Alynana Media Cambodia
Icon Collap
clinic narit

ព្រះមហាក្សត្រ និងព្រះមហាក្សត្រី ស្តេចយាងទៅពិនិត្យព្រះរាជសុខភាព នៅប្រទេសចិន

Media LNN | Feb 26, 2024
ព្រះមហាក្សត្រ និងព្រះមហាក្សត្រី ស្តេចយាងទៅពិនិត្យព្រះរាជសុខភាព នៅប្រទេសចិន
Clinic narith

(ភ្នំពេញ)៖ ព្រឹកថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៤នេះ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សព្វព្រះរាជហឫទ័យ បាន​ស្តេច​យាងចាកចេញពីព្រះរាជាណាចក្រកម្ពុជាទៅកាន់រដ្ឋធានីប៉េកាំង ប្រទេសចិន ដើម្បី ពិនិត្យ​ព្រះរាជ​សុខ​ភាពរបស់ព្រះអង្គ។

ដោយការគិតគូរខ្ពស់ ចំពោះព្រះរាជសុខភាពព្រះករុណា ព្រះមហាក្សត្រ និងសម្តេចព្រះ​វរ​រាជ​មាតាជាតិខ្មែរ ថ្នាក់ដឹកនាំចិនបានរៀបចំក្រុមគ្រូពេទ្យជំនាញ ថ្វាយការ ពិនិត្យព្រះរាជសុ​ខ​ភាព​ថ្វាយ ព្រះករុណា ព្រះមហាក្សត្រ និងសម្តេចព្រះវររាជមាតាជាតិខ្មែរយ៉ាង ទៀង ទាត់បំផុត គឺក្នុង​មួយ​ឆ្នាំ២ដង ។ ការថ្វាយការពិនិត្យព្រះរាជសុខភាពថ្វាយព្រះមហាក្សត្រ និង សម្តេច ព្រះវររាជ​មាតា​ជាតិ​ខ្មែរ ត្រូវបានធ្វើ តាំង ពីពេលសម្តេចព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ គង់នៅ មានព្រះជន្ម ហើយក៏បានធ្វើរហូតដល់ ពេល បច្ចុប្បន្ន។

ព្រះករុណា​ជាអម្ចាស់ជីវិតតម្កល់លើត្បូង និងសម្តេចព្រះវររាជមាតាជាតិ តែងសព្វ​ព្រះរា​ជហឫទ័​យ​ស្តេច យាងទៅពិនិត្យព្រះរាជសុខភាពនៅប្រទេសចិន មួយលើកនៅដើមឆ្នាំ និងមួយ​លើក​ទៀត​នៅ​ចុងឆ្នាំ។ កំឡុងពេលគង់ប្រថាប់ក្នុងព្រះរាជដំណាក់ដ៏ល្អវិចិត្ររៀបចំថ្វាយដោយថ្នាក់ដឹកនាំចិននោះ ព្រះករុណា ព្រះមហាក្សត្រ និងសម្តេចព្រះវររាជមាតាជាតិខ្មែរ ទទួលបានការរៀប​ចំ​ថ្វាយ​នូវ​ការ​ថែ​ទាំ​យ៉ាង​យកចិត្តទុក ដាក់ ខ្ពស់ បំផុតពីថ្នាក់ដឹកនាំជាន់ខ្ពស់របស់ចិន។ ក្នុងព្រះរាជ​ដំណើរ​ពិនិ​ត្យ​ព្រះរាជ​សុខ​ភាពនេះ ព្រះករុណា ព្រះមហាក្សត្រ និងសម្តេចព្រះវររាជមាតាជាតិ សព្វព្រះរាជ​ហឫទ័យ​គង់​ប្រថាប់រង្វង់ពីមួយខែ ឬពីរ ខែជាដើម។

កំឡុងពេល​ព្រះករុណាជាអម្ចាស់ជីវិតតម្កល់លើត្បូងយាងពិនិត្យព្រះរាជសុខភាពនៅប្រទេសចិន ព្រះរាជកិច្ចរបស់ព្រះអង្គ នឹងប្រគល់ជូនសម្តេចវិបុលសេនាភក្តី សាយ ឈុំ ជាប្រមុខរដ្ឋស្តីទី។

វត្ត​មាន​យាង​ និង​អញ្ជើញ​ថ្វាយ​ព្រះរាជវត្ត​មាន​ព្រះអង្គ​ទាំង​ទ្វេ​ចាក​ចេញ​ពី​អាកាស​យានដ្ឋាន​អន្តរ​ជាតិ​ភ្នំពេញ មានសម្តេចវិបុល​សេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា សម្តេចមហា​រដ្ឋសភា​ធិការ​បតី ឃួន សុដារី ប្រធានរដ្ឋសភា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជា​ណា​ចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ព្រមទាំងវត្តមាន សម្តេចអគ្គ​មហាសេនា​បតីតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានកិត្តិយសឧត្តមក្រុមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ សម្តេចឧត្តម​ក្រុមប្រឹក្សា​ផ្ទាល់​ព្រះមហាក្សត្រ មន្ត្រីព្រះបរមរាជវាំង រាជវង្សានុវង្ស និងមន្ត្រី​ក្នុង​ជួរ​រាជ​រដ្ឋាភិបាលមួយចំនួនទៀត៕