំងនេះ នឹងមិនអាចដំណើរការ ទៅរួចទេ បើគ្មានការគាំទ្រពីម្ចាស់ជំនួយរបស់យើង។ ការប្តេជ្ញាចិត្តប្រកបដោយនិរន្តរភាពរបស់រដ្ឋាភិបាលចក្រភពអង់គ្លេស និងភាពសប្បុរសរបស់ប្រជាជនអង់គ្លេសបានដើរតួនាទីយ៉ាងសំខាន់»។

លោក James Cowan បានបន្ដទៀតថា «យើងនឹងបន្តការងារសង្គ្រោះជីវិតរបស់យើងជាមួយ អង្គការ MAG និងដៃគូផ្សេងទៀត នៅក្នុងវិស័យនេះរហូត ដល់ចំការមីន ចុងក្រោយត្រូវបានបោសសម្អាត ហើយគ្រាប់មីនចុងក្រោយត្រូវបានកម្ទេចចោល»៕