Alynana Media Cambodia
Icon Collap
clinic narit

អ្នកជំនាញបង្ហាញកត្តាប្រឈមធំៗ៣ ដែលធ្វើអោយតម្លៃស្វាយចន្ទីសើមនៅឆ្នាំនេះថោកជាងឆ្នាំមុន

Media LNN | Feb 23, 2024
អ្នកជំនាញបង្ហាញកត្តាប្រឈមធំៗ៣ ដែលធ្វើអោយតម្លៃស្វាយចន្ទីសើមនៅឆ្នាំនេះថោកជាងឆ្នាំមុន
Clinic narith

គ្រាប់ស្វាយចន្ទីសើមនៅដើមឆ្នាំ២០២៤នេះ ត្រូវបានគេសង្កេតឃើញថា ហាក់មានតម្លៃទាបជាងដើមឆ្នាំ២០២៣។ អ្នកជំនាញអះអាងថា ការធ្លាក់ថ្លៃគ្រាប់ស្វាយចន្ទីសើមនៅដើមឆ្នាំនេះ គឺបណ្ដាលមកពីកត្តាប្រឈមធំៗចំនួន៣ ដែលពាក់ព័ន្ធនឹងអាកាសធាតុ វិបត្តិសកល និងសហគ្រាសក្នុងស្រុកពុំទាន់មានថវិកាគ្រប់គ្រាន់ក្នុងការបង្វិលទិញគ្រាប់ស្វាយចន្ទី ដើម្បីស្តុកទុកសម្រាប់បម្រើដល់ការកែច្នៃ។

ប្រធានសមាគមស្វាយចន្ទីកម្ពុជា លោក អួន ស៊ីឡុត ទទួលស្គាល់ថា តម្លៃគ្រាប់ស្វាយចន្ទីសើមនៅដើមឆ្នាំនេះពិតមានការធ្លាក់ចុះបន្តិចបន្តួចមែន បើធៀបនឹងឆ្នាំមុន។

ការធ្លាក់ចុះតម្លៃគ្រាប់ស្វាយចន្ទីសើមនេះត្រូវបានអ្នកជំនាញរូបនេះ អះអាងថា គឺដោយសារកត្តាអាកាសធាតុបានធ្វើឱ្យគ្រាប់ស្វាយចន្ទីធ្លាក់គុណភាព និងវិបត្តិសកល បានធ្វើឱ្យការបញ្ជាទិញគ្រាប់ស្វាយចន្ទីមានការធ្លាក់ចុះ ខណៈឈ្មួញធំនៅប្រទេសវៀតណាម កំពុងមានបញ្ហាហិរញ្ញវត្ថុ គួបផ្សំសហគ្រាសក្នុងស្រុកពុំទាន់ទទួលបានហិរញ្ញប្បទានក្នុងអត្រាការប្រាក់អនុគ្រោះទាន់ពេលវេលា ដែលជាហេតុពុំមានថវិកាទិញគ្រាប់ស្វាយចន្ទីស្តុកទុកសម្រាប់កែច្នៃ ខណៈមកទល់ពេលនេះ រោងចក្រកែច្នៃធុនមធ្យមនៅកម្ពុជា មានចំនួនតែ៣ប៉ុណ្ណោះ។

ទន្ទឹមនឹងគ្រាប់ស្វាយចន្ទីមានការធ្លាក់ចុះនេះ អ្នកជំនាញរូបនេះស្នើឱ្យកសិករដែលមានលទ្ធភាពហាលគ្រាប់ស្វាយចន្ទីទុកសិន ដ្បិតតម្លៃនឹងល្អប្រសើរឡើងវិញនាពេលខាងមុខសម្រាប់គ្រាប់ស្ងួត និងមានគុណភាព។ ទន្ទឹមនេះលោកបានសំណូមពរដល់ធនាគារឱ្យពន្លឿននីតិវិធីលើការផ្ដល់កម្ចីក្នុងអត្រាការប្រាក់អនុគ្រោះដល់សហគ្រាស ដើម្បីឱ្យពួកគេមានទុនទិញគ្រាប់ស្វាយចន្ទីយកទៅកែច្នៃទាន់សភាពការណ៍។ ​

លោក អួន ស៊ីឡុត ក៏បានសំណូមពរដល់កសិករត្រូវរៀនសូត្រ និងមានចំណេះដឹងជាមូលដ្ឋានលើវិស័យកសិកម្មក្នុងបរិបទ ដែលមានការប្រែប្រួលអាកាសធាតុ តាមរយៈការសិក្សាជាមួយសមាជិករបស់សមាគមស្វាយចន្ទីកម្ពុជា ខណៈសមាគមតែងធ្វើ​​​សិក្ខា​​សាលា​​ផ្ដល់​​នូវ​​ចំណេះ​ដឹងពាក់ព័ន្ធនឹងការថែទាំដំណាំស្វាយចន្ទីជាបន្តបន្ទាប់។

​សូមបញ្ជាក់ថា នៅពេញមួយឆ្នាំ២០២៣ ការនាំចេញគ្រាប់ស្វាយចន្ទីររបស់កម្ពុជា សម្រេចបានជាង ៦៥ម៉ឺន៦ពាន់តោន ថយចុះជាង៧% គិតជាប្រាក់មានទំហំជាង៨០០លានដុល្លារ ថយចុះជិត១៧% បើធៀបនឹងឆ្នាំ២០២២។ នេះបើតាមទិន្ន័យពីសមាគម​ស្វាយចន្ទីកម្ពុជា៕